លោក យូរី ហ្គាហ្គារីន អវកាសយានិករុស្ស៊ីដំបូងដែលហោះទៅកាន់តារាវិថី

លោកយូរី ហ្គាហ្គារីន កើតនៅថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៣៤ និងទទួលមរណភាព​នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៦៨។ លោកគឺជាពីឡុត និងជាអវកាសយានិកសូវៀត។ លោកគឺជាមនុស្ស ដំបូងគេដែលបានធ្វើដំណើរក្នុងទីអវកាសនៅអំឡុងបេសកកម្ម វ៉ូស្តុក ១ កាលពីថ្ងៃទី១២ ខែ មេសា ឆ្នាំ១៩៦១ នៅក្នុងក្របខណ្ឌ​នៃកម្មវិធីអវកាសរបស់សូវៀត។

បេសកកម្ម វ៉ូស្តុក ១ គឺជាដំណើរទៅទីអវកាសតែមួយរបស់លោក។ លោកបានទទួល មរណភាព​​នៅអាយុ ៣៤ឆ្នាំ នៅអំឡុងពេលវឹកហាត់ទ័ពអាកាសនៅពេលបញ្ជាយន្តហោះ Mig-15 របស់លោក។

លោកយូរី អាឡិចសីអ៊ីអេវីច ហ្គាហ្គារីន កើតនៅទីក្រុង គ្លូជីណូ នៅក្នុងខេត្តស្ម៉ូឡេន នៅ ភាគ​ខាង​លិចប្រទេសរុស្ស៊ី។ ឪពុករបស់លោកយូរី ហ្គាហ្គារីន លោកអាឡិច អ៊ីវ៉ូណូវិច ហ្គាហ្គារីន គឺ​ជា​ជាងឈើ។ ម្តាយរបស់លោក  គឺលោកស្រីអាណា ទីម៉ូហ្វេអេវនា ម៉ាតវ៉េវ៉ា មាន​ប្រភព​ពី​គ្រួសារ​វិស្វករនៅឡេនីនហ្គ្រាដ សព្វថ្ងៃគឺជាទីក្រុង សាំង ពេតឺស្បួ រដ្ឋធានី​វប្បធម៌​នៃ​ប្រទេស​រុស្ស៊ី។

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៥៩ ដំណើរការជ្រើសរើសអវកាសយានិកដំបូងៗ​នៃកម្មវិធី​អវកាស​​សូវៀត ត្រូវចាប់ផ្តើម។ មន្រ្តីទទួលខុសត្រូវ បានសម្រេចចិត្តជ្រើសរើសបេក្ខភាព​ពីក្នុង​ចំណោម​ពីឡុតបើកយន្តហោះយោធា ដោយសារ​តែ​ពួកគេ​មានទម្លាប់​ទទួលរងសន្ទុះល្បឿន​ដ៏​ខ្លាំង​​រួចហើយ ឬអាចនឹងលោតឆត្រ។

ដើម្បីអាចនៅចុះនៅក្នុងបន្ទប់យានអវកាស បេក្ខជនជ្រើសរើសមិនត្រូវមានកម្ពស់លើសពី ១,៧៥មឡើយ និងមានទម្ងន់មិនលើសពី ៧០ គក។ លោកយូរី ហ្គាហ្គារីន ដែលមានកម្ពស់ ១,៥៨ ម គឺឆ្លើយតបនឹងលក្ខខណ្ឌនេះ។  បន្ទាប់ពីជម្រើសនៅលើសំណុំឯកសារដំបូង ដែល​​ផ្អែក​លើលក្ខណខណ្ឌរូបរាងនេះ មានការសម្ភាសន៍ជាច្រើន។ ក្នុង​ចំណោមមនុស្ស ៣០០០នាក់ លោកយូរី ហ្គាហ្គារីន ត្រូវបានគេជ្រើសរើស។

លោកយូរី ហ្គាហ្គារីន មិនត្រូវនិយាយប្រាប់នរណាទេ រួមទាំងភរិយារបស់លោកផង ដែលជា​តម្រូវការរបស់កម្មវិធី។

ពីរថ្ងៃមុនការហោះឡើង លោកយូរី ហ្គាហ្គារីន បានសរសេរសំបុត្រមួយទៅ​កាន់ភរិយារបស់​លោក​​ដោយប្រាប់អំពីការបរាជ័យ​ដែលអាច​មាន​នៅពេលហោះហើរ។ នៅជំនាន់នោះ សំណាង​​​នៃការទទួលជោគជ័យ គឺវាយតម្លៃថា មាន ៥០%។ ការហោះឡើងរបស់យាន វ៉ូស្តុក ១ ដែលត្រូវនាំមនុស្សដំបូងទៅកាន់ទីអវិកាស គឺត្រូវហោះចេញពីកន្លែងបង្ហោះយានអវកាស បៃអ៊ីកូណួរ នៅប្រទេសកាហ្សាដ្ឋានសព្វថ្ងៃ ដែលត្រូវបានប្រើប្រាស់​តាំងពីការចាប់ផ្តើមនៃយុគ​សម័យ​អវកាសរបស់សហភាពសូវៀត។

បន្ទាប់ពីការហោះហើរទៅទីអវកាស វរសេនីយ៍ឯក ហ្គាហ្គារីន ត្រូវតម្លើងសក្តិជាមេបញ្ជាការ។ លោក​ទទួលបានឋានៈជាវរជននៃសហភាពសូវៀត និងមេដាយថ្នាក់លេនីន ដែលជាគ្រឿង​ឥស្សរិយស​ដ៏ខ្ពង់ខ្ពស់បំផុតនៃសហភាពសូវៀត។ លោកក៏ត្រូវបានតែងតាំង​ជាសមាជិក​កិត្តិយស​​នៃ​រដ្ឋបណ្ឌិតសភាអន្តរជាតិនៃអវកាសផងដែរនៅឆ្នាំ១៩៦៦។

នៅក្នុងប្រទេសរបស់លោក ឈ្មោះរបស់លោកត្រូវបានផ្តល់កិត្តិយសដាក់នៅកន្លែងជាច្រើន មាន​ទាំង​វិទ្យាស្ថាន និងពានរង្វាន់ផងដែរ ដូចជាទីក្រុង ជីចាត ត្រូវប្តូរឈ្មោះទៅជា ហ្គាហ្គារីន នៅឆ្នាំ១៩៦៨។ បូជនីយដ្ឋានរំឭកដល់រូបលោកក៏មាននៅទីលានក្រុងមូស្គូ​ និងនៅ​សារមន្ទីរដ៏​ធំ​បំផុត​ផ្នែកអវកាស និងលំហ របស់រុស្ស៊ី នៅទីក្រុងម៉ូនីណូ។ មាត់ភ្នំភ្លើង ហ្គាហ្គារីន គឺជា​មាត់​ភ្នំ​ភ្លើង​ដ៏ធំបំផុតនៅឋានព្រះចន្ទ ដែលមានអង្កត់ផ្ចិត ២៦៥ គីឡូម៉ែត្រ ដែលស្ថិតនៅមុខងងឹត និង​អាចម៍ផ្កាយលេខ ១៧៧២ ក៏ដូរទៅជាឈ្មោះលោកដែរ។

 

Daily Program

Livesteam thumbnail