ច្រកសមុទ្រអ័រមូស ប្រតិបត្តិការសេរីភាព ត្រូវបានផ្អាក ការប្រែប្រួលចិត្តសាជាថ្មី​របស់​លោកដូណាល់ ត្រាំ

ជាការប្រែចិត្តភ្លាមៗ ម្តងទៀត ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាស​កាល​ពីថ្ងៃទី៥ ខែឧសភា ថា លោកនឹងផ្អាកប្រតិបត្តិការយោធាថ្មី ដែលសំដៅបើករបៀង​ធ្វើ​នាវាចរណ៍នៅច្រកសមុទ្រអ័រមូសសម្រាប់នាវាពាណិជ្ជកម្ម។ សេចក្តីប្រកាសរបស់លោក ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម បានកើតមានឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តី ការ​បរទេសអាម៉េរិក លោកម៉ាកកូ រូប៊ីយ៉ូ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានបញ្ចប់​ប្រតិបត្តិ​ការ​ប្រយុទ្ធ ប្រឆាំងនឹងអីរ៉ង់។

មានតែនាវាពាណិជ្ជកម្មចំនួន ៣ ប៉ុណ្ណោះ បានជោគជ័យក្នុងការឆ្លងកាត់ច្រកសមុទ្រ ចាប់តាំង​ពីការធ្វើប្រតិបត្តិការយោធារបស់អាម៉េរិកនេះ ដែលដាក់ឈ្មោះថា ប្រតិបត្តិការសេរីភាព។

បើយោងតាមលោកដូណាល់ ត្រាំ ការផ្អាកនេះកើតមានឡើងបន្ទាប់ពីមានការ​ស្នើសុំរបស់​ប្រទេសប៉ាគីស្ថាន និងប្រទេសដទៃៗ ទៀត សូមឲ្យផ្អាកបណ្តោះអាសន្ន​នូវប្រតិបត្តិការយោធា​អាម៉េរិក ដែលរួមមាន​ការប្រើប្រាស់នាវាចម្បាំងដើម្បីធានាសន្តិសុខដល់ច្រកឆ្លងកាត់។ លោក​បាន​បញ្ជាក់ថា ការផ្អាកនេះនឹងមានក្នុងអំឡុង​មួយរយៈពេលខ្លីដើម្បីមើលថា តើកិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយអ៊ីរ៉ង់អាចត្រូវបានធ្វើឲ្យសម្រេច និងចុះហត្ថលេខាដែរឬទេ? និយាយ​ម្យ៉ាង​ទៀត ប្រសិនបើកងម៉ារីនអាម៉េរិកនឹងបន្តទប់ស្កាត់នាវាទាំងឡាយចេញ ឬចូល​ទៅ​​កំពង់ផែ​អ៊ីរ៉ង់ ប្រតិបត្តិការយោធា​ខាង​ផ្លូវអាកាស និងនាវា ដែលសំដៅរៀបចំសន្តិសុខ​ច្រក​សមុទ្រ​សម្រាប់​នាវាចរណ៍ពាណិជ្ជកម្ម នឹងត្រូវបានព្យូរទុកសិន។

នៅក្នុងអំឡុងពេលនេះ រដ្ឋបាល​អាម៉េរិកបានការពារ​ប្រសិទ្ធភាពនឹងប្រតិបត្តិការយោធាថ្មី និង​ព្យាយាមបញ្ចុះបញ្ចូល​អ្នក​កាសែតថា ប្រតិបត្តិការសេរីភាព នឹងហុចលទ្ធផលល្អ។ រឿងនេះ គឺ​ថា ទោះបីជា​មានការ​បាញ់​មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងនឹងនាវាអាម៉េរិក ចាប់តាំងពីថ្ងៃ​ដំបូង​​នៃប្រតិបត្តិការ តែ​អាម៉េរិកបានបំផ្លាញយ៉ាងហោចណាស់ ទូកល្បឿនលឿន​របស់អ៊ីរ៉ង់ ៦​គ្រឿង ជាការ​សងសឹក។

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិក លោកផេតេ ហេសេត បានរៀបរាប់នៅក្នុងអំឡុងសន្និសីទ​សារព័ត៌មានមួយថា បេសកកម្មរបស់អាមេរិកក្នុងការការពារនាវាពាណិជ្ជកម្មនៅច្រក​សមុទ្រ​អ័រមូស ដែល​លោកបានហៅថា ជា “អំណោយផ្ទាល់” ពីទីក្រុងវ៉ាស៊ីនតុន ទៅកាន់ប្រទេស​ផ្សេងៗ ត្រូវបានគ្រោងឲ្យមានតែបណ្តោះអាសន្ន បន្ទាប់មកប្រទេសផ្សេងៗ​ត្រូវទទួលខុសត្រូវ​បន្ត​ទៀត។ លោកក៏បន្តអះអាងលើការណ៍​ដែលបទឈប់បាញ់ដែលផុយស្រួយជាមួយអ៊ីរ៉ង់ នៅ​តែប្រកាន់ភ្ជាប់ជានិច្ច ទោះបីជាមានការវាយប្រហារដែលសំដៅនាវា។ នៅក្បែរលោកដែរ ឧត្តមសេនីយ៍ដាន ខេន បានរៀបរាប់ថា មាននាវិកជាង ២២៥០០នាក់ ដែលបានរាយប៉ាយ​លើ​នាវាពាណិជ្ជកម្មជាង ១៥៥០ គ្រឿង កំពុងរង់ចាំឆ្លងកាត់ច្រកសមុទ្រអ័រមូស ហើយលោក​បញ្ជាក់​ថា បញ្ជាការកណ្តាលបានបង្កើត “តំបន់សុវត្ថិភាពដែលត្រូវបានពង្រឹងរឹងម៉ាំ” នៅផ្នែក​ខាង​ត្បូង ក្រោមការការពាររបស់កងកម្លាំងយោធាអាមេរិក។

បើតាមការបញ្ជាក់របស់លោកខេន ចាប់តាំងពីការប្រកាសឈប់បាញ់ អ៊ីរ៉ង់បានបាញ់លើនាវា​ពាណិជ្ជកម្ម ៩ដង ចាប់យកនាវាបាន ២គ្រឿង ហើយបានធ្វើការវាយប្រហារជាង ១០ដង លើ​កងកម្លាំងយោធាអាមេរិក។ ទោះជាយ៉ាងណា លោកបាន​បន្ថែមថា “អ្វីៗទាំងនេះនៅតែ​ស្ថិត​ក្រោម​កម្រិតនៃប្រតិបត្តិការប្រយុទ្ធធំៗ ទេ នៅដំណាក់កាល​នេះ”។

មន្ត្រីជាន់ខ្ពស់ទាំងពីរបានបង្ហាញមតិរបស់ខ្លួន បន្ទាប់ពីការផុតកំណត់ខាងផ្លូវច្បាប់មួយ ដែល​បង្ខំ​ឲ្យសេតវិមានត្រូវសុំការអនុញ្ញាតពីសភាអាម៉េរិក ដើម្បីបន្តការវាយប្រហារនៅលើអ៊ីរ៉ង់ បើ​លើស​ពីរយៈពេល៦០ថ្ងៃ។

លោកផេតេ ហេសេត បានអះអាងថា ការបង្ខំរបស់ច្បាប់នេះ មិនអាចអនុវត្តបានទេ ដោយសារ​តែមានបទឈប់បាញ់។ មតិនេះក៏ត្រូវបានលោកម៉ាកកូ រូប៊ីយ៉ូ រដ្ឋមន្រ្តីការ​បរទេស​អាម៉េរិក គាំទ្រផងដែរ ប៉ុន្តែវាត្រូវបានគណបក្សប្រជាធិបតេយ្យប្រឆាំង។

 

 

Daily Program

Livesteam thumbnail