ការប្រកួតខ្លែងឯក ជាការបង្ហាញប្រាប់យុវជនខ្មែរឱ្យកាន់តែស្រឡាញ់វប្បធម៌ជាតិរបស់ខ្លួន
ការប្រកួតបង្ហាះខ្លែងឯកលើកទី១១ ឆ្នាំ២០២២ បានប្រារព្ធធ្វើឡើងរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២២ នៅព្រះសហគមន៍កាតូលិក សន្តីម៉ារីញញឹម ស្ថិតនៅភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
កម្មវិធីខាងលើធ្វើឡើងក្នុងន័យអបអរសាទរឆ្នាំថ្មី និងដើម្បីលើកស្ទួយកេរ្តិ៍ដំណែលមរតកវប្បធម៌ខ្មែរ ជាពិសេសការធ្វើខ្លែងឯក ដល់យុវវ័យជំនាន់ក្រោយ។
កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកអភិបាល អូលីវីយ៉េ ហ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ លោក អ៊ីង ណយ ប្រធានក្រុមប្រឹក្សាឃុំគុស និងលោក សៅ តុង អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ។
លោកអភិបាល អូលីវីយ៉េ ហ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកប្រចាំភូមិភាគភ្នំពេញ បានថ្លែងថា ៖«ការប្រកួតបង្ហោះខ្លែងក្នុងឆ្នាំនេះ យើងមានការចូលរួមច្រើន មកពីឃុំគូសទាំងមូលបានន័យថាមកពី៣០ភូមិ អាជ្ញាធរដែនដីផង មកពីវត្តផង មកពីចំការភ្នំវល្លិ៍ផង ដូច្នេះយើងមានកន្លែងផ្សេងៗដែលចូលរួម ហើយខ្ញុំសង្ឃឹមថាឆ្នាំក្រោយយើងនឹងអាចរៀបចំសម្រាប់ខេត្តតាកែវទាំងមូល»។
ថ្លែងនៅទីវាលប្រកួត លោកមាគ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូង ខេត្តតាកែវ និងជាប្រធានគណ:កម្មការបច្ចេកទេស រៀបចំការប្រកួតបង្ហោះខ្លែងឯកបានថ្លែងថា កម្មវិធីនេះ រៀបចំឡើងរយៈពេលពេញមួយថ្ងៃ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី និងបណ្តុះស្មារតីស្រឡាញ់ ថែរក្សា ប្រពៃណី វប្បធម៌របស់ខ្មែរ ទៅកាន់យុវជនជំនាន់ក្រោយ។
លោក សៅ តុង អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ បានលើកឡើងផងដែរថា ការបង្ហើរខ្លែង មនុស្សគ្រប់គ្នាគិតថា ជាការកម្សាន្តសប្បាយ ក៏ប៉ុន្តែដូនតាបុព្វបុរសខ្មែរបានរកឃើញនូវអ្វីមួយ ក្រោយពីគាត់ប្រមូលភោគផលរួច គាត់ចេះច្នៃប្រឌិតនូវការធ្វើខ្លែងនេះ ហើយនេះក៏ជាការអបអរសាទរនូវសមិទ្ធិផលរបស់គាត់ ដែលប្រមូលភោគផលបានកាលពីឆ្នាំកន្លងមកដែរ។
ជាមួយគ្នានេះដែរ លោកជុំ រដ្ឋា ជាកីឡាករប្រកួតបង្ហោះខ្លែងឯក មកពីភូមិថ្មកែវ ស្រុកត្រាំកក់ ខេត្តតាកែវ បានថ្លែងថា ការចូលរួមប្រកួតខ្លែងនេះ ដោយសារតែរូបលោក ចង់លើកស្ទួយនូវការធ្វើខ្លែងឯករបស់ខ្មែរកុំឱ្យបាត់បង់ និងចង់បង្ហាញការបង្ហោះខ្លែងដែលលោកធ្វើឡើង ទៅកាន់មហាជនដែលចូលរួមទស្សនា។
កីឡាករប្រកួតបង្ហោះខ្លែងឯកមួយរូបទៀត លោក ខាន់ ចេង មកពីភូមិត្រឡាក់ខាងជើង ស្រុកតាំ្រកក់ ខេត្តតាកែវ បានថ្លែងឱ្យដឹងដែរថា ៖ «ការប្រកួតខ្លែងនេះគឺចង់រក្សានូវប្រពៃណីខ្មែរយើងនេះ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយ ចូលរួមថែរក្សាវប្បធម៌ខ្មែរយើង ជាពិសេសខ្លែងឯកនេះ ឱ្យបានគង់វង្ស»។
លោក ខាន់ ចេង បានបន្តថា ការប្រកួតខ្លែងជារឿងសំខាន់មួយ សម្រាប់អភិរក្សប្រពៃណី វប្បធម៌របស់ខ្មែរហើយក៏ជាការដាស់ពញ្ញាក់សា្មរតីកូនខ្មែរជំនាន់ក្រោយ ត្រូវចូលរួមថែរក្សានូវប្រពៃណីដ៏ចំណាស់មួយនេះ។
ខ្លែងឯក ដែលដាក់ចូលរួមប្រកួតក្នុងកម្មវិធីនានៅថ្ងៃទី ៨ ខែមករា មានចំនួនប្រមាណ ១២០ ដែលការរៀបចំប្រកួតនេះ មានវគ្គជម្រុះជ្រើសរើសតែលេខ ១ ដល់លេខ ៥។ អ្នកដែលទទួលបានលេខ ១ ទទួលបានទឹកប្រាក់ចំនួន ៦៥ ដុល្លារ ហើយខ្លែងដែលជាប់ចំណាត់ថ្នាក់លេខ០១នឹងត្រូវរក្សាទុកជាអនុស្សាវរីយ៍ផងដែរ។
ទន្ទឹមនឹងនោះដែរ ក្នុងពេលប្រកួងខ្លែងឯកសម្រាប់ឆ្នាំ ២០២២ នេះដែរ ក៏មានការរៀបចំសេះ ចំនួន១១ ក្បាល និងក្របីចំនួន ៦ ក្បាលក្នុងការដាក់ប្រណាំងក្នុងកម្មវិធីនេះផងដែរ៕