គ្រឿងញៀន! សង្ឃឹមថាវាកើនតែការចាប់ប៉ុណ្ណោះ ប៉ុន្តែការប្រើប្រាស់សូមឲ្យថយចុះ

បរិមាណនៃការបង្រ្កាបគ្រឿងញៀនដែលសារព័ត៌មាននានានៅក្នុងប្រទេសបានចេញផ្សាយថ្មីៗនេះឃើញថា កំណើនទាំងបរិមាណគ្រឿងញៀនដែលរឹបអូសនិងកំណើនទាំងជនសង្ស័យ ប៉ុន្តែដោយឡែកការប្រើប្រាស់មិនបានដឹងអំពីការថយឫឡើងទេ តែយើងខ្ញុំសូមបន់ស្រន់ឲ្យអ្នកប្រើថយចុះទៅចុះ ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងគ្រឿងញៀន សារព័ត៌មាននានាបានរាយការណ៍ថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនចំនួនដល់ទៅ ១៧.៥៧៤ នាក់ក្នុងអំឡុងខែមករា ដល់ខែសីហា ឆ្នាំ២០២៤ដោយ កើនឡើង ៤២ ភាគរយខណៈដែលរយៈពេលដដែលកាលពីឆ្នាំ២០២៣ គឺមានត្រឹមតែ ១២.៣៥៦​ នាក់។

សេចក្តីរាយការណ៍ក៏បានបន្តទៀតថា នៅក្នុងចំណោមជនសង្ស័យទាំងអស់មានជនសង្ស័យចំនួន ៥៥០នាក់ ជាជនបរទេសមាន១៥  សញ្ជាតិផ្សេងៗគ្នា។

នៅក្នុងរយៈពេលដដែលសេចក្តីរាយការណ៍បានបន្តថា គ្រឿងញៀនខុសច្បាប់ដែលរឹបអូសមានបរិមាណសរុបមានចំនួន ៥,៧៥  តោន កើនឡើង ដល់ទៅ១១៩ ភាគរយខណៈដែលកាលពីរយៈពេលដដែលនៅឆ្នាំទៅ គឺមាន ត្រឹមតែ ២,៦២ តោន ។ ថ្នាំញៀន​ដែល​រឹបអូស​បាន​ភាគច្រើន​មាន ខេ​តា​មីន មេ​តំ​ហ្វេ​តា​មីន​គ្រី​ស្តា​ល់ គ្រាប់​មេ​តំ​ហ្វេ​តា​មីន ហេ​រ៉ូ​អ៊ី​ន អេ​ស៊ី​ស្តា​ស៊ី និង​កូកាអ៊ីន​។

ឃើញតួរលេខនៃកំណើនទាំងជនសង្ស័យនិងបរិមាណវាអាចដោយសារតែនៅក្នុងរយៈពេលប្រមាណជា ១​ឆ្នាំនៃរដ្ឋាភិបាលថ្មី គ្រឿងញៀនជាអតិភាពដែលរដ្ឋាភិបាលយកចិត្តទុកដាក់ហើយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់​។​

នេះគឺជាទស្សនៈសុទិដ្ឋិនិយមចំពោះចំណាត់ការសមត្ថកិច្ច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្វីដែលយើងខ្ញុំព្រួយបារម្ភគឺនៅជ្រុងនៃទិដ្ឋភាពបញ្ហាមួយជ្រុងទៀត ។

មកដល់ពេលនេះកម្ពុជាហាក់មិនមានតួរលេខនៃអ្នកដែលញៀនគ្រឿងញៀនទេ ហើយអ្នកដែលប្រើប្រាស់គ្រឿងញៀនក៏ព្យាយាមមិនបង្ហាញអត្តសញ្ញាណដែរ លុះត្រាតែបែកថ្នាំខ្លាំងគ្រប់គ្រងខ្លួនឯងលែងបានបានចេញអត្តសញ្ញាណ ដូច្នេះហើយទើបយើងខ្ញុំព្រួយបារម្ភថា ដោយសារតម្រូវការអ្នកប្រើប្រាស់ច្រើនទើបមានការនាំចូលច្រើន ហើយចាប់ក៏ច្រើនបែបនេះ ។

នៅក្នុងចំណុចនេះ​យើងខ្ញុំសូមអធិដ្ឋានសូមកុំអោយការព្រួយបារម្ភនេះក្លាយជាការពិតអី ពីព្រោះគ្រឿងញៀននេះគឺគ្រោះថ្នាក់ខ្លាំងណាស់ទាំងបុគ្គលអ្នកប្រើប្រាស់ គ្រួសាររបស់អ្នកប្រើប្រាស់ សហគមន៍អ្នកប្រើប្រាស់ និង សង្គមអ្នកប្រើប្រាស់ ។

សរុបទៅ យើងទាំងអស់គ្នាសូមនៅឲ្យឆ្ងាយពីគ្រឿងញៀន ហើយសូមកុំចង់សាក ហើយសូមកុំចង់ដឹង កុំចង់អនុវត្តពីព្រោះវាជាសារធាតុគ្រោះថ្នាក់សុខភាពខ្លាំងបំផុត ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវតែនិយាយថា ទេ ហើយការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនគឺយើងទាំងអស់គ្នាគួរតែចូលរួម ។ គ្រឿងញៀនមិនមែនជាបញ្ហារបស់នរណាម្នាក់ទេ គឺជាបញ្ហាទាំងអស់គ្នា ។

 

កម្ពុជា​គ្មាន​ទោស​ប្រហារ​ជីវិត​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ទេ។ តាម​ច្បាប់​របស់​ខ្លួន ជន​ណា​ម្នាក់​ដែល​រក​ឃើញ​ពិរុទ្ធ​ពី​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​លើស​ពី ៨០ ក្រាម អាច​ត្រូវ​ជាប់​គុក​មួយ​ជីវិត។

Daily Program

Livesteam thumbnail