សន្និសីទធនាគារនៅកម្ពុជា ប្រចាំឆ្នាំ២០២៥ ពិភាក្សាកម្រិតគោលនយោបាយចំនួន ៧ចំណុច

សមាគមធនាគារនៅកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារអាស៊ាន បានរៀបចំសន្និសីទធនាគារនៅកម្ពុជាលើកទី៤ ក្រោមប្រធានបទ៖ «ការលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន៖ នវានុវត្តន៍ឌីជីថល និងនិរន្តរភាព» ដែលបានធ្វើឡើងក្រោមអធិបតីភាពលោក គិត សុវណ្ណារិទ្ធ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា លោក Paul Gwee Choon Guan អគ្គលេខាធិការសមាគមធនាគារអាស៊ាន, លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា លោក Raymond Sia អនុប្រធានសមាគមធនាគារនៅកម្ពុជា និងលោក Sharad Jain នាយកប្រចាំប្រទេសកម្ពុជា វៀតណាម និងឡាវ នៃក្រុមហ៊ុន Mastercard។
សន្និសីទធនាគារនៅកម្ពុជាប្រចាំឆ្នាំ២០២៥ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៥ ក៏មានអ្នកចូលរួមប្រមាណជាង ៨០០នាក់។ ក្នុងនោះអ្នកចូលរួមដោយផ្ទាល់មានប្រមាណជាង ៥០០នាក់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញប្រមាណជាង ៣០០នាក់។ ក្នុងនោះវត្តមានចូលរួមមានមកពីតំណាងរាជរដ្ឋាភិបាល បណ្តាសមាជិកប្រទេសអាស៊ាន តំណាងប្រតិបត្តិករក្នុងវិស័យទូរគមនាគមន៍ វិស័យធនាគារ និងហិរញ្ញវត្ថុ និងអ្នករៀបចំគោលនយោបាយជាច្រើនរូប។
នាឱកាសនោះលោក គិត សុវណ្ណារិទ្ធ បានឱ្យដឹងថា ការជំរុញ និងលើកកម្ពស់កំណើនប្រកបដោយបរិយាបន្ន និងនិរន្តរភាព ត្រូវមានលើសពីគោលនយោបាយ បច្ចេកវិទ្យា និងយុទ្ធសាស្រ្ត ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីគ្រប់ភាគីរួមមាន រាជរដ្ឋាភិបាល វិស័យឯកជន សង្គមស៊ីវិល និងដៃគូអន្តរជាតិ។ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់នូវផែនទីបង្ហាញផ្លូវថ្នាក់ជាតិ ស្របពេលដែលធនាគារជាតិនៃកម្ពុជា ផ្តល់នូវផែនទីបង្ហាញផ្លូវក្នុងវិស័យ និងការគាំទ្រផ្នែកបទប្បញ្ញត្តិ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។ ជាមួយគ្នានេះវិស័យឯកជនមានសារៈសំខាន់ក្នុងការដឹកនាំអនុវត្តនូវយុទ្ធសាស្រ្តទាំងនេះដើម្បីបម្រើដល់ប្រជាពលរដ្ឋ។
លោក រ័ត្ន សោភ័ណ បានឱ្យដឹងដែរថា ប្រព័ន្ធហិរញ្ញវត្ថុសព្វថ្ងៃកាន់តែមានភាពស្មុគស្មាញ និងតែងតែផ្លាស់ប្តូររួមមានដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ រូបិយប័ណ្ណឌីជីថល ហិរញ្ញវត្ថុវិមជ្ឍការ ព្រមទាំងបរិស្ថាន សង្គម និងអភិបាលកិច្ច។សន្និសីទធនាគារនៅកម្ពុជាក្នុងឆ្នាំនេះ បានគូសបញ្ជាក់ពីរបៀបដែលវិស័យ ធនាគារ និងហិរញ្ញវត្ថុ ប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងការជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
លោក Paul Gwee Choon Guan បានគូសបញ្ជាក់ថា អាស៊ានកំពុងឈានទៅដល់របត់នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស បច្ចេកវិទ្យាកំពុងផ្លាស់ប្តូរនូវវិធីសាស្រ្តដែលយើងបម្រើអតិថិជន ហើយហិរញ្ញវត្ថុប្រកបដោយចីរភាពកំពុងកំណត់នូវមធ្យោបាយដែលយើងអាចវាស់វែងពីវឌ្ឍនភាព។ បន្ថែមលើនេះ បរិយាបន្នហិរញ្ញវត្ថុ បានរំលឹកយើងថា ការរីកចម្រើន និងភាពលូតលាស់ត្រូវតែផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប, សមាគមធនាគារអាស៊ាន ប្តេជ្ញាបន្តធ្វើការជាមួយសមាគមដែលជាសមាជិករបស់ខ្លួនទាំងអស់ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ចែករំលែកឧត្តមានុវត្តន៍ និងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដែលអាចដោះស្រាយទាំងបញ្ហាប្រឈម និងឱកាសក្នុងតំបន់។
នៅក្នុងសន្និសីទរយៈពេល២ថ្ងៃនេះស្របតាមយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ សម្រាប់កិច្ចពិភាក្សាកម្រិតគោលនយោបាយបានផ្តោតលើ៖
១៖ ចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ២០២៥៖ ឥទ្ធិពលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា ការថមថយនៃកំណើនសេដ្ឋកិច្ចសាកលក៏ជាធាតុផ្សំមួយ ដែលបណ្តាលឱ្យកំណើនយឺតនៃការនាំចេញរបស់កម្ពុជា ការថមថយនៃលំហូរទេសចរបរទេស។ អ្នកជំនាញក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការធ្វើពិពិធកម្មទីផ្សារ លើកកម្ពស់ភាពប្រកួតប្រជែង ពង្រឹងសហគ្រាសធុនតូច និងមធ្យម លើកកម្ពស់បរិវត្តកម្មឌីជីថល ការកែលម្អបរិយាកាសធុរកិច្ច ការធ្វើសមាហរណកម្មក្នុងអាស៊ានឱ្យកាន់តែស៊ីជម្រៅ និងការលើកកម្ពស់ការទូទាត់ឆ្លងព្រំដែន។
២៖ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)៖ ការ រីក ចម្រើន លើការអនុវត្តវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព(Sustainable Finance Taxonomy) របស់ប្រទេសកម្ពុជា ការ គ្រប់គ្រងហានិភ័យ បរិស្ថាន និងសង្គម និងក្របខ័ណ្ឌនៃរបាយការណ៍ព័ត៌មានអំពី ហានិភ័យ អាកាសធាតុ។ បទប្បញ្ញត្តិនៃ ESG ដែលមានតុល្យភាពអាចជំរុញការវិនិយោគបៃតង និងកំណើនសេដ្ឋកិច្ច។ ធនាគារជាតិ នៃកម្ពុជា ក្រសួងបរិស្ថាន និងគ្រឹះស្ថានធនាគារ បានបន្តផ្តោត និងធ្វើឱ្យប្រសើរឡើងលើបរិស្ថាន សង្គម និងអភិបាលកិច្ច ហានិភ័យអាកាសធាតុ និងឱកាសផ្តល់ប្រាក់កម្ចីបៃតង ហើយការកសាងសមត្ថភាពធនធានមនុស្សនៅតែជាការងារស្នូល ដើម្បីបន្តធ្វើការកសាងនូវប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ភាពធន់ និងអាកាសធាតុឆ្លាតវៃ។
៣៖ ប្រព័ន្ធទូទាត់និងសន្តិសុខសាយប័រ៖ ហានិភ័យសុវត្ថិភាពតាមអ៉ីនធើណិត ក៏ត្រូវបានលើកមកពិភាក្សាដោយបានអំពាវនាវឱ្យមានការឆ្លើយតបប្រកបដោយបុរេសកម្មទៅលើបច្ចេកវិទ្យា AI ចំពោះការកើនឡើងនូវការគំរាមកំហែងដែលកាន់តែស្មុគស្មាញ។ ហានិភ័យព័ត៌មានក្លែងក្លាយ លម្អៀង និងការព្រួយបារម្ភឯកជនភាព ព្រមទាំងការអំពាវនាវចំពោះក្របខ័ណ្ឌការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយការទទួលខុសត្រូវ។ អ្នកជំនាញក៏បានបញ្ជាក់ពីអនាគតនៃប្រតិបត្តិការឌីជីថលប្រកបដោយសុវត្ថិភាព ឧត្តមានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ។
៤៖ បញ្ញាសប្បនិម្មិតក្នុងវិស័យធនាគារ៖ បញ្ញាសប្បនិម្មិត (AI) ក្នុងវិស័យធនាគារធ្វើឱ្យប្រសើរឡើងនូវការកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនមានប្រសិទ្ធភាព និងភាពជឿជាក់របស់អតិថិជនប៉ុន្តែវាក៏ផ្សារភ្ជាប់នូវហានិភ័យទាក់ទងនឹងសុវត្ថិភាពព័ត៌មាន និងភាពឯកជនផងដែរ។ អ្នកជំនាញបានសង្កត់ធ្ងន់ពីសារៈសំខាន់លើការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទិន្នន័យ និងបានអំពាវនាវឱ្យមានកិច្ច សហការរវាងរដ្ឋាភិបាល អ្នកនៅក្នុងវិស័យធនាគារ និងអ្នកជំនាញបច្ចេកវិទ្យា ដើម្បីធានាបាននូវការទទួលខុសត្រូវផ្នែក AI ជាមួយនឹងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ និងគណនេយ្យភាព។
៥៖ ការទប់ស្កាត់ការក្លែងបន្លំ៖ ការក្លែងបន្លំ បានវិវត្តកាន់តែមានភាពស្មុគស្មាញខ្លាំង។ វាមិនត្រឹមតែខាតបង់ផ្នែកហិរញ្ញវត្ថុនោះ ទេ ប៉ុន្តែជាការបំផ្លាញទំនុកចិត្តរបស់សាធារណជន និងអតិថិជន។ ការចូលរួមលើកកម្ពស់អក្ខរកម្មឌីជីថលឱ្យកាន់តែរឹងមាំ ការប្រុងប្រយ័ត្នខ្ពស់ និងកិច្ចសហប្រតិបត្តិការរបស់វិស័យដើម្បីការពារទំនុកចិត្តរបស់អតិថិជន គឺត្រូវតែធ្វើជាចាំបាច់។
៦៖ ការទូទាត់ប្រាក់ឈ្នួលតាមឌីជីថល៖ វាគឺជាការលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងបរិយាបន្នហិរញ្ញវត្ថុនៃការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រ គោលនយោបាយ និងអក្ខរកម្មឌីជីថល។
៧៖ ស្ត្រី និងបរិយាបន្នហិរញ្ញវត្ថុ៖ ក្នុងប្រធានបទនេះអ្នកជំនាញបានជំរុញ និងលើកទឹកចិត្តក្នុងផ្តល់ហិរញ្ញប្បទានប្រកបដោយសមធម៌ បង្កើតផលិតផលនិងសេវាហិរញ្ញវត្ថុដែលជាតម្រូវការរបស់ស្រ្តី ជំរុញនវានុវត្តន៍ផលិតផលហិរញ្ញវត្ថុ ការប្រមូលទិន្នន័យពីការប្រើប្រាស់ឥណទានរបស់ស្រ្តី និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន៕


Daily Program
