ចេញពីគ្រោះរាំងស្ងួតទៅដល់ភ្លៀងព្យុះទឹកជំនន់ អង្គការសហប្រជាជាតិ ព្រមានអំពី ភាពច្របូកច្របល់នៃវដ្តិរបស់ទឹក

យោងតាមរបាយការណ៍នៃអង្គការឧតុនិយមពិភពលោក OMM កាលពីសប្តាហ៍មុន បានឲ្យ ដឹងថា វដ្តិទឹកនៅក្នុងពិភពលោក កាន់តែជួបវិបប្លាសខ្លាំងឡើងៗ និងឆ្លាស់គ្នារវាងគ្រោះរាំង ស្ងួត ខ្យល់ព្យុះភ្លៀងទឹកជំនន់។
ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិបានព្រមានអំពីផលវិបាកដែលកើនឡើងពីវដ្តិទឹកដែលជួនកាលមានលើសលុប និងជួនកាលទៀតមានភាពខ្វះខាត។ ទាំងនេះជះឥទ្ធិពលទាំងមកលើសេដ្ឋកិច្ច និងសង្គមនៅកម្រិតភពផែនដីតែម្តង។
អគ្គលេខានៃអង្គការឧតុនិយមពិភពលោក លោកស្រីសេឡេស្ត៍ សូឡូ បានគូសបញ្ជាក់ ថា ៖ “ឧទាហរណ៍ចុងក្រោយនៃវត្តមានអំពីការបំផ្លិចបំផ្លាញដ៏ខ្លាំងក្លា ដែលពាក់ព័ន្ធទៅនឹងទឹកជំនន់ដ៏មហន្តរាយ គឺដូចជាមានព្យុះភ្លៀងមូសុងនៅប្រទេសប៉ាគីស្ថាន ទឹកជំនន់នៅប្រទេសស៊ូដង់ខាងត្បូង និងការកើតទឹកជំនន់ផ្លេកបន្ទរដែលបំផ្លាញជីវិតនៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ីជាដើម។”
កាលពីឆ្នាំ២០២៤ មានតែ ១/៣ នៃអាងដងទន្លេពិភពលោកដែលកត់ត្រាឃើញនៅមានលក្ខខណ្ឌធារទឹកនៅធម្មតា បើប្រៀបធៀបនឹងតួលេខ ១/២ នៅរវាងឆ្នាំ១៩៩១-២០២០។ ចំណែក ២/៣ ទៀត បើមិនមានទឹកច្រើនពេក ក៏មានទឹកតិចពេកដែរ។
អង្គការឧតុនិយមពិភពលោក ប្រកាសអាសន្នថា នេះគឺជាឆ្នាំទី២ បន្តគ្នា នៃអតុល្យភាពនៃវដ្តិនៃទឹក។
លោកស្រីសូឡូ បានបញ្ជាក់ដែរថា ៖ “ធនធានទឹកស្ថិតនៅក្រោមសំពាធកាន់តែធ្ងន់ធ្ងរ និង ព្រឹត្តិការណ៍អាកាសធាតុខ្លាំងហួសហេតុមានឥទ្ធិពលផ្ទាល់ និងកាន់តែខ្លាំងឡើងៗលើជីវិតរបស់មនុស្ស និងសេដ្ឋកិច្ច”។
ឆ្នាំ២០២៤ កន្លងទៅ គឺជាឆ្នាំដែលក្តៅបំផុតដែលមិនធ្លាប់បានកត់ត្រា ជាមួយនឹងបាតុភូតអេល នីណូជាបន្តបន្ទាប់ ដែលបង្កើនគ្រោះរាំងស្ងួតនៅក្នុងតំបន់ជាច្រើន ហើយតំបន់ខ្លះទៀត ក៏មាន លក្ខខណ្ឌទឹកច្រើនលើសពីធម្មតា។
អង្គការឧតុនិយមពិភពលោក បានបង្ហាញឲ្យឃើញនូវតំបន់ជាច្រើនដែលរងផលប៉ះពាល់ជា ពិសេស។ ធារទឹកគឺស្ថិតនៅក្រោមខ្លាំងពីកម្រិតធម្មតានៅក្នុងអាងទន្លេនៅតំបន់មួយចំនួនដូចជា តំបន់អាម៉ាហ្សូន សៅហ្វ្រ៉ង់ស៊ីស្កូ ប៉ារ៉ាណា អូរ៉េណូក អាម៉េរិកខាងត្បូង និងតំបន់ហ្សំបេស លីមប៉ូប៉ូ អូកាវ៉ាន់ហ្គ៉ូ អូរ៉ង់ហ្ស៍ និងនៅអាហ្វ្រិកខាងត្បូង។ ប៉ុន្តែនៅអាហ្វ្រិកខាងលិច ទឹកជំនន់ធំៗ បានវាយប្រហារប្រទេសហ្ស៉េណេហ្គាល់ នីហ្ស៉េ បឹងឆាត និងអាងទន្លេវ៉ុលតា។
នៅអឺរ៉ុបកណ្តាល និងនៅអាស៊ី កម្រិតទឹកទន្លេ បានកើនលើសកម្រិតមធ្យម ហើយកម្រិតទឹកបានហក់ឡើងនៅអាងទន្លេសំខាន់ៗ ដូចជាទន្លេ ដាណូប ទន្លេគង្គារ ទន្លេហ្គ៉ូដាវ៉ារី និងទន្លេឥណ្ឌូស ជាដើម។
ការផ្សំគ្នាដ៏ហួសហេតុគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភនៃភាពច្របូកច្របល់ខាងអាកាសធាតុនៅកមិ្រតពិភពលោកតែម្តង។
របាយការណ៍ក៏បានបញ្ជាក់អំពីការទាញមកប្រើប្រាស់ដ៏លើសលុបនៃទឹកក្រោមដី ដែលនេះក៏ ជាបញ្ហាមួយដ៏ចម្បងដែរ។ សម្រាប់នៅប្រទេសចំនួន ៤៧ ដែលយកមកសិក្សា មានតែ ៣៨% នៃអណ្តូងទឹកឃើញនៅមាកម្រិតទឹកធម្មតា។ ការទាញយកមកប្រើប្រាស់លើសលុបទឹកក្រោមដីនេះ គម្រាមកំហែងដល់ប្រភពទឹកក្នុងរយៈពេលវែង និងធ្វើឲ្យធ្ងន់ធ្ងរដល់ស្ថានភាពសម្រាប់ប្រព័ន្ធបរិស្ថាន ព្រមទាំងប្រជាជនដែលពឹងផ្អែកលើធនធានទាំងនេះ។
អង្គការឧតុនិយមពិភពលោក អំពាវនាវឲ្យរដ្ឋាភិបាលនានា អង្គការ និងសាជីវកម្មធំៗ ប្រកាន់ យកនូវវិធានការជាក់ស្តែងដើម្បីធ្វើឲ្យវដ្តិទឹកមានស្ថិរភាពឡើងវិញ និងការពារធនធានសំខាន់ៗ សម្រាប់មនុស្សជំនាន់ក្រោយផង។
Daily Program
