បើដឹងថាកម្ចីអនឡាញគ្រោះថ្នាក់ដល់ពលរដ្ឋហើយ ចុះហេតុអ្វីសមត្ថកិច្ចមិនចាត់វិធានការ
នរណាក៏ដឹងថា កម្ចីអនឡាញពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បើមដៃ ហើយស្ថាប័ននានារួមទាំងសមត្ថកិច្ច ក៏ដឹងហើយជ្រាបដែរ ប៉ុន្តែហេតុម៉េចក៏មិនចាត់វិធានការផ្លូវច្បាប់ដើម្បីកុំអោយរាស្រ្តបន្តមានបញ្ហាបំណុល័វណ្ដកកាន់តែច្រើនបន្ថែមទៀត ។
ពាក់ព័ន្ធនឹងកម្ចីអនឡាញនេះ ខាងធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យាបាលនៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ក៏បានដឹងរឿងនេះ ហើយក៏ធ្លាប់ចេញការព្រមានជាបន្តបន្ទាប់ ប៉ុន្តែកម្ចីអនឡាញនេះហាក់ នៅតែបន្តសកម្មភាព។
ពលរដ្ឋពិតជាដឹងអំពីគ្រោះថ្នាក់នៃបញ្ហាកម្ចីវ័ណ្ដក ប៉ុន្តែនៅពេលដែលទាល់ ជំពាក់គេជុំទិស រកស៊ីក៏មិនកាក់កប តម្រូវការចំណាយចេះតែកើនឡើង ទៅរកស្ថាប័នឥណទានស្របច្បាប់ជាធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏គេមិនអោយ ហើយសូម្បីទៅចងការគេនៅក្នុងភូមិក៏គេមិនព្រម ដូច្នេះមានតែកម្ចីអនឡាញ។
នៅពេលដែលយើងទាល់ហើយដើម្បីដោះមួយគ្រាៗ គឺទោះដឹងផលលំបាកក៏សុខចិត្តប្រថុយ មានអីគឺរឹតតែវ័ណ្ដកបន្ថែមទៀត ដូច្នេះហើយទើបសមត្ថកិច្ចគួរតែមានវិធានការរឿងនេះហើយ។ នៅក្នុងករណីចេះតែ បណ្តោយ ក្រុមជនដែលប្រកបរបរកម្ចីអនឡាញនេះនឹងបន្តសេវាកម្មពួកគេដដែលនោះ ពលរដ្ឋយើង ដែលកំពុងតែរងគ្រោះហើយនោះ គឺរឹតតែរងគ្រោះថែមទៀត ។
កុំភ្លេចថា នៅពេលពលរដ្ឋម្នាក់រងគ្រោះមិនអីទេ ប៉ុន្តែពលរដ្ឋកាន់តែច្រើនរងគ្រោះហើយនោះ បញ្ហាវាអាចទៅជារឿងផ្សេងៗពីព្រោះតែស្ថានភាពបង្ខំឲ្យពួកគេទាល់ច្រក ដូច្នេះហើយសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់នៅលើបញ្ហានេះ ហើយមានវិធានការជាបន្ទាន់លើករណីនេះ។
លុយនឹងអ្នកអត់ នេះគឺគ្រោះថ្នាក់។ ពលរដ្ឋយើងមិនមែនដឹងថា កម្ចីអនឡាញជាអន្ទាក់នោះទេ ប៉ុន្តែនៅពេលដែលអត់ទោះជាដឹងថា ជាអន្ទាក់ក៏ត្រូវតែចូលសិន ធ្វើម៉េចដើម្បីអាចរស់បានមួយគ្រា ហើយនៅពេលដែលមានបញ្ហាចាំដោះស្រាយជាក្រោយ ។
ដោយសារតែការគិតបែបនេះហើយ ដែលក្រុមបង្កើតកម្ចីអនឡាញនេះ គឺហាក់ដូចជា ឋានសួគ៌សម្រាប់ពួកគេ។
សូមកុំទុកឲ្យស្ថានការណ៍ដូចជាខ្លែង ពីព្រោះកាលណាហោះកាន់តែខ្ពស់ ខ្សែកាន់តែតឹង ហើយនោះវានឹងកាន់តែប្រឈម ដោយឡែកបញ្ហាកម្ចីអនឡាញក៏ដូចគ្នា បើស្ថាប័នពាក់ព័ន្ធនៅតែបន្តព្រងើយចេះតែនិយាយ នៅថ្ងៃណាមួយសង្គមយើងអាចដូចជាខ្សែខ្លែងដែរ គឺវាអាចដាច់ដោយចៃដន្យ ហើយបើវាដាច់ក្រែងពិបាក ដូច្នេះទាល់វាមិនទាន់ដាច់គួរតែបន្ធូ ឬក៏គួរតែវះកាត់ចេញ ដូចដែលកម្ពុជាធ្លាប់វះកាត់រឿងល្បែងស៊ីសងតាមអនឡាញដូច្នេះដែរ៕