យុវជន ហ៊ុយ ម៉េងទៀង៖ សង្គមត្រូវការកម្លាំងយុវជននៅពេលនេះ
ដៃកាន់ដបអាល់កុលតូចៗ នៅមុខវត្តមួយក្នុងរាជធានីភ្នំពេញ យុវជន ហ៊ុយ ម៉េងទៀត មានស្រុកកំណើតនៅខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់អាស្រ័យក្នុងវត្តមួយ ក្នុងរាជធានីភ្នំពេញ ជានិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យច្បាប់ កាលពីពេលថ្មីៗនេះ។
យុវជនមាឌធំល្មម សក់រួញបន្តិចរូបនេះនិយាយថា ក្នុងរយៈកាលប៉ុន្មានខែមកនេះ តាំងពីមានជំងឺរាតត្បាតសកល ខ្លួនតែងតែឈ្លៀតជួយព្រះសង្ឃធ្វើកិច្ចការសង្គម ក្រោយទំនេរពីការងារ។
ក្រៅពីការងារ យុវជន ហ៊ុយ ម៉េងទៀង មិនបានបណ្តែតបណ្តោយពេលទំនេរ ចោលឥតប្រយោជន៍នោះទេ យុវជនរូបនេះតែងឆ្លៀតចូលរួមធ្វើការងារក្នុងសហគមន៍ ដូចជា ការងារជំរុញវិស័យកីឡា និងការថតរូបជាដើម។ មួយវិញទៀតយុវជនរូបនេះ ក៏តែងស្មោះចិត្តរាល់ការងារចុះអប់រំផ្សព្វផ្សាយក្នុងសហគមន៍ផងដែរ ដោយថ្មីៗនេះ ហ៊ុយ ម៉េងទៀង បានក្លាយជាអ្នកថតរូបបែបសិល្បៈ ក្រោយបណ្តុះបណ្តាលពីសមាគមន៍អ្នកថតរូបនៅកម្ពុជា។
យុវជន ហ៊ុយ ម៉េងទៀង បន្តថា ខ្លួនសប្បាយចិត្តនិងមានមោទនភាព ដែលបានក្លាយជាចំណែកមួយជួយអភិវឌ្ឍន៍ក្នុងសហគមន៍។
យ៉ាងណាយុវជនរូបនេះ សង្កេតឃើញថា យុវជនក្នុងសហគមន៍ហាក់ពុំសូវចូលរួមក្នុងកិច្ចការទាក់ទងសង្គមឡើយ ដោយយុវជនខ្លះគិតថាមិនបានទទួលផលប្រយោជន៍មកវិញ ខ្លះគិតតែការងាររបស់ខ្លួន និងខ្លះទុកពេលចោលឥតប្រយោជន៍។
យុវជន ហ៊ុយ ម៉េងទៀង មានចក្ខុវិស័យថា ការអភិវឌ្ឍន៍ក្នុងសហគមន៍ដាច់ខាតត្រូវទាមទារឱ្យមានការសហការចូលរួមពីយុវជន និងត្រូវការការលើកឡើងពីកង្វល់ដើម្បីឈានទៅរកដំណោះស្រាយរួម។
ចុងក្រោយយុវជន ហ៊ុយ ម៉េងទៀង សូមអំពាវនាវដល់យុវជនក្នុងសហគមន៍ទាំងអស់ គម្បីលះបង់ពេលវេលា និងចេះរៃអង្គាសថវិកាក្នុងការកសាងអ្វីមួយក្នុងភូមិឃុំកុំរង់ចាំតែអាជ្ញាធរ កុំប្រកាន់បក្សពួកនិន្នាការនយោបាយដែលជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍ក្នុងសហគមន៍៕