តើម៉ូតូសណ្តោងរ៉ឺម៉កគួរឲ្យរលាយរូបរាងពីកម្ពុជាដែរ ឬទេ?
ម៉ូតូសណ្តោងរ៉ឺម៉កខ្នាតតូចដែលពេញនិយមបំផុតនៅរាជធានីនិងតាមទីប្រជុំជននានាដូចជានៅខេត្តសៀមរាប និង ខេត្តព្រះសីហនុជាដើមបានកំពុងតែរលាយបាត់វត្តមានជាបណ្តើរៗ ខណៈដែលម៉ូតូកងបីឥណ្ឌាបានកំពុងតែវាយលុយពេញទំហឹង ហើយក្លាយជាមធ្យោបាយដឹកជញ្ជូនកំពុងពេញនិយមបំផុតសម័យនេះ។
ម៉ូតូសណ្តោងរ៉ឺម៉កបានលេចរូបរាងឡើងនៅក្នុងអំឡុងប្រហែលជាទស្សវត្សន៍នៃឆ្នាំ២០០០មក ជាហេតុនាំអោយស៊ីក្លូដែលជាមធ្យោបាយដឹកជញ្ជូនដោយកម្លាំងសឹងតែរលាយបាត់ តែសំណាងចេះមានចលនាលើកទឹកចិត្តនិងជំរុញការអភិរក្សទើបស៊ីក្លូនៅសេសសល់ឲ្យទេសចរ បរទេសនិងក្មេងៗជំនាន់ក្រោយនៅក្នុងប្រទេសបានស្គាល់។
មកដល់សម័យនេះ ក្រោយពេលដែលម៉ូតូកង់បីឥណ្ឌាបានបង្ហាញវត្តមាន គួបផ្សំនឹងបែបផែន នៃគំរូអាជីវកម្មដឹកជញ្ជូនដើរតាមរបៀបថ្មីពោលគឺរបៀបធីជីថលនីយកម្ម ឥឡូវនេះវាដល់ពេល ដែលម៉ូតូសណ្តោងរ៉ឺម៉កត្រូវរលាយរូបរាងម្តង។
នៅរាជធានីភ្នំពេញគឺជារឿងមួយ ប៉ុន្តែនៅសៀមរាបឯណោះវិញគឺរិតតែពិបាករកម៉ូតូសណ្តោង រ៉ឺម៉កទៅទៀត ខណៈដែលម៉ូតូកង់បីឥណ្ឌាបានត្រូវគេបញ្ចូលទៅក្នុងតំបន់រមណីដ្ឋាន ប្រវត្តិសាស្រ្តនិងវប្បធម៌ឯករបស់កម្ពុជា។
បច្ចុប្បន្ននេះមិនថាតែនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបនោះទេ ទីណាក៏ដូចជាទីណាដែរ ម៉ូតូសណ្តោងរឺម៉កសឹងតែបាត់អស់ហើយ ខណៈដែលម៉ូតូកង់បីឥណ្ឌា គឺត្រូវបានគេរកឃើញ គ្រប់កន្លែងនានា។
នៅក្នុងស្ថានភាពបែបនេះដើម្បីទុកជាកេរ្តិ៍ដំណែល និង អាចជាសក្ខីភាពនៃដំណើរវិវត្តទៅនៃ មធ្យោបាយដឹកជញ្ជូននៅកម្ពុជា សង្គមកម្ពុជាគួរតែរិះរកវិធីអភិរក្សសេវាកម្មដឹកជញ្ជូនតាម សេវាកម្មម៉ូតូសណ្តោងរ៉ឺម៉កនេះដូចជាស៊ីក្លូដែរ។
មធ្យោបាយដឹកជញ្ជូនបែបនេះថ្វីត្បិតតែវារញ៉េរញ៉ៃ ហើយក៏ច្រងេងច្រង៉ាងជាងគេជាងឯងផងដែរ តែទោះបីជាយ៉ាងណាក៏ដោយពលរដ្ឋមួយចំនួន ជាពិសេសគឺភ្ញៀវរបទេសគឺនៅចូលចិត្ត សេវាកម្មដឹកជញ្ជូនតាមម៉ូតូសណ្តោងរ៉ឺម៉កជាង ដោយសារតែវាមានផ្ទៃធំទូលាយ មិនសូវក្តៅ មានខ្យល់ចេញចូលបានល្អ ហើយអាចជិះគ្នាច្រើនបាន តែម៉ូតូកង់បីឥណ្ឌាអាចមានកម្រិត ហើយវាក្តៅ ។
សរុបមកវិញម៉ូតូសណ្តោងរ៉ឺម៉កគួរតែអាជ្ញាធរនិងអ្នកដែលពាក់ព័ន្ធជួយថែរក្សានិងអភិរក្សទុក តាមរយៈការធ្វើយ៉ាងណាបង្កលក្ខណៈឲ្យពួកគេអាចរស់នៅសមរម្យ ដូចជាអ្វីដែលបានធ្វើ ជាមួយនឹងសមាគមអ្នកធាក់ស៊ីក្លូ៕