ជំងឺគ្រុនឈាមកំពុងបន្តការគំរាមកំហែង! សូមបន្តយកចិត្តទុកដាក់
ករណីឆ្លងនៃជំងឺគ្រុនឈាមនៅកម្ពុជាត្រូវបានរាយការណ៍ជាបន្តបន្ទាប់នៅក្នុងរយៈពេលចុងក្រោយនេះ ហើយនៅលើបណ្តាញសង្គមវិញ ក៏មានការចែករំលែកអំពីការបាត់បង់ជីវិតខ្លះៗផងដែរ ដោយសារតែជំងឺមួយនេះ។
ជំងឺនេះអាចព្យាបាលជាបានច្រើន និងមានអត្រាជោគជ័យនៃការព្យាបាលខ្ពស់ ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានករណីគ្រោះថ្នាក់ដែលអាចឆក់យកជីវិតមនុស្សបានផងដែរ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានា ដោយដកស្រង់ចេញពីរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា រយៈពេល ៨ ខែក្នុងឆ្នាំ ២០២៦ ជំងឺគ្រុនឈាមកើតឡើងចំនួនជិត ៤ ម៉ឺនករណីហើយ។ អត្រានេះគឺប្រហាក់ប្រហែលនឹងករណីសរុបប្រចាំឆ្នាំ ២០២៥។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នៅក្នុងខែសីហា ឆ្នាំ២០២៦ មានការកត់ត្រាអំពីករណីឆ្លងច្រើន។
នៅក្នុងនោះ មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានគេដឹងថា បានទទួលអ្នកជំងឺគ្រុនឈាមជិត ១ ម៉ឺននាក់ ពោលគឺកើនឡើងចំនួន ២១៥% បើធៀបនឹងខែសីហា ឆ្នាំ២០២៥ ដែលមានចំនួនតែជាង ៣ ពាន់នាក់ប៉ុណ្ណោះ។
នៅលើបណ្តាញសង្គមវិញ មួយរយៈពេលនេះមានការចែករំលែកជាច្រើនករណីអំពីកូនៗចូលមន្ទីរពេទ្យព្រោះតែជំងឺគ្រុនឈាមនេះ។ ក្រៅពីនោះ ក៏មានការចែករំលែកនូវករណីគួរឱ្យសោកស្តាយផងដែរ ថាអ្នកជាទីស្រឡាញ់របស់ពួកគេបានបាត់បង់ជីវិតដោយសារតែជំងឺនេះ។ ក្រៅពីកុមារ សូម្បីតែមនុស្សពេញវ័យក៏មានការចែករំលែកថាបានឆ្លងជំងឺគ្រុនឈាមផងដែរ ដោយគ្រួសារខ្លះមានករណីឆ្លងទាំងអស់គ្នាតែម្តង។
សូមយកចិត្តទុកដាក់ និងលើកកម្ពស់ការប្រុងប្រយ័ត្ន ជាពិសេសគឺការពារខ្លួន និងក្រុមគ្រួសារកុំឱ្យមូសខាំ ដោយសារតែជំងឺនេះចម្លងតាមរយៈមូសខ្លាញីខាំតៗគ្នា។ ដើម្បីបង្ការជំងឺនេះបាន គឺមានតែយើងទាំងអស់គ្នាព្យាយាមកម្ចាត់ជម្រកមូសខ្លា ដែលជាវត្ថុ ឬជាទីកន្លែងដែលមានទឹកដក់ថ្លា ពីព្រោះមូសខ្លាគឺជាប្រភេទមូសដែលតែងតែពងកូននៅតាមកន្លែង ឬវត្ថុដែលមានទឹកដក់ថ្លាៗ។
សរុបមក ជំងឺគ្រុនឈាមនៅតែជាបញ្ហាសុខភាពដែលត្រូវយកចិត្តទុកដាក់ ជាពិសេសនៅពេលចំនួនអ្នកឆ្លងមាននិន្នាការកើនឡើង។ ទោះបីជាជំងឺនេះអាចព្យាបាលបានក៏ដោយ ក៏វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ដូច្នេះ ប្រជាពលរដ្ឋគួរបង្កើនការប្រុងប្រយ័ត្ន ការពារខ្លួនពីមូសខាំ និងចូលរួមកម្ចាត់ប្រភពទឹកដក់ជុំវិញផ្ទះ ដើម្បីកាត់បន្ថយការកើត និងការឆ្លងជំងឺគ្រុនឈាមក្នុងសហគមន៍។
