បេក្ខជនពីរក្រុមនឹងចូលរួមប្រកួតប្រជែង នូវការជជែកដេញដោលថ្នាក់ជាតិ
សប្តាហ៍កន្លងទៅនេះ ការប្រកួតប្រជែងជជែកដេញដោលថ្នាក់ជាតិ ទើបតែបានបញ្ចប់ការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្ន ដើម្បីបន្តចូលរួមជ្រើសរើស នៅវគ្គផ្តាច់ព្រ័ត្ន សម្រាប់ការជ្រើសរើសបានពីរក្រុមដែលទទួលបានជ័យជំនេះ គឺក្រុមសិស្សមកពីវិទ្យាល័យជាស៊ីមសាមគ្គី និងសិស្សមកពីវិទ្យាល័យទួលទំពូង ដែលជាប់នៃការជជែកដេញដោល ថ្នាក់ជាតិ ដែលនឹងត្រូវជួបគ្នាក្នុងខែតុលាឆ្នាំ២០២០នេះតែម្តង។
ជំវិញការជជែកដេញដោលថ្នាក់ជាតិក្នុងឆ្នាំនេះ រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។ សិស្សានុសិស្សចំនួនពីរក្រុម គឺសិស្សវិទ្យាល័យជាស៊ីមសាមគ្គី និងសិស្សវិទ្យាល័យទួលទំពូង និងបន្តទៅវគ្គផ្តាច់ព្រ័ត្ននៅថ្ងៃទី ២៤ ខែតុលា។
ក្រសួងអប់រំ រៀបចំនូវ ការប្រកួតជជែកដេញដោលនេះ ដើម្បីឆ្លើយតបតាមគោលនយោបាយស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា និងកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយកំណត់យកសិស្សថ្នាក់ទី១១ នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជន នៅក្នុងរាជធានីភ្នំពេញ ជាគោលដៅអតិភាព។
គោលបំណងសំខាន់នៃការជជែកដេញដោលថ្នាក់ជាតិ នេះគឺចង់អោយយុវជន ប្រើប្រាស់នូវវប្បធម៌សន្ទនា តាមរយៈការជជែកដេញដោល ក្នុងការរួមចំណែកដោះស្រាយ បញ្ហាជាតិ និងបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ។
យុវសិស្ស ឈុន សុឌីណា ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យជាស៊ីមសាមគ្គី ជាតំណាងក្រុមចូលរួមប្រកួត បានអោយដឹងថា ៖«កម្មវិធីនេះសម្រាប់នាងខ្ញុំគឺល្អ ដើម្បីពង្រឹងភាពក្លាហានរបស់ខ្ញុំ ជាពិសេសយុវជន ជំនាន់ក្រោយគឺដើម្បី ឆ្លុះបញ្ចាំងដល់ទស្សនិកជនដែលបានតាមដានការឡាយ (live) ផ្ទាល់ក្នុងផេករបស់ក្រសួងអប់រំ អោយគាត់យល់ដឹងពីប្រធានបទទាក់ទងជាមួយនឹងសង្គមជាក់ស្តែង»។
បេក្ខភាពរូបនេះ បន្តថា ការលំបាកពិតជាមានដោយសារការស្រាវជ្រាវបន្ថែម លើប្រធានបទនីមួយៗ។ ក្នុងនោះប្រធានបទខ្លះអាចស្រាវជ្រាវឃើញ និងខ្លះទៀតមិនឃើញ ដូចជាទិន្នន័យ និងបន្ថែមលើនេះទៀត អាចឈានទៅដល់ ការស្រាវជ្រាវដល់យប់ជ្រៅ។
កញ្ញា ឈុន សុឌីណា បន្ថែមថា ៖«ភាគច្រើនរូបខ្ញុំស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណែត ប្រសិនបើរកមិនឃើញក៏អាចស្រាវជ្រាវតាមរយៈសៀវភៅនៅក្នុងបណ្តាល័យ ឬក៏អាចជជែកសួរអ្នកជំនាញខ្លះដែរ»។
ការប្រកួតជជែកដេញដោលថ្នាក់ជាតិនេះ គឺជាការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះគឺពិតជាមានសារៈសំខាន់ណាស់ ធ្វើអោយយុវជនមានភាពក្លាហានកាន់តែខ្លាំង នៅការលើកឡើងនូវហេតុផល ជាសាធារណៈហើយក៏ជាចំណែកមួយជំរុញ នូវការអាន ការស្វែងរកចំណេះដឹងកាន់តែច្រើន។
ការលើកឡើងនូវហេតុផលជាច្រើនទាក់ទងនឹងប្រធានបទនីមួយៗ យុវជនជាបេក្ខភាពត្រូវ តែប្រកាន់ខ្ជាប់នូវ អំណេះអំណាងត្រឹមត្រូវ៕