យុវជនខេត្តព្រៃវែងនឹងទទួលបានការបណ្ដុះបណ្ដាលផ្នែកព័ត៌មានវិទ្យា និងការរចនា (ឌីហ្សាញ)
យុវជននៅខេត្តព្រៃវែងនឹងមានឱកាសទទួលបានវគ្គបណ្ដុះបណ្ដាលស្វ័យសិក្សាតាមរយៈបច្ចេកវិទ្យាអនឡាញចំនួន១៤មុខវិជ្ជា ដែលជាជំនួយឧបត្ថម្ភរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងលោកស្រី ពីក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
ការបណ្តុះបណ្តាលនេះគឺ ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងឧហ្សាហកម្ម ៤.០។ វគ្គបណ្ដុះបណ្ដាលនេះនឹងសិក្សាទៅលើផ្នែកព័ត៌មានវិទ្យា និងការរចនាឬហៅថា ឌីហ្សាញ រយៈពេល៣ខែ។
យោងតាមសេចក្ដីប្រកាសបានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលស្វ័យសិក្សាអនឡាញនេះមានចំនួន៤មុខវិជ្ជា លើជំនាញចំនួន៣ គឺជំនាញអភិវឌ្ឍកម្មវិធីទូរស័ព្ទ ដោយផ្ដោតលើ(Mobile App) គេហទំព័រ(Web App) និងកុំព្យូទ័រ(Desktop App) ជំនាញរចនាក្រាហ្វិក និងកាត់តវីដេអូ(Graphic Design and Video Editing) និងជំនាញកុំព្យូទ័រសម្រាប់ការងាររដ្ឋបាល(Microsoft Office for Administrator)។
នៅក្នុងគេហទំព័ររបស់លោកបណ្ឌិត ងិន បាណាល់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះសម្រាប់តែយុវជនខេត្តព្រៃវែង ដែលមានអាយុ ចាប់ពី១៨ឆ្នាំ ដល់ ៣៥ឆ្នាំប៉ុណ្ណោះ។
លោកថា ៖ «រាល់មុខវិជ្ជាស្វ័យសិក្សាដែលបេក្ខជន ឬបេក្ខនារីបានជ្រើសរើសរៀនក្នុងកម្មវិធី OneSala នឹងត្រូវបញ្ចប់វគ្គនីមួយៗយ៉ាងយូររយៈពេល៣ខែ»។
សម្រាប់យុវជនខេត្តព្រៃវែងដែលមានចំណាប់អារម្មណ៍ អាចចូលទៅកាន់ទម្រង់ចុះឈ្មោះ (Google Form) តាមរយៈតំណភ្ជាប់ https://tinyurl.com/5dnrbrvs ដោយបំពេញព័ត៌មានពិតប្រាកដ ដើម្បីក្រុមការងារងាយស្រួលក្នុងការធ្វើការវាយតម្លៃ ឬទំនាក់ទំនងផ្សេងៗ៕