ពីសហគ្រិនកសិកម្មទៅជា «គោលដៅលេខ១» របស់វិមានក្រឹមឡាំង ៖ រឿង​រ៉ាវ​របស់ រ៉ូបឺត ប្រូវឌី មេបញ្ជាការកងទ័ពដ្រូនអ៊ុយក្រែន

នៅក្នុងសមរភូមិសម័យថ្មីដែលបច្ចេកវិទ្យាគ្របដណ្តប់លើគ្រាប់កាំភ្លើង លោក រ៉ូបឺត ប្រូវឌី (Robert Brovdi) ហៅថា «ម៉េហ្គយ៉ា» (Madyar) បានប្រែក្លាយខ្លួនពីអតីតសហគ្រិន​ផ្នែក​កសិកម្ម​​ទៅ​ជា​ស្ថាបត្យករ​នៃសង្គ្រាមដ្រូនអ៊ុយក្រែន និងជាបុគ្គលដែលវិមានក្រឹមឡាំង​ចាត់​ទុក​ជា «គោលដៅ​កម្ទេច​ទី១»។

ជីវិតដ៏គួរឲ្យភ្ញាក់ផ្អើល និងកិច្ចការដ៏មានឥទ្ធិពលរបស់បុរសម្នាក់ កំពុងធ្វើឲ្យមហាអំណាច​រុស្ស៊ី​ញាក់សាច់។

ពីការធ្វើជំនួញអន្តរជាតិ មកកាន់លេណដ្ឋានសមរភូមិមុខ

មុនពេលការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី លោករ៉ូបឺត ប្រូវឌី មានជីវិតជោគជ័យក្នុងនាម​ជា​អ្នកជំនួញម្នាក់ ដែលធ្លាប់បានរស់នៅ និងរកស៊ីក្នុងប្រទេសចិន ហុងកុង សិង្ហបុរី ព្រមទាំង​មាន​ទំនាក់ទំនងកៀកស្អិតក្នុងវង់អំណាចនយោបាយអ៊ុយក្រែន។

ប៉ុន្តែពេលខ្យល់ព្យុះសង្គ្រាមមកដល់នៅដើមឆ្នាំ២០២២ លោកបានបោះបង់ចោលកិច្ចការ​ជំនួញ​ទាំងអស់ដើម្បីកាន់អាវុធការពារទឹកដី។ ដំបូងឡើយ លោកគ្រាន់តែចង់ចូលរួមជួយ​ជម្លៀស​ជនស៊ីវិល និងប្រយុទ្ធនៅទីក្រុងអៀពីន និងប៊ូចា ប៉ុន្តែភាព​វាងវៃ​ផ្នែកយុទ្ធសាស្ត្រ​បាន​ទាញ​​លោកឱ្យចូលជ្រៅទៅក្នុងវិស័យយោធា។

ពីការស៊ើបការណ៍ ដល់ឧស្សាហូបនីយកម្មសង្គ្រាមដ្រូន

នៅខែឧសភា ឆ្នាំ២០២២ លោកបានបង្កើតកងឯកភាពស៊ើបការណ៍ដែនអាកាសមួយ ដែល​មាន​​រហស្សនាមថា «បក្សីម៉េហ្គយ៉ា» (Madyar's Birds) ដោយឈ្មោះយកតាមប្រភពដើម​ជាជន​ជាតិ​ហុងគ្រីរបស់លោក។

ភាពខុសគ្នារវាងលោក ប្រូវឌី និងមេបញ្ជាការទូទៅដទៃទៀត គឺការយក «ផ្នត់គំនិតសហគ្រិន» មកអនុវត្តក្នុងជួរកងទ័ព។

ក្រុមរបស់លោកបានផ្តួចផ្តើមប្រើប្រាស់ដ្រូន FPV (First Person View) ដែលបញ្ជាតាមរយៈ​វ៉ែនតា​ផ្ទាល់ មិនត្រឹមតែសម្រាប់មើលសភាពការណ៍ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីវាយប្រហារកម្ទេច​ទីតាំង​សត្រូវដោយផ្ទាល់។

តាមការវាយតម្លៃរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) កងកម្លាំងដ្រូនក្រោម​ការ​ដឹកនាំ​​របស់លោក ដែលមានត្រឹមតែ ២,៥% ប៉ុណ្ណោះនៃកងទ័ពអ៊ុយក្រែនសរុប ប៉ុន្តែពួកគេ​គឺ​ជា​​អ្នកទទួលខុសត្រូវក្នុងការបំផ្លាញកងទ័ពរុស្ស៊ីរហូតដល់ ១ភាគ៣ ក្នុងអំឡុងពេល ១២ខែ​ចុងក្រោយ​នេះ។

ពេលដែលមូស្គូដាក់តម្លៃក្បាល ២០លានដុល្លារ

ភាពជោគជ័យដ៏ខ្លាំងក្លានេះ បានធ្វើឱ្យលោករ៉ូបឺត ប្រូវឌី ក្លាយជាគ្រោះថ្នាក់ធំបំផុត​សម្រាប់​ក្រុង​មូស្គូ។ កាលពីខែមីនា ឆ្នាំ២០២៦ តុលាការរុស្ស៊ីបានកាត់ទោសលោកដោយកំបាំងមុខ​ឲ្យ​ជាប់​ពន្ធនាគារជារៀងរហូត ខណៈដែលសារព័ត៌មានវ៉ល់ ស្ត្រីត ជូនណល់ (Wall Street Journal) បានទម្លាយថា វិមានក្រឹមឡាំងបានដាក់តម្លៃក្បាលលោកដល់ទៅ ២០លានដុល្លារ។

វិធានការសន្តិសុខជុំវិញខ្លួនលោកត្រូវបានពង្រឹងយ៉ាងតឹងរ៉ឹងបំផុត។ មេ​បញ្ជា​ការរូបនេះនៅតែ​រក្សា​ភាពរឹងមាំ ដោយបានថ្លែងប្រាប់សារព័ត៌មានបារាំងឡឺ ម៉ុង (Le Monde) យ៉ាងក្តែងៗថា សង្គ្រាមនេះនឹងមិនបញ្ចប់ឆាប់ៗទេ ប៉ុន្តែលោកចង់បន្តស្ថិតនៅក្នុង​កងទ័ព​ដដែល។

រឿងរ៉ាវរបស់ រ៉ូបឺត ប្រូវឌី គឺជាក់ស្តែងបង្ហាញថា សង្គ្រាមសម័យទំនើបមិនត្រឹម​តែត្រូវ​ការ​កាំភ្លើង​ធំ និងកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែវាទាមទារនូវការច្នៃប្រឌិត និងការគ្រប់គ្រង​បែប​​ធុរកិច្ចទំនើប។ ពីបុរសដែលមានអាជីវកម្មក្នុងដៃ មកជាមេបញ្ជាការយោធាដែលរុស្ស៊ី​ចង់​កម្ចាត់​​ចោលជាងគេ ឈ្មោះ «ម៉េហ្គយ៉ា» បានបង្កប់នូវនិមិត្តរូបនៃភាពធន់ និង​បច្ចេកវិទ្យា​សម័យ​​ថ្មីរបស់អ៊ុយក្រែនក្នុងសង្គ្រាមបច្ចុប្បន្ន។

 

Daily Program

Livesteam thumbnail
khmer popup image