ក្រុមនិស្សិតយោធាកម្ពុជា ដែលសហរដ្ឋអាមេរិក ផ្តាច់អាហារូបករណ៍ ថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា

ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិក បាន​បង្ហាញ​នូវ​ក្តី​រំភើប និងអរគុណថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង ដែលបានជួយបង់ថ្លៃ​សិក្សា​ដល់​ពេលគេទាំង៦នាក់ ដើម្បីបន្តការសិក្សាដល់ទីបញ្ចប់ ក្រោយរដ្ឋាភិបាលអាមេរិក​សម្រេចបញ្ឈប់​ការ​​ផ្តល់​អាហារូបករណ៍។

ក្រុមនិស្សិតបណ្ឌិតសភាយោធាកម្ពុជា ដែលកំពុងសិក្សានៅអាមេរិកទាំងនោះ បាន​បង្ហាញ​នូវអារម្មណ៍ សប្បាយចិត្តរៀងៗខ្លួន តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់ពួកគេ ដោយ​អរគុណ​និងដឹងគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំ នៃកងយោធពលខេមរភូមិន្ទទាំង ដែលមិនបោះបង់ពួកគេ។

និស្សិតម្នាក់ ឈ្មោះ អ៊ុន វុឌ្ឍិ ជា​សិក្ខាកាម​កម្ពុជា ដែលកំពុងសិក្សានៅសាលាបណ្ឌិតសភា​យោធា​ជើកគោក​សហរដ្ឋអាមេរិក (United States Army Academy) នៃសាលា West Point ឆ្នាំទី១ បាន​លើកឡើងយ៉ាងនេះថា​ ៖ «ខ្ញុំបាទពិតជាមានសេចក្ដីក្តីរំភើប ​និងរីករាយក្រៃលែង ដែលរាជ​រដ្ឋាភិបាល​កម្ពុជា និងក្រសួងការពារជាតិកម្ពុជា សម្រេចផ្តល់ការ​ឧបត្ថម្ភ​ថវិកា​សម្រាប់​ការសិក្សា​របស់ខ្ញុំ សម្រាប់រយៈពេល៣ឆ្នាំខាងមុខទៀត រហូតដល់ទីបញ្ចប់ បន្ទាប់ពីការ​បញ្ឈប់​ផ្ដល់ជំនួយ​ឧបត្ថម្ភ​អាហារូបករណ៍​ពី​សំណាក់រដ្ឋាភិបាលអាមេរិក»។

និស្សិតរូបនេះ បន្តថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំពុះពារដោះស្រាយវិបត្តិ covid-19 នៅក្នុងប្រទេសកម្ពុជា​លំបាក​ប៉ុណ្ណាក្តី ប៉ុន្ដែថ្នាក់ដឹកនាំនូវតែយកចិត្តទុកដាក់ខ្ពស់​និងមាន​​ចំណាត់​ការ​បន្ទាន់សម្រាប់ដោះស្រាយការ​ឧបត្ថម្ភ​ជូននិស្សិតយោធាទាំង៦ រូបដែលកំពុងជួបការលំបាក និងខ្វះខាត​ក្នុងការបន្តការសិក្សានៅ​សហរដ្ឋអាមេរិក​ផងដែរ។

ជាមួយគ្នានេះ និស្សិតម្នាក់ទៀត ឈ្មោះ ឡុង តុលា ជានិស្សិតអន្តរជាតិតំណាងឲ្យកម្ពុជា ដែល​បានជាប់ អាហារូបករណ៍បណ្ឌិតសភាទ័ពអាកាសអាមេរិកនិងកំពុងសិក្សាឆ្នាំទី១ បានប្តេជ្ញាចិត្តថា រូបគេនឹងខិតខំសិក្សារៀនសូត្រឲ្យទទួលបានជោគជ័យ ​និងទទួលលទ្ធផលល្អប្រសើរ ដោយវិល​មក​បំពេញការងារជូនជាតិមាតុភូមិវិញ ដើម្បីសងគុណនិងដឹងគុណចំពោះថ្នាក់នាំរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសជាតិ ដែលបានយកចិត្តទុកដាក់ជួយដល់ខ្លួនក៏ដូចជានិស្សិតរូបផ្សេងទៀត ដែល​ត្រូវអាមេរិកផ្តាច់អាហារូបករណ៍ពាក់កណ្តាលទី៕

Daily Program

Livesteam thumbnail