បព្វជិតនៅទីក្រុងដាកាអំពាវនាវឱ្យស្ដាប់យុវជន និងអ្នកដែលត្រូវបានគេមើលរំលង

ព្រះសហគមន៍កាតូលិកនៅប្រទេសបង់ក្លាដែសត្រូវតែស្ដាប់យុវជន ក្រុមគ្រួសារ និងអ្នកដែលត្រូវបានគេមើលរំលង ឱ្យបានយកចិត្តទុកដាក់ជាងមុន ហើយត្រូវរួមបញ្ចូលពួកគេឱ្យបានពេញលេញនៅក្នុងជីវិត និងបេសកកម្មរបស់ព្រះសហគមន៍។ នេះជាប្រសាសន៍របស់លោកអគ្គអភិបាល ប៊ីជូយ ឌីគ្រូស (Bejoy N. D’Cruze) នៃព្រះសហគមន៍ភូមិភាគដាកា ក្នុងអំឡុងពេលរៀបចំសន្និបាតព្រះសហគមន៍ថ្នាក់ជាតិមួយ។

នៅក្នុងកម្មវិធីដែលមានរយៈពេលបីថ្ងៃនេះ កាលពីចុងខែកញ្ញា នៅមជ្ឈមណ្ឌលនៃក្រុមអន្តរក្រុមប្រឹក្សាអភិបាលនៃព្រះសហគមន៍កាតូលិកបង់ក្លាដែស ក្នុងទីក្រុងដាកា គ្រីស្តបរិស័ទបានប្រមូលផ្ដុំសមាជិកនៃក្រុមការងារសន្និបាត ប្រចាំភូមិភាគនានាទូទាំងប្រទេស។ កម្មវិធីនេះមានគោលបំណងពង្រឹងដំណើរការសន្និបាតរបស់ព្រះសហគមន៍ តាមរយៈការស្ដាប់ ការចូលរួម ការចែករំលែកទៅវិញទៅមក និងការចូលរួមក្នុងបេសកកម្មផ្សព្វផ្សាយដំណឹងល្អ។

លោកអគ្គអភិបាលបានថ្លែងថា សន្និបាតមានន័យថាការដើរជាមួយគ្នា។ វាមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ ឬកិច្ចប្រជុំមួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណើរការបន្តមួយនៃការស្ដាប់សមាជិកគ្រប់រូបរបស់ព្រះសហគមន៍ដោយយកចិត្តទុកដាក់ ការសន្ទនាគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមគ្នា។ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចូលរួមឱ្យកាន់តែសកម្មរបស់បូជាចារ្យ អ្នកបួស និងគ្រីស្តបរិស័ទ នៅក្នុងបេសកកម្មរបស់ព្រះសហគមន៍។

លោកបានមានប្រសាសន៍ថា នៅពេលបច្ចុប្បន្ននេះ ការចូលរួមយ៉ាងសកម្មរបស់មនុស្សគ្រប់រូបគឺមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យបេសកកម្មរបស់ព្រះសហគមន៍កាន់តែមានប្រសិទ្ធភាព។ លោកក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការចែករំលែកកាន់តែខ្លាំងក្លារវាងបូជាចារ្យ ដូនជី អ្នកបួស និងគ្រីស្តបរិស័ទ។

Daily Program

Livesteam thumbnail
khmer popup image