សង្កាត់និងខណ្ឌគួរយកចិត្តទុកដាក់បញ្ហាមូសក្នុងតំបន់

ក្រោយពេលដែលសហគមន៍នានាពិសេសនៅរាជធានីបានត្អូញត្អែរអំពីកំណើនវត្តមានមូសជាច្រើនកើតមានឡើង ហើយក៏មានការបាញ់ថ្នាំសម្លាប់នៅកន្លែងសាធារណៈមួយចំនួន ប៉ុន្តែសកម្មភាពបាញ់នេះ ហាក់មិនទាន់ឆ្លើយតបនៅឡើយទេ។
យុទ្ធនាការបាញ់ថ្នាំដែលអាជ្ញាធរបានធ្វើគឺហាក់មិនទូលំទូលាយ ជាហេតុបណ្តាលឲ្យមូសនៅតែបន្តមាននិងយាយីដល់សុខភាពពលរដ្ឋដដែល ដូច្នេះយើងជាពលរដ្ឋក៏គួរតែជួយមួយចំណែកដែរ ដើម្បីការការពារសុខភាពនិងកំចាត់មូស។
កុំលេងសើចនឹងមូសឲ្យសោះ ពីព្រោះវាគឺជាភ្នាក់ងារចម្លងជំងឺជាច្រើនប្រភេទ ដែលយើងចាំបាច់ត្រូវតែការពារខ្លួន មិនថាតែកុមារនោះទេ គឺគ្រប់គ្នាតែម្តង។
តាមឯកសារដែលបានស្រាវជ្រាវបានឲ្យដឹងថា មកដល់ពេលនេះមូសគឺជាភ្នាក់ងារចម្លងជំងឺសរុបរហូតដល់ទៅ១៥ប្រភេទ ឯណោះ។ មូសមានច្រើនប្រភេទ ហើយមូសខ្លះក៏គ្មានហានិភ័យអ្វីធ្ងន់ធ្ងរប៉ុន្តែមូសមួយចំនួនគឺគ្រោះថ្នាក់។
មកដល់ពេលនេះជំងឺ១៥មុខដែលមូសជាភ្នាក់ងារចម្លងនោះមាន គ្រុនឈាម គ្រុនចាញ់ ហ្ស៊ីកា ឈីគុនយ៉ា គ្រុនក្តៅលឿង រលាកខួរក្បាលជប៉ុន (Japanese Encephalitis) មេរោគនៅភាគខាងលិចទន្លេនីល ជំងឺ Rift Valley Fever ជំងឺ Lymphatic Filariasis ពពួកជំងឺបាក់តេរី (Bacterial Diseases) និង ជំងឺ Tularemiaជាដើម។
នៅក្នុងចំណោមជំងឺទាំងនេះ ភាគច្រើនពលរដ្ឋយើងស្គាល់តែមួយចំនួនទេ ហើយមួយចំនួនទៀតគឺមិនដែលឃើញទេ ប៉ុន្តែការប្រុងប្រយ័ត្នគឺត្រូវតែលើកកំពស់ ពីព្រោះចរន្តនិងទំនាក់ទំនងមនុស្សគឺស្អិតរមួត ហើយជំងឺនិងមូសដែលជាភ្នាក់ងារចម្លងមេរោគទាំងនេះ ក៏អាចជ្រៀតដោយចៃដន្យដែរ ដូច្នេះមានតែប្រុងប្រយ័ត្នបន្ថែមទេ។
ជំងឺទាំងនេះសុទ្ធតែគ្រោះថ្នាក់ចំពោះសុខភាពរបស់មនុស្សជាតិ ហើយខ្លះគឺគ្រោះថ្នាក់ដល់ជីវិតតែម្តង ដូច្នេះយើងសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងបន្តយកចិត្តទុកដាក់និងបង្កើនសកម្មភាពកំចាត់មូសបន្ថែមមួយកម្រិតទៀត ខណៈដែលវិធានការនាពេលបច្ចុប្បន្ននេះមិនទាន់ឆ្លើយតបនៅឡើយនោះ។
ដើម្បីកំចាត់មូសមន្រ្តីដែលទទួលខុសត្រូវគឺគួរតែបំពេញភារកិច្ចឲ្យខ្ជាប់ខ្ជួនដោយចុះបាញ់ឲ្យសព្វកន្លែង សព្វតំបន់ មិនមែនចុះបាញ់លំៗហើយមកវិញសរសេររបាយការណ៍នោះទេ។ ការបាញ់បែបនេះគ្មានប្រសិទ្ធិភាពទេ មូសអាចរត់ពីកន្លែងមួយទៅកន្លែងមួយ ហើយវានឹងវិលមកវិញបាចសាចដដែល។ ដោយឡែកប្រជាជននៅតំបន់ដែលគេបាញ់ គឺគួរតែជួយបើកទ្វារផ្ទះ និង កន្លែងដែលមានមូសដើម្បីឲ្យថ្នាំវាអាចទៅដល់សម្លាប់ពួកវាបាន។
ក្រៅពីនោះក៏គួរតែចូលរួមលុបបំបាត់កន្លែងដែលដក់ទឹក ជម្រកមូស កន្លែងដែលងងឹត មិនសូវមានពន្លឺ ដើម្បីធ្វើយ៉ាងណាកុំផ្តល់លក្ខណៈដែលឱ្យមូសបង្កកំណើតបាន នៅផ្ទះគួរតែមានសំណាញ់ការពារមូស ហើយពេលរាត្រីគួរតែមានថ្នាំលាបការពារមូស។ល។
សរុបមកវិញមូសគ្រោះថ្នាក់ដូច្នេះ យើងទាំងអស់គ្នាគួរតែចូលរួមមួយដៃមួយជើងដើម្បីកំចាត់មូស ពីព្រោះមូសគឺជាប្រភពដ៏គ្រោះថ្នាក់ចំពោះសុខភាពសាធារណៈ។ យើងមិនត្រូវបណ្តោយឲ្យវាចេះតែកើតឡើង ដោយមិនមានវិធានការណ៍សមស្របឡើយ៕
Daily Program
