យុវជនចូលរួមជាមួយអាជ្ញាធរ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្រោយការបិទខ្ទប់

ស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ និងការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្តាល ពិតណាស់បានប៉ះពាល់ដល់ជីវភាព ប្រជាពលរដ្ឋ ហើយពលរដ្ឋមួយចំនួនធំ បានជួបការលំបាក ដូច្នេះរាជរដ្ឋាភិបាលបានបង្កើតឡើងនូវកម្មវិធីជំនួយសង្គមថ្មី ដើម្បីជួយឧបត្ថម្ភទៅដល់គ្រួសារក្រីក្រ ឬជួបការលំបាក ក្រោយការបិទខ្ទប់។

ក្នុងកំឡុងពេលបិទខ្ទប់នេះ យុវជនយើងក៏បានចូលរួមចំណែក នៅក្នុងការបំពេញការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ។ ក្នុងបរិបទនេះ ក្រៅពីទំនេរពីការងារ ការសិក្សារៀនសូត្រ យុវជនមួយចំនួន បានចូលរួមស្មគ្រ័ទៅនឹងការបំពេញការងារផ្សេងៗ។

នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ យុវជនជាច្រើនក្រុម បានស្មគ្រ័ចិត្តជាមួយអាជ្ញាធរ ដើម្បីចុះទៅដល់លំនៅដ្ឋាន ប្រជាពលរដ្ឋ ធ្វើការស្រង់ស្ថិតិ និងធ្វើការសម្ភាសន៍កំណត់អត្តសញ្ញាណ ដើម្បីពួកគាត់ទទួលបានផលនៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។

លោក ខេម សុជា បានចូលរួមស្មគ្រ័ចិត្តច្រើន បានចូលខ្លួនសម្របសម្រួលនៅក្នុងទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងចូលរួមក្នុងការងារកំណត់អត្តសញ្ញាណ​ សម្រាប់កម្មវិធីថ្មីនេះ បានលើកឡើងថា លោកពេញចិត្តនៅក្នុងការបំពេញការងារនេះ ដើម្បីជួយប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងសម្រាប់ប្រទេសក្នុងកំឡុងពេល ជួបការលំបាក និងការឆ្លងការរាលដាលនៃជំងឺកូវីដ១៩នេះ។

លោក ខេម សុជា បានបញ្ជាក់ថា ៖«មុននឹងពួកខ្ញុំចុះសម្ភាន៍ប្រជាពលរដ្ឋក្នុងកំឡុងពេលបិទខ្ទប់នេះ ពួកខ្ញុំបានឆ្លងកាត់ការរៀន ពីខណ្ឌ។ ក្នុងការរៀននេះ គឺការស្មគ្រ័ចិត្តពីយុវជនទាំងអស់ ដោយគ្មានប្រាក់ខែ ឬប្រាក់អ្វីទាំងអស់»។

រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបចំនួន ៣២២,៨១ លានដុល្លារអាមេរិកទៅដល់គ្រួ​សារក្រីក្រ និងងាយរងគ្រោះ​ចំនួន ៦៩៣ ៩៣៣គ្រួសារ ឬស្មើនឹងសមាជិកចំនួន ២ ៧៥០ ៥០១ នាក់ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុ​ទ្ធ​នឹង​ជំងឺកូវីដ-១៩ចាប់​ពីថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២១។

នៅក្នុង​សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​០៤ ខែមិថុនា ពីលទ្ធផល​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារសង្គមកាល​ពីថ្ងៃទី០១ កន្លងមកនេះ ដែលដឹកនាំដោយ​អគ្គបណ្ឌិ​តស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បាន​ឱ្យ​ដឹងថា គ្រួសារក្រីក្រ និងងាយរងគ្រោះដែលបានមកផ្ទៀងផ្ទាត់ឈ្មោះ និងទទួលប្រាក់ឧបត្ថម្ភទាំងអស់នេះ​គឺ​រួមទាំងកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង, និងគ្រសារដែលមានសមាជិកផ្ទុកមេរោគអេដស៍ផងដែរ។

បើគិតត្រឹមខែ មិថុនា ឆ្នាំ ២០២១ នេះ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវអនុវត្តបានរយៈពេលពេញ១ឆ្នាំ និងទទួលបានលទ្ធផលល្អប្រសើរ ដោយគ្រសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងទទួលបានការគាំពារ និងទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ពីរាជរដ្ឋាភិបាល។

ដើម្បីត្រៀមខ្លួនអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះក្នុងជំហានបន្ទាប់ ដោយយោងតាមបិរបទ និងស្ថានភាពជាក់ស្តែង នៃការរីករាលដាលនៃជំងឺកូវីដ-១៩, អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់ការណែនាំបន្ថែម លើការគិតគូរអំពី ជំហានដែលត្រូវអនុវត្តបន្ត ដោយផ្តោតការយកចិត្តទុកលើការរក្សាបាននូវលំនឹង ផ្នែកជីវភាពរស់នៅរបស់គ្រួសារ ក្រីក្រ និងងាយរងគ្រោះ ទាំងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងនៅពេលដែលស្ថានភាពមាន ភាពប្រសើរឡើង៕

Daily Program

Livesteam thumbnail