សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅសាធារណរដ្ឋហ្វីលីពីន

លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។ ដំណើរអញ្ជើញនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងឱកាសអមដំណើរគណៈប្រតិភូនៅថ្ងៃទី៧ ខែឧសភា លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមមូលបទ ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា។ កិច្ចប្រជុំនេះគឺជាវេទិកាដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន ក្នុងការពិភាក្សាលើបញ្ហាយុទ្ធសាស្ត្រទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងការកំណត់មាគ៌ាឆ្ពោះទៅមុខ។

របៀបវារៈសំខាន់ៗដែលថ្នាក់ដឹកនាំនឹងលើកយកមកពិភាក្សារួមមាន ការធានាសន្តិសុខថាមពលក្នុងតំបន់និងភាពធន់ ស្ថិរភាពសន្តិសុខស្បៀង និងសុវត្ថិភាពរបស់ពលរដ្ឋអាស៊ាន។ បន្ថែមលើនេះ ថ្នាក់ដឹកនាំអាស៊ានក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីជំរុញអនាគតមួយប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពរឹងមាំផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត។ ក្រៅពីកិច្ចប្រជុំផ្លូវការ សម្ដេចធិបតីក៏មានគម្រោងជួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍រួមសម្រាប់ជាតិ និងតំបន់។

តាមការគ្រោងទុក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦៕

 

Daily Program

Livesteam thumbnail