វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធពិធីបុណ្យហែស្លឹកមានលក្ខណៈ ខុសប្លែកជាងបណ្តាឆ្នាំមុនៗ ដោយពិធីនេះមានគ្រីស្តបរិស័ទចូលរួមតិចតួចបំផុត មិនដូចរាល់ឆ្នាំ ដែលអាចប្រារព្ធយ៉ាងឱឡារិក ក៏ព្រោះតែកម្ពុជាកំពុងរងការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។
តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញដែលបានថ្លែងនៅក្នុងធម្មទេសនាថា រដូវ៤០ថ្ងៃដែលព្រះសហគមន៍អញ្ជើញឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម។
លោកថា ៖«ខ្ញុំស្ដាយ ដោយសារឆ្នាំនេះយើងបានរៀបចំ សម្ដែងអំពីរឿងនេះអស់ពីសមត្ថភាព ប៉ុន្តែដោយសារកូវីដ១៩ យើងសម្ដែងមិនបាន។ នៅពេលយើងឃើញផ្ទាល់ភ្នែក យើងឈឺចិត្តណាស់ ឈឺក្នុងដួងចិត្តរបស់យើងមែនទែន។ ប្រហែលយើងបានគិតថា ដូចគេបានគិតពីដើម នៅពេលគេសម្លាប់ព្រះយេស៊ូ តាមពិតនេះជារបៀបដែលខ្ជះខ្ជាយ ស្ដាយណាស់ ស្ដាយដែលគេសម្លាប់ព្រះយេស៊ូ»។
ជាមួយគ្នានេះដែរ លោកអភិបាលរូបនេះបានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហា ដែលកំពុងកើតមាននៅលើពិភពលោក។ លោកអភិបាលអូលីវីយ៉េ ថ្លែងថា ៖«តើយើងមានគំនិតច្រើនទេ សព្វថ្ងៃ ដើម្បីកែប្រែចិត្តគំនិត និងជួយឱ្យពិភពលោកមានការផ្លាស់ប្តូរ? ពិភពលោករបស់យើងសព្វថ្ងៃយំសោកខ្លាំងណាស់ ពិភពលោករបស់យើងដូចជា ព្រួយបារម្ភនិងរងទុក្ខលំបាកយ៉ាងច្រើនដែរ»។
លោកអភិបាលអូលីវីយ៉េ បន្តថា ពិភពលោកបច្ចុប្បន្ននេះកំពុងតែខ្ជះខ្ជាយ ដូចជាការចំណាយទៅលើម្ហូបអាហារ អាវុធ សំលៀកបំពាក់ ការធ្វើសង្គ្រាម អំពើហឹង្សា ភេរវកម្ម ការកាប់បំផ្លាញព្រៃឈើ ការលុបបឹង និងការបំផ្លាញធម្មជាតិជាដើម។
លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកឡើងថា ៖ «កូវីដ១៩កើតឡើងដោយសារយើងខ្វះអនាម័យ។ ប្រហែលប៉ុន្មានឆ្នាំកន្លងមកយើងរស់នៅខ្វះអនាម័យខ្លាំងណាស់។ ទម្លាប់របស់យើងអំពីការថែរក្សាសុខភាពក៏មាន កម្រិតខ្លាំងណាស់ដែរ។ ចេះតែញ៉ាំម្ហូបដែលអត់មានប្រយោជន៍ ចេះតែអង្គុយមើលទូរស័ព្ទ មើលទូរទស្សន៍ ប៉ុន្តែភ្លេចហាត់ប្រាណ»។
លោកបន្តថា ៖ «ប្រហែលដោយសារកន្លងមកនេះ យើងមិនបានថែរក្សាសុខភាពរបស់យើងបានត្រឹមត្រូវ។ នៅពេលនេះយើងឃើញបងប្អូនរបស់យើងដែលបានស្លាប់ដោយ ជំងឺកូវីដ១៩ ហើយអ្នកដែលស្លាប់ គឺអ្នកដែលមានសុខភាពទន់ខ្សោយរួចហើយ»។
បន្ថែមលើពីនេះ លោកអភិបាល អូលីវីយ៉េ បន្តថា ការខ្ជះខ្ជាយសព្វថ្ងៃនេះ របស់មនុស្សទៅលើការខ្វះនូវពេលវេលា ដោយបណ្តោយខ្លួនទៅលើគ្រឿងអេឡិចត្រូនិច ភ្លេចបង្កើននូវទំនាក់ទំនងសង្គម ដោយភ្លេចយកចិត្តទុកដាក់លើមនុស្សដែលកំពុងតែទទួលរងទុក្ខលំបាក៕