ជួញជិតប្រសើរជាងជួញឆ្ងាយ! បើចង់ទាក់ទាញភ្ញៀវទេសចរបរទេសមិនបាច់ទៅឆ្ងាយទេ
នៅពេលដែលភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅកម្ពុជាយើងបានធ្លាក់ចុះខ្លាំងដូចជាពេលបច្ចុប្បន្ននេះ។ ប្រសិនបើចង់ទាក់ទាញរកកំណើន មិនបាច់សម្លឹងទៅទីផ្សារណាឆ្ងាយពីស្រុកយើងពេកទេ ពីព្រោះសភាពការណ៍ដូចជាបច្ចុប្បន្ននេះ គេមិនសូវមានអារម្មណ៍សប្បាយនឹងការធ្វើទេសចរណ៍ឆ្ងាយៗឡើយ ដោយសារតែបញ្ហាជាសាកលដែលបណ្តាលមកពីបញ្ហាប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាពិសេសគឺសង្គ្រាមដូចជានៅមជ្ឈិមបូព៌ា និងអ៊ីរ៉ង់ជាដើម។
នៅពេលនេះ សំបុត្រធ្វើដំណើរតាមយន្តហោះក៏ថ្លៃ ពីព្រោះសង្គ្រាមវាធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងឥន្ធនៈ ហើយវាក៏ប៉ះពាល់ដល់កំណើនថ្លៃដើមនៃមធ្យោបាយដឹកជញ្ជូននានា ព្រមទាំងគួបផ្សំនឹងបញ្ហាសេដ្ឋកិច្ច ដោយសារតែចំណូលមិនសូវសំបូរផងនោះ ការទាក់ទាញភ្ញៀវទេសចរពីឆ្ងាយៗប្រហែលជាមិនមានប្រសិទ្ធភាពឡើយ។ ក្រៅពីបញ្ហាចំណាយ ក្តីបារម្ភអំពីសុវត្ថិភាព និងសន្តិសុខតាមផ្លូវអាកាសដែលរងការគំរាមកំហែងដោយសង្គ្រាម ក៏ជាកត្តាមួយដ៏ចំបងក្នុងការធ្វើឱ្យការទាក់ទាញភ្ញៀវទេសចរពីតំបន់ឆ្ងាយៗមានការលំបាកផងដែរ។
សូមរិះគិត ហើយប្រសិនបើអាច ចូរក្រឡេកមើលប្រទេសជិតខាងយើងដូចជានៅវៀតណាម និងឡាវជាដើម។ កុំមើលងាយទីផ្សារទេសចរណ៍ទាំងពីរនេះឱ្យសោះ! វៀតណាមជាប្រទេសមួយមានទីផ្សារជាង ១០០ លាននាក់ ហើយកម្រិតជីវភាពរស់នៅ និងស្ថានភាពសេដ្ឋកិច្ចក៏មានការរីកចម្រើនខ្លាំង។ ដោយឡែក ឡាវ ទោះបីជាទីផ្សារតូច ប៉ុន្តែក៏មិនអាចមើលងាយ និងមិនរាប់បញ្ចូលនៅក្នុងផែនការជំរុញទេសចរណ៍របស់យើងឡើយ។ ជាទូទៅ ប្រទេសទាំងពីរជាប្រទេសភូមិផងរបងជាមួយគ្នា ហើយក៏ជាប្រទេសមានចំណងមិត្តភាពនឹងគ្នាយូរអង្វែង ដូច្នេះយើងអាចបង្កើតយុទ្ធនាការទាក់ទាញអ្នកទេសចរពីប្រទេសទាំងពីរបាន។
មធ្យោបាយមួយក្នុងការផ្សព្វផ្សាយដល់ភ្ញៀវទេសចរនៅប្រទេសទាំងពីរ គឺមិនចាំបាច់មានកម្មវិធីធំដុំនោះទេ អាចរិះគិតគោលគំនិត ឬបង្កលក្ខណៈឱ្យក្រុមអ្នកបង្កើតមាតិកា និងក្រុម Influencer ដែលអ្នកខ្លះហៅថា ក្រុមរកលុយតាមអនឡាញ (MMO) នៅក្នុងប្រទេសទាំងពីរមកជួយសរសេរ ជួយផ្សព្វផ្សាយពីអ្វីដែលកម្ពុជាយើងបានខិតខំ និងរមណីដ្ឋានល្អៗ ដែលវាគ្គជាជ្រុងមួយដ៏សំខាន់។ នៅពេលនេះ សម្រាប់កម្ពុជាយើង គឺមានក្រុម MMO យើងច្រើនចេញទៅបង្កើតមាតិកាឃោសនាពីប្រទេសទាំងពីរនេះ។ ក្រុម MMO យើងចុះទៅផ្សព្វផ្សាយពីពេទ្យ សណ្ឋាគារ សេវាកម្មដឹកជញ្ជូន អាហារ ឡើងព្រោងព្រាត ហើយពលរដ្ឋយើងក៏ទៅលេងគេច្រើន ដូច្នេះយើងក៏អាចទំនាក់ទំនងឱ្យក្រុម MMO វៀតណាម ឬឡាវ មកជួយសរសេរ និងផ្សព្វផ្សាយអំពីស្រុកយើងទៅពលរដ្ឋគេវិញ ក៏ជាការធ្វើទីផ្សារមួយដ៏ប្រសើរសម្រាប់កម្ពុជា។
សរុបមក នៅក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងការធ្លាក់ចុះនៃភ្ញៀវទេសចរបរទេស និងការកើនឡើងនៃភាពមិនប្រាកដប្រជានៅក្នុងពិភពលោក ការរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរគួរតែមានភាពបត់បែន និងផ្តោតលើទីផ្សារដែលមានភាពជិតស្និទ្ធទាំងភូមិសាស្ត្រ និងទំនាក់ទំនងប្រជាជន។ ក្នុងន័យនេះ ទីផ្សារវៀតណាម និងឡាវ គួរត្រូវបានចាត់ទុកជាទីផ្សារដែលមានសក្តានុពល និងមិនគួរមើលរំលងឡើយ។
ការទាក់ទាញភ្ញៀវពីប្រទេសជិតខាង មិនចាំបាច់ត្រូវការយុទ្ធនាការដែលមានថវិកាធំ ឬកម្មវិធីផ្សព្វផ្សាយដ៏ស្មុគស្មាញនោះទេ។ កម្ពុជាអាចប្រើប្រាស់ឥទ្ធិពលរបស់អ្នកបង្កើតមាតិកា (Influencers) និងអ្នកផលិតមាតិកាឌីជីថលនៅក្នុងប្រទេសទាំងពីរ ដើម្បីបង្ហាញពីគោលដៅទេសចរណ៍ អាហារ វប្បធម៌ សណ្ឋាគារ សេវាកម្ម និងបទពិសោធន៍ទេសចរណ៍ផ្សេងៗនៅកម្ពុជា។ នេះអាចជាវិធីផ្សព្វផ្សាយដែលឈានដល់អ្នកប្រើប្រាស់ដោយផ្ទាល់ និងសមស្របនឹងឥរិយាបថរបស់អ្នកធ្វើដំណើរនៅក្នុងយុគសម័យឌីជីថល។
