អ្នកមានសម័យនេះចូលចិត្តបញ្ចេញណាស់មែនទេ?
អ្នកមាន និងអ្នកធំ សម័យនេះហាក់ដូចជាចូលចិត្តបញ្ចេញគ្រប់យ៉ាងតាំងពីជីវភាព ភាពហ៊ឺហារ ភាពឡូយឆាយ និងមានបាន ខណៈដែលកន្លែងដែលអួតគឺកាន់តែងាយស្រួល។
សម័យមុនមនុស្សពេលណាចង់អួតគឺពិបាកជួលអ្នកសារព័ត៌មានធ្វើអត្ថបទ ឃោសនាអោយណាស់ ហើយការចុះផ្សាយអួតបែបនេះច្រើននៅលើទំព័រ កំសាន្ត ឬក៏វប្បធម៌ ឬក៏ជីវិតពិតជាដើម ដោយនៅក្នុងមួយអត្ថបទៗអាចចូលដល់ខ្ទង់រយទៅពាន់ដុល្លារស៊ីសងលើតម្លៃនៃការព្រមព្រៀងជាមួយនឹងអ្នកសារព័ត៌មាន ប៉ុន្តែសម័យនេះមិនចាំបាច់បែបនោះទៀតឡើយ គឺគ្រាន់តែប្រើម្រាមដៃ គឺអាចឃោសនាពីខ្លួនឯងបាន។
នៅសម័យនេះបុគ្គសាធារណៈដូចជាតារា អ្នកធំ សេដ្ឋី គឺកាន់តែងាយស្រួល ដោយសារតែមានបណ្តាញសង្គម ដោយផ្សព្វផ្សាយមិនចាំបាច់ចំណាយអស់មួយរៀលក៏បានដែរ ហើយនៅក្នុងករណីដែលគេចាប់អារម្មណ៍ច្រើនគឺគ្រាន់តែផុសចូលទៅក្នុងបណ្តាញសង្គមរបស់ខ្លួន មានអ្នកយកទៅផ្សព្វផ្សាយបន្តរចែកចាយឡើងព្រោងព្រាធ។
ការផ្សព្វផ្សាយទូលំទូលាយបែបនេះវាម្យ៉ាង ប៉ុន្តែក៏មានគុណវិបត្តិផងដែរពីព្រោះរឿងខ្លះនៅពេលដែលយើងផុសទៅហើយភ្លេចគិតដោយសារតែសប្បាយនឹងគេផ្សាយច្រើន ប៉ុន្តែធាតុពិតវាអាចជាចំណុចដ៏រសើប។
ការផ្សព្វផ្សាយរបស់អ្នកមិនខុសទេ ប៉ុន្តែនៅពេលដែលការផ្សព្វផ្សាយនោះចែកចាយវាអាចនាំឲ្យមានការច្រណែនឈ្នានីស កើតមានឡើងដូច្នេះហើយវាអាចជាហានិភ័យមួយដែលយើងមិនអាចមើលឃើញបាន។
ម្យ៉ាងវិញទៀតសម្រាប់អ្នកធំជាពិសេសគឺមន្រ្តីរាជការការផ្សព្វផ្សាយពីភាពហ៊ឺហារវាជាបច្ច័យមួយដែលអាចប៉ះពាល់ដល់សតិអារម្មណ៍ពលរដ្ឋសាមញ្ញពីព្រោះយើងស៊ីប្រាក់ខែពីរាស្រ្ត ប៉ុន្តែជីវិតយើងដូចជាហ៊ឺហារជ្រុល ខណៈប្រាក់ខែរដ្ឋកំណត់មិនច្រើនទេ ប៉ុន្តែបើពិនិត្យលើអាហារ លើសម្លៀកបំពាក់ លើសំភារៈដែលប្រើប្រាស់ លើរថយន្តទំនើបៗ វាអាចនាំឲ្យគេឆ្ងល់ និងអាចមានការប្រៀបធៀប។
ការផ្សព្វផ្សាយគឺជារឿងល្អ ប៉ុន្តែពេលខ្លះជាពិសេសរឿងជប់លាង រាងហ៊ឺហារ រឿងសប្បាយដែលមានលក្ខណៈឯកជនគួរកុំផុសកុំផ្សព្វផ្សាយអី អត់ចំណេញឡើយ។
សរុបមកវិញវាគឺជារឿងឯកជនរបស់អ្នកដែលផ្សព្វផ្សាយទេ ប៉ុន្តែដើម្បីបញ្ចៀសក្តីមន្ទិលនៅក្នុងចំណោមសាធារណជនប្រសិនបើលាក់បាំងខ្លះក៏គួរតែធ្វើ។ ហើយអ្វីដែលគួផ្សព្វផ្សាយចាំផ្សព្វផ្សាយ ជាពិសេសគឺសមិទ្ធផលការងារ ភាពជោគជ័យនៃមុខរបរ ជាដើម៕