សហរដ្ឋអាម៉េរិក បានបិទខ្ទប់កំពង់ផែអ៊ីរ៉ង់តាំងពីថ្ងៃចន្ទ បន្ទាប់ពីការចរចាបរាជ័យ
ប៉ុន្មានម៉ោងក្រោយពីការបរាជ័យនៃកិច្ចចរចារវាងទីក្រុងវ៉ាស៊ីនតុន និងទីក្រុងតេអេរ៉ង់ នៅ ប្រទេសប៉ាគីស្ថាន លោកដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងរាំងខ្ទប់ច្រក សមុទ្រអ័រមូសដើម្បីបញ្ចៀសអ៊ីរ៉ងពីការទទួលបានប្រាក់ពីសិទ្ធឆ្លងកាត់។
ទាហានអាម៉េរិកបានបញ្ជាក់ថា ពួកគេនឹងរាំងខ្ទប់នាវាគ្រប់ជាតិសាសន៍ចូល ឬចេញពីកំពង់ផែ ឬតំបន់ឆ្នេរអ៊ីរ៉ង់ ចាប់ពីថ្ងៃចន្ទ ទី១៣ ខែមេសា តទៅ។
ដោយមិនមានកិច្ចព្រមព្រៀងសម្រាប់ការចរចាផ្ទាល់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នៅ ប្រទេសប៉ាគីស្ថាន ទីក្រុងវ៉ាស៊ីនតុនបានដាក់ការទូតទៅម្ខាង។ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានប្រកាសថា នឹងរាំងខ្ទប់ការចូលទៅកាន់កំពង់ផែនានារបស់អ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី១៣ ខែមេសា តទៅ។ បន្ទាប់ពីការប្រកាសអំពីការបិទខ្ទប់ ប្រទេសប៉ាគីស្ថាន ដែលជាម្ចាស់ផ្ទះនៃកិច្ចចរចា បានអំពាវនាវឲ្យមានការគោរពបទឈប់បាញ់រវាងពេល ២សប្តាហ៍ ដែលព្រមព្រៀងគ្នារវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់។ ប៉ុន្តែប្រទេសទាំងពីរ គ្មានមួយណា បង្ហាញថា ខ្លួនអាចនឹងមិនបាញ់មុនថ្ងៃកំណត់ថ្ងៃ២២ ខែមេសា នោះដែរ។
ដោយការចោទប្រកាន់ថា អ៊ីរ៉ងមានបំណងចង់មានអាវុធនុយក្លេអ៊ែរ ដែលទីក្រុងតេអេរ៉ង់ បាន បដិសេធ សហរដ្ឋអាម៉េរិក បាននិយាយនេះយកជាភាពត្រឹមត្រូវនៃការវាយប្រហាររួមជាមួយអ៊ីស្រាអែលតាំងពីថ្ងៃទី២៨ ខែកុម្ភៈ។ ហើយដែលការវាយប្រហារអ៊ីរ៉ង់ នេះបានបង្កជាសង្រ្គាម ដែលធ្វើឲ្យមនុស្សជាង ៦០០០នាក់ បានស្លាប់ ដែលជាពិសេសនៅអ៊ីរ៉ង់ និងលីបង់ និងបង្ក ឲ្យមានភាពវិបប្លាសដល់សេដ្ឋកិច្ចពិភពលោកផងដែរ។
កាលពីថ្ងៃអាទិត្យ ទាហានអាម៉េរិក បានប្រកាសថា ខ្លួននឹងបិទខ្ទប់ចាប់ពីថ្ងៃចន្ទ នូវនាវាគ្រប់ជាតិសាសន៍ដែលចូល និងចេញ ពីកំពង់ផែ និងតំបន់តាមឆ្នេរអ៊ីរ៉ង់ ដោយសារមិនមានកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាម។ យោងតាមសេចក្តីប្រកាសរបស់បញ្ជាការយោធាអាម៉េរិកសម្រាប់មជ្ឈិមបូព៌ា Centcom. បានឲ្យដឹងថា យោធាអាម៉េរិកនឹងអនុញ្ញាតឲ្យចរាចរណ៍នូវនាវា ដែលមិនចេញ និងមិនធ្វើដំណើរទៅកាន់ អ៊ីរ៉ង់តាមច្រកសមុទ្រអ័រមូសនោះទេ ដែលនេះគឺជាច្រកឆ្លងកាត់យុទ្ធសាស្រ្តសម្រាប់ ពាណិជ្ចកម្មពិភពលោក និងការផ្គត់ផ្គង់ប្រេង។
បន្ទាប់ពីការប្រកាសនៃការបិទខ្ទប់ ប្រេងមួយបារ៉ែល នៅសហរដ្ឋអាម៉ែរិក បានហក់ឡើងជាង ១០០ដុល្លារ កាលពីថ្ងៃចន្ទ នៅពេលបើកទីផ្សារជួញដូរ ដែលកើនឡើងជាង ៨%។
ទោះបីជាលោកដូណាល់ ត្រាំ បានបញ្ជាក់ថា ការពិភាក្សាដែលមានរយៈពេលជាង ២០ម៉ោង បានប្រព្រឹត្តទៅ ល្អ ហើយថា ចំណុចភាគច្រើនត្រូវបានព្រមព្រៀងគ្នា ក៏ដោយ ក៏ប្រធានាធិបតីអាម៉េរិក លោកបានចាត់ទុកការបរាជ័យនេះ គឺ កើតឡើងដោយសារតែអ៊ីរ៉ង់បានបដិសេធមិនបោះបង់ពីបំណងចង់កាន់កាប់អាវុធនុយក្លេអ៊ែរ ដែលនេះគឺជាមហិច្ជតា ដែលទីក្រុងតេអេរ៉ង់ បានបដិសេធរួចហើយដែរ។
ចំណែករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោកអាបបាស អារ៉ាជី ដែលបានចូលរួមក្នុងកិច្ចចរចានៅទីក្រុងឥស្លាមម៉ាបាដ រដ្ឋធានីប្រទេសប៉ាគីស្ថាន បានអះអាងថា ប្រទេសទាំងពីរ ស្ថិតនៅ “ជិតការព្រមព្រៀង” ប៉ុន្តែបានចោទប្រកាន់ការបរាជ័យនៃកិច្ចចរចាបណ្តាលមកពី “ការរឹងត្អឹងរបស់អាម៉េរិក”។
អ្នកនាំពាក្យការទូតអ៊ីរ៉ង់ លោកអេស្មាអេល បាកាអី មុននេះបន្តិច លោកបានលើកឡើងអំពី បរិយាកាសនៃការសង្ស័យ និងការមិនទុកចិត្តគ្នា ហើយបានវាយតម្លៃ ច្បាស់លាស់ ថាការព្រមព្រៀងមិនអាចទទួលបាន “ក្នុងការជួបគ្នាតែមួយវគ្គ” នោះបានឡើយ។
ដោយមិនបានបញ្ជាក់លម្អិតអំពីវិធីសាស្រ្តនៃប្រតិបត្តិការដំណើររាំងខ្ទប់របស់អាម៉េរិកលើច្រកសមុទ្រ ខណៈពេលដែលផ្លូវឆ្លងត្រូវបានអ៊ីរ៉ង់បិទចាប់តាំងពីដើមសង្គ្រាម លោកដូណាល់ ត្រាំ បានបញ្ជាក់តាមសារពត៌មាន ហ្វ៉កញូ Fox News ថា ចក្រភពអង់គ្លេស និងប្រទេសមួយចំនួនទៀតនឹងបញ្ជូននាវាដោះមីនទៅទីនោះ។