ភ្ញៀវទេសចរបរទេសធ្លាក់ យើងគួរតែធ្វើទីផ្សារនិងខិតខំប្រឹងប្រែងឲ្យយើងក្លាយជាកន្លែងទាក់ទាញ

វិស័យទេសចរណ៍ជាវិស័យសំខាន់មួយរបស់កម្ពុជា ប៉ុន្តែស្ថិតិដែលដឹងហើយចុះផ្សាយដោយសារព័ត៌មាន​នានាបង្ហាញថា វិស័យទេសចរណ៍កំពុងតែមានការធ្លាក់ចុះដែលទាមទារឲ្យមានការប្រឹងប្រែងដើម្បីស្តារ និងពង្រឹងការទាក់ទាញភ្ញៀវឡើងវិញ។​

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងនៅក្នុងវេទិកាទេសចរណ៍កម្ពុជា-ចិន ឆ្នាំ ២០២៥កាលពីពេលថ្មីៗនេះថា ១០ខែនៃឆ្នាំ២០២៥កម្ពុជាទាក់ទាញភ្ញៀវទេសចរបរទេសបានតែ ៤,៨ លាននាក់ទេ ដូច្នេះបើធៀបនឹងរយៈពេលដដែលនឹងឆ្នាំ២០២៤ឃើញថា មានការធ្លាក់ចុះប្រមាណជា ១០,៦ភាគរយ។

ជាការពិតប្រសិនបើយើងមិនមានអរិភាពព្រំដែនវិស័យទេសចរណ៍យើងប្រហែលជាមិនធ្លាក់ចុះទេ ប៉ុន្តែ ដោយសារតែវាកើតឡើងទៅហើយ យើងត្រូវតែចាំបាច់ប្រឹងប្រែងតាមរូបភាពផ្សេងៗដើម្បីធ្វើយ៉ាងណា ស្រូបហើយទាញយកភ្ញៀវទេសចរបរទេសមកវិញ។

មួយរយៈពេលនេះខាងរដ្ឋាភិបាលបានខំមួយផ្នែកហើយដោយទាញយកនិងបើកជើងហោះហើរពង្រីកជើងមេឃកាន់តែទូលាយសម្រាប់កម្ពុជា ប៉ុន្តែយើងក៏ត្រូវនៅជាប់រសេមរសាមនឹងការមន្ទិលដោយអ្នក ទេសចររឿងឧក្រិដ្ឋកម្មតាមអនឡាញ។

បញ្ហាអសកម្មនេះនៅមានឥទ្ធិពលនិងរសើបនៅឡើយដែលចាំបាច់ឲ្យយើងចាំបាច់ត្រូវតែបន្តខិតខំចាត់វិធានការនិងសហការជាមួយនឹងដៃគូនានាដើម្បីបោសសំអាតឧក្រិដ្ឋកម្មនេះឲ្យបាន។ ក្រៅពីនោះវាក៏មានរឿងព័ត៌មានក្លែងក្លាយដែលមានចេតនាធ្វើឲ្យកម្ពុជាយើងប៉ះពាល់កេរ្តិ៍ឈ្មោះខ្លះ ដែលចាំបាច់ត្រូវការបំផុតនៅការចូលរួមពីយើងទាំងអស់គ្នានៅក្នុងការ ខិតខំប្រឹងប្រែងពង្រឹងការផ្សព្វផ្សាយប្រឆាំងនឹងព័ត៌មាន ដ៏អាក្រក់ប៉ះពាល់ដល់កេរិ៍្តឈ្មោះយើងបន្តទៀត។

យើងទាំងអស់គ្នាគួរតែព្យាយាមផ្សព្វផ្សាយនូវអ្វីដែលជាការពិតអ្វីដែលជាប្រត្យភាពនៃសង្គមខ្មែរពិតប្រាកដទៅសហគមន៍អន្តរជាតិនិងតំបន់បានដឹង កុំអោយគេលាបពណ៌លើយើងបាន។

នៅក្នុងស្ថានភាពនៅពេលនេះការបន្សាបនូវព័ត៌មានមិនល្អ ព័ត៌មានអាក្រក់ពីកម្ពុជាយើងគួរតែត្រូវយកចិត្តទុកដាកបន្សាបឲ្យទាន់ពេលវេលា ទាន់សភាពការណ៍ ។ កិច្ចការទាំងនោះគឺជាការងារនិងជាតួនាទីរបស់យើងទាំងអស់គ្នា។

សូមកុំមើល​បំណាំ អង្គុយបន្ទោសគ្នា ។ យើងគួរតែធ្វើការងារបំពេញភារកិច្ចទៅតាមពេលវេលាតាមភារកិច្ចនិងទំនួលខុសត្រូវទាំងអស់គ្នា ហើយត្រូវតែព្យាយាមផ្តល់ភាពកក់ក្តៅពិតប្រាកដល់អ្នកទេសចរបរទេស ដែលមកលេងនៅក្នុងស្រុកយើង ។ បើយើងពួតដៃគ្នាប្រឹងប្រែងបន្សាបនិងលាងជម្រះនូវព័ត៌មានមន្ទិល ពីស្រុកយើងបាននោះយើងក៏័នឹងកាន់តែមានទីផ្សារពីព្រោះស្រុកយើងមានអំណោយទានច្រើនរឿងទេសចរណ៍វប្បធម៌៕

Daily Program

Livesteam thumbnail