សូមកុំព្រងើយកន្តើយនឹងកេរដំណែលវប្បធម៌ពីដូនតា!
មកដល់ពេលនេះសម្បត្តិដូនតាដែលបន្សល់ទុកមានច្រើនដូច្នេះប្រសិនបើមិនបានចូលរួមការពារនិងថែរក្សាទេសូមកុំបំផ្លិចបំផ្លាញបន្ថែមទៀតហើយ ។
សម្បត្តិដូនតាដែលបានបន្សល់ទុកសម្រាប់ពលរដ្ឋយើងមកដល់សព្វថ្ងៃនេះ មានអក្សរ ភាសានិយាយ ប្រាសាទបុរាណ និង សម្បត្តិប្រពៃណីដ៏ច្រើនលើសលុប ។
សម្បត្តិទាំងនេះមានតម្លៃមហាសាល ប៉ុន្តែពលរដ្ឋមួយចំនួនហាក់មើលស្រាលហើយហាក់មិនសូវជាគាំទ្រនិងលើកស្ទួយពោនជ្រុំសម្បត្តិទាំងនេះឡើយ។ ជាក់ស្តែងដូចជា ល្ខោនស្រមោលស្បែក ល្ខោនខោល គុនល្បុក្កតោ និងចាប៉ីដងវែង ជាដើម គឺរាជរដ្ឋាភិបាលបានប្រឹងប្រែងរហូតដល់បានចុះបញ្ជីជាបន្តបន្ទាប់ ទៅក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។
ក្រៅពីវត្ថុទាំងនេះ នៅមានវត្ថុមានតម្លៃនិងជាកេរដំណែលជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបានកំពុងតែខិតខំ ប៉ុន្តែការការពារនិងអភិរក្ស គឺមិនមែនត្រឹមតែចុះបញ្ជីប៉ុណ្ណឹងគឺចប់នោះទេ។ វាទាមទារការការពារនិងសកម្មភាពជាបន្ទាន់ជាច្រើនបន្ថែមទៀត។
ការចុះបញ្ជីលើកេរដំណែលទំាងនេះគឺគ្រាន់តែជាការប្រឹងប្រែងទទួលបានការទទួលស្គាលពីអន្តរជាតិថា វាគឺជារបស់ពលរដ្ឋខ្មែរយើងទាំងអស់គ្នា ប៉ុន្តែប្រសិនបើខ្មែរយើងទាំងអស់គ្នាមិនគោរពមិនអោយតម្លៃមិនគាំទ្រ វាអាចនឹងសាបសូន្យទៅតាមពេលនិងវេលា ជាក់ជាមិនខាន ។
នៅក្នុងខែវិច្ឆិកានេះ ល្ខោនស្រមោលស្បែកក្តី ល្ខោនខោលក្តី គុនល្បុក្កតោក្តី និងចាប៉ីដងវែងក្តី គឺសុទ្ធតែចុះបញ្ជីនៅក្នុងវិច្ឆិកានេះ ដូច្នេះយើងទាំងអស់គ្នាគួរតែមានកម្មវិធី ឬក៏សកម្មភាពណាមួយដើម្បីរំលឹកនិងបង្ហាញពីការគាំទ្រការពារនិងទំនុកបម្រុងសំណល់ដ៏មានតម្លៃនេះនៅក្នុងសង្គម។
កេរដំណែលវប្បធម៌ទាំងនេះគឺជាអត្តសញ្ញាណរបស់យើងទាំងអស់គ្នា ហើយវាអាចរស់បានទាល់តែសិល្បៈករក្តីទទួលបានការគាំទ្រ ។ ស្នាដៃសិល្បបុរាណទាំងនេះអាចបន្តគង់វង្សបានគឺលុះតា្រតែមាន អ្នកចេះអ្នកចាំអ្នកសំដែង ហើយបើចង់ឲ្យពួកគេនៅសម្តែងវាទាល់តែ ពូកគេអាចរស់បាន ពីការខិតខំរៀន ខំសូត្រ ខំអភិរក្សវា ប៉ុន្តែសាធារណៈជនខ្មែរយើងហាក់មិនសូវគាំទ្រ ។
នៅពេលដែលមានការសំដែង ការប្រគុំតន្រ្តី ការរៀបចំនូវព្រឹត្តិការណ៍បែបនេះ យើងទាំងអស់គ្នាច្រើនតែរំលង ដូច្នេះហើយនៅពេលដែលយើងរំលង អ្នកដែលសំដែង អ្នកដែលចេះ អ្នកដែលចងក្រង តើគ្នារស់យ៉ាងម៉េចកើត ហើយបើគាត់រស់មិនកើត ពួកគាត់នឹងទៅរកអ្វីដែលរស់កើត ដូច្នេះចង់ឫមិនចង់វា នៅតែគ្រោះថ្នាក់ ។
សរុបមក ដើម្បីឲ្យស្នាដៃ ក៏ដូចជាកេរ្តិ៍ដំណែលនៃសង្គមរបស់យើងអាចបន្តមានជីវិតរស់នៅបន្តទៀតគឺមានតែការគាំទ្រពីយើងទាំងអស់គ្នា ។ យើងទាំងអស់គ្នាគួរតែចូលរួម កុំបានតែលើកមេដៃហើយអង្គុយ បញ្ចេញយោបល់នៅលើបណ្តាញសង្គម៕