និស្សិតសន្តប៉ូលឆ្វេងយល់ពីបរិស្ថាន

វិទ្យាស្ថានសន្តប៉ូលរៀបចំកម្មវិធីបរិស្ថានលើកទី៧ក្រោមប្រធានបទ «សំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅសកល» នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយសហការជាមួយមន្ទីរបរិស្ថានខេត្តតាកែវ។ 

កម្មវិធីនេះមានការចូលរួមលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវ បុគ្គលិករបស់វិទ្យាស្ថានសន្តប៉ូល រួមនិងនិស្សិតសរុបប្រមាណស ១២០នាក់ ដើម្បីសិក្សាឈ្វេងយល់លើប្រធានបទខាងលើ។ 

លោកបណ្ឌិត ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល បានបញ្ជាក់ក្នុងសុន្ទរកថាស្វាគមន៍ក្នុងអង្គពិធីថា កម្មវិធីទិវាបរិស្ថានលើកទី៧នេះ ជួយអប់រំនិស្សិតរបស់វិទ្យាស្ថានឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបរិស្ថានក្នុងសង្គម ដោយរួមមានទីតាំងវិទ្យាស្ថាន សាលារៀន ផ្ទះសម្បែង និងតាមទីសាធារណៈនានាក្នុងប្រទេស។ 

លោកនាយកវិទ្យាស្ថានសន្តប៉ូលរូបនេះបន្តថា  កម្មវិធីនេះទៀតសោធ បញ្ចៀបនិស្សិតអំពី៖
• ការប្រើប្រាស់ និងការគ្រប់គ្រងសំណល់ប្លាស្ទិក៖ ផលប៉ះពាល់នៃសំណល់ប្លាស្ទិក ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការប្រើប្រាស់ផលិតផលជំនួសប្លាស្ទិក។
• ការប្រែប្រួលអាកាសធាតុ៖ កត្តានៃការកើនកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ ការទប់ស្កាត់ និងផលវិបាកចំពោះជីវិតលើផែនដី។ 

ក្នុងសុន្ទរកថាបើករបស់លោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្តតាកែវបានលើកឡើង និងបញ្ជាក់ផងដែរថា៖ «បរិស្ថានគឺជាយើងម្នាក់ៗ ហេតុនេះយើងត្រូវតែចេះថែរក្សាបរិស្ថានរស់នៅ បរិស្ថានធម្មជាតិ និងបរិស្ថានសង្គម»។ 

លោកបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់វិទ្យាស្ថានសន្តប៉ូលដែលតែងតែរៀបចំទិវាបរិស្ថានជាប្រចាំឆ្នាំ។ 

ក្រោយបញ្ចប់សិក្ខាសាលា និស្សិត និងបុគ្គលិកទាំងអស់ រួមជាមួយមន្ត្រីមន្ទីរបរិស្ថានខេត្តតាកែវបាន ធ្វើការសម្អាតបរិស្ថានរួមគ្នាផងដែរ។ 

ទាក់ទងជាមួយបញ្ហាបរិស្ថាននេះផងដែរ ប្រមុខដឹកនាំជាន់ខ្ពស់របស់ព្រះសហគមន៍កាតូលិក គឺសម្តេចប៉ាបឡេអីទី១៤ ទ្រង់បានយកព្រះទ័យទុកដាក់ជាខ្លាំង ដោយព្រះអង្គបានជំរុញឲ្យមនុស្សនៅក្នុងពិភពលោក បន្តខំខិតចូលរួមថែរក្សាបរិស្ថាននៅជុំវិញខ្លួនឲ្យបានខ្លាំងខ្លា។ 

សម្តេចប៉ាបបន្តថា អ្វីៗទាំងអស់ដែលមាននៅលើពិភពលោកនេះ ជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហេតុនេះយើងគ្រប់គ្នាត្រូវចូលរួមថែរក្សាឲ្យបានល្អ និងគង់វង្ស ជាពិសេសត្រូវកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកចាប់ពីខ្លួនយើងម្នាក់។ 

លោក ផុន សុផល បានបញ្ជាក់បន្ថែមថា វិទ្យាស្ថានសន្តប៉ូលយើង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សកម្រិតឧត្តមសិក្សារបស់ព្រះសហគន៍កាតូលិកតែមួយគត់ក្នុងខេត្តតាកែវ បានរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះចំណេះដឹងដល់យុវជនក្រីក្រក្នុងតំបន់ និងមកពីតំបន់ឆ្ងាយៗ ឲ្យមានចំណេះជំនាញច្បាស់លាស់ដើម្បីបំពេញការងារហើយទទួលបានប្រាក់ខែរសមរម្យ និងបានចូលរួមអភិវឌ្ឍន៍សង្គមជាតិផងដែរ។ 

លោកបន្តថា និស្សិតសន្តប៉ូល ក៏ទទួលបាននូវបំណិនជីវិត ស្គាល់ពីតំលៃនៃការចូលរួមថែរក្សាបរិស្ថាន ស្រឡាញ់ធម្មជាតិ និងបានយល់ច្បាស់ពីផលប៉ះពាល់នេះនៃការប្រើប្រាស់ផ្លាស្ទិក៕ 

វិទ្យាស្ថានសន្តប៉ូលជាស្ថាប័នអប់រំរបស់ព្រះសហគមន៍កាតូលិក មានទីតាំងស្ថិតនៅក្នុងស្រុក អង្គតាសោម ក្នុងខេត្តតាកែវ៕


ដោយ ឆាក លាំង

Daily Program

Livesteam thumbnail