App ថ្មីសម្រាប់យុវជនមធ្យមសិក្សាត្រៀមប្រឡងសញ្ញាប័ត្រ

Application ថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

Application ថ្មីរបស់ក្រសួងអប់រំ យុវជន​ និងកីឡា ដែលសហការជាមួយនិងសហភាពសហព័ន្ធកម្ពុជា បង្កើតនូវ MoEYS E-Learning App គឺជាកម្មវិធីស្វ័យសិក្សា ដែលផ្តល់ជូនដល់សិស្សានុសិស្ស គ្រប់កម្រិតក្នុងថ្នាក់មធ្យមសិក្សា ហើយចំពោះApp នេះបានដាក់ដំណើរការជាផ្លូវការ តាំងពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២១។

ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកAppថ្មីមួយនេះ ជាឧបករណ៍ជំរុញបន្ថែមការសិក្សា អប់រំ ពីចម្ងាយសម្រាប់សិស្សគ្រប់កម្រិតនៅក្នុងបរិបទជំងឺកូវីដ១៩។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ៖«ក្រសួងអប់រំ យុវជន និងកីឡា យល់ច្បាស់ពីស្ថានការដែលកំពុងតែកើតឡើងក្នុងពិភពលោក ក៏ដូចជាកម្ពុជាដែលជាស្ថានការមួយដ៏លំបាក ជាពិសេសអ្នកសិក្សា បុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់កំពុងតែប្រឈមមុខដោះស្រាយស្ថានការកូវីដ១៩។ ដើម្បីឆ្លើយតបនឹងការងារនេះ ក្រសួងអប់រំ យុវជន និងកីឡា បន្តកិច្ចសហការជាមួយដៃគូរពាក់ព័ន្ធនៅក្នុងការងារនេះ ហើយក្រសួងបន្តសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្រសួងបានប្រកាសជាផ្លូវការដាក់ឱ្យប្រើប្រាស់នូវកម្មវិធី ស្វ័យសិក្សាពីចម្ងាយ ជាកម្មវិធីអនុញ្ញាត្តឱ្យសិស្សរៀនអនឡាញ នៅក្នុងទូរស័ព្ទដៃឆ្លាតវៃរបស់គាត់»។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា ក្នុងកាលៈទេសៈលំបាកនេះ ក្រសួងអប់រំ យុជន និងកីឡា បន្តជំរុញបន្ថែមដល់សិស្សានុសិស្សគ្រប់កម្រិតសិក្សា ចាប់ពីថ្នាក់ទីមួយ ដល់ទី១២ បន្តសិក្សារៀនសូត្របន្ថែម នៅកន្លែងដែលមានសុវត្ថិភាព និងបន្តរៀនតាមគ្រប់មធ្យោបាយដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញកន្លងមក ដើម្បីទាំងអស់គ្នាឆ្លងផុតស្ថានការលំបាកនេះ។

លិខិត​របស់​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​នៅ​ថ្ងៃទី ៥ ខែ​ឧសភា ជម្រាបជូន​ប្រធាន​មន្ទីរអប់រំ​រាជធានី ខេត្ដ ស្ដីពី​ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី​ស្វ័យសិក្សា MoEYS E-Learning App បាន​ឱ្យ​ដឹងថា ការបង្កើត​កម្មវិធី​ស្វ័យសិក្សា​នេះ​ឡើង ក៏​ដើម្បី​ឱ្យ​កម្មវិធីសិក្សា​របស់​កម្ពុជា ដើរ​ទាន់​បរិបទ​ឧស្សាហកម្ម ៤.០ និង​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ ដែល​កំពុង​រីករាលដាល​នៅក្នុង​ប្រទេស​កម្ពុជា​ និង​សកលលោក។

លោក​រដ្ឋមន្ដ្រី​បាន​ថ្លែងថា៖ «ខ្ញុំ​សូម​ជម្រាបជូន​លោក លោកស្រី ប្រធាន ជ្រាបថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ផលិត​កម្មវិធី​ទូរស័ព្ទដៃ​ឆ្លាតវៃ​មាន​ឈ្មោះថា កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning។ កម្មវិធី​ស្វ័យ​សិក្សា​នេះ​ត្រូវ​បាន​បង្កើតឡើង​ស្របតាម​ចក្ខុវិស័យ​របស់​ក្រសួង​អប់រំ និង​បរិបទ​ឧស្សាហកម្ម ៤.០ ក៏ដូចជា​ការឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩ ដែល​កំពុង​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា និង​សកលលោក»។

បើតាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​អប់រំ កម្មវិធី​ស្វ័យ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​មាន​វីដេអូ​សិក្សា​ពី​ថ្នាក់​ទី ១ ដល់ ថ្នាក់​ទី ១២ សៀវភៅ​សិក្សា​អេឡិចត្រូនិក ដូចជា សៀវភៅ​សិក្សា​គោល សៀវភៅ​កំណែ​អំណាន​ទូទៅ ចំណេះដឹង​សកល រឿងនិទាន កម្មវិធី​តេស្ត​សមត្ថភាព​សិស្ស និង​ទំព័រ​ព័ត៌មាន​អប់រំ។

ក្រសួង​អប់រំ​ ដាក់​ដំណើរការ​កម្មវិធី​នេះ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ ដែល​សិស្សានុសិស្ស អ្នកអាណាព្យាបាល​សិស្ស គ្រូបង្រៀន និង​សាធារណជន​ទូទៅ​អាច​ទាញយក​កម្មវិធី​ស្វ័យសិក្សា​នេះ​នៅលើ Play Store App Store និង App Gallery ឬ តាមរយៈ​តំណ http://onelink.to/moeysapp ដើម្បី​យកមក​ប្រើប្រាស់។

កម្មវិធីសិក្សាពីចម្ងាយថ្មីនេះ ជាការជំរុញការសិក្សារបស់សិស្សានុសិស្សពីចម្ងាយក្នុងបរិបទនៃជំងឺកូវីដ១៩។ តាមរយៈAppថ្មីនេះ សិស្សានុសិស្សអាចចូលទៅដោនឡូតបាន។ សិស្សានុសិស្សរបស់យើងអាចធ្វើការស្វ័យសិក្សាពីចម្ងាយតាមរយៈApp ថ្មីនេះគឺជាស្នាដៃ បង្កើតឡើងដោយខ្មែរ ហើយបច្ចេកវិទ្យាដែលតំឡើងថ្មីនេះ គឺជាបច្ចេកវិទ្យាចុងក្រោយ។ រចនាបថនៃApp ថ្មីនេះ ធ្វើឡើងតាមរបៀបរចនាបថខ្មែរ និងងាយស្រួលក្នុងការចូលទៅមើល សិក្សា រៀនសូត្រទៅតាម មាតិការនីមួយៗដែលបានរៀប៕

Daily Program

Livesteam thumbnail