បើអ្នកជាអ្នកជាតិនិយមពិតតើគួរធ្វើយ៉ាងណា?

នៅក្នុងអំឡុងពេលនេះ ស្មារតីជាតិនិយមបានកំពុងតែត្រូវបានបំផុតបំផុលច្រើន ហើយក៏មានការពិភាក្សាគ្នាយ៉ាងផុលផុសថាគួរធ្វើបែបនេះគួរធ្វើបែបនោះតាមទស្សនៈនិងតាមគំនិតរៀងៗខ្លួន ប៉ុន្តែ សម្រាប់យើងខ្ញុំគិតថា បើយើងតាំងខ្លួនគឺជាអ្នកជាតិនិយមពិតប្រាកដគឺពង្រឹងជំហរខ្លួនយើង កុំរេរតាមខ្យល់ កុំចាញ់ការញុះញុង ពោលគឺកុំបង្ករបញ្ហាឲ្យជាតិកង្វល់បន្ថែមគឺក៏អាចជាអ្នកជាតិនិយម មួយរូបហើយ។
អ្នកជាតិនិយមពិតប្រាកដនៅក្នុងអំឡុងពេលដែលយើងមានបញ្ហាវិវាទព្រំដែនជាមួយនឹងប្រទេសជិតខាងគឺគួរតែព្យាយាមធ្វើជាពលរដ្ឋល្អ ស្មោះត្រង់ខំប្រឹងប្រែងធ្វើការងារ ពង្រឹងការទទួលខុសត្រូវ ហើយគួរតែចូលរួមសកម្មភាពនានាដែលមានប្រយោជន៍សម្រាប់ជាតិនិងប្រជាជន។
សូមកុំតាំងខ្លួនបានត្រឹមតែមាត់ ប៉ុន្តែនៅក្នុងចិត្តគឺពោរពេញទៅដោយបញ្ហា។នៅពេលនេះមានមនុស្សជាច្រើនដែលបានកំពុងតែតាំងចិត្តជាអ្នកជាតិនិយម ហើយបង្ហោះនៅលើបណ្តាញសង្គមប្រដៅគេប្រដៅអែង ប៉ុន្តែខ្លួនឯងវិញ គឺមិនបានធ្វើមួយភាគណាមួយនៃសំដីដែលប្រដៅគេនោះឡើយ។
កុំនិយាយកុំអះអាងហើយក៏គួរកុំតាំងខ្លួនជាអ្នកជាតិនិយមអី នាំតែខ្មាស់គេនោះទេ។នៅពេលនេះម្នាក់ៗកំពុងតែរវល់នឹងរឿងជាតិ ប៉ុន្តែក៏មានអ្នកដែលបង្កបញ្ហាឈឺក្បាលដល់ជាតិជាច្រើន ឲ្យជាតិដោះស្រាយ។នៅក្នុងករណីដែលយើងស្រលាញ់ជាតិ យើងកាត់បន្ថយបញ្ហាដល់ជាតិ អ្នកដែលស្រលាញ់ជាតិពិតប្រាកដគេមានពេលគេមានវេលាកាន់តែច្រើនដើម្បីរិះគិតអំពីជាតិ។
ប៉ុន្តែបើយើងនiយាយតែមាត់ តែនៅតែប្រពឹត្តអំពើអំពល់ទុក្ខដល់គេដូច្នេះវាប៉ះពាល់ដល់ពេលវេលា ដល់ថាមពលការងារ ដល់ការរិះគិតអំពីបញ្ហាជាតិពិតប្រាកដ របស់គេមករវល់ហើយវល់នឹង បញ្ហាដែលយើងជាអ្នកជាតិនិយាយតែមាត់ឡើងមក។
ស្រលាញ់ជាតិ ការពារជាតិ ហើយមិនបង្កបញ្ហាដល់ជាតិ នោះត្រូវបានគេចាត់ទុកថា គឺជាអ្នកដែលជាតិនិយមបាត់ទៅហើយ។សូមកុំស្រលាញ់តែមាត់ ហើយផ្នែកផ្សែងកូរគេកូរឯងពេញតែបណ្តាញសង្គមនោះ ។
យើងស្រលាញ់ជាតិ យើងការពារជាតិ យើងមានមនៈសិកាជាតិ គឺវាគួរតែចេញពីការដែលយើងស្រលាញ់និងស្មោះត្រង់នឹងខ្លួនឯង គ្រួសារយើង ពីព្រោះយើងស្រលាញ់ខ្លួនឯង គោរពខ្លួនឯង ស្រលាញ់គ្រួសារ ជួយគ្រួសារ ជួយសង្គមនោះហើយគឺជាស្មារតីជាតិនិយមពិតប្រាកដ៕
Daily Program
