ថ្ងៃទី0៥ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាថាយ ២,១-១២ បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ

ថ្ងៃនេះលោកពុកចង់ឱ្យយើងរិះគិតពិចារណា ជាថ្ងៃមួយដែលពួកហោរាចារ្យទាំងពីរនាក់ បានធ្វើដំណើរ​ពី​ស្រុកឆ្ងាយ​មកដើម្បីថ្វាយបង្គំព្រះយេស៊ូ។  ប៉ុន្តែអ្វីដែលសំខាន់បំផុតនៅក្នុងដំណើររឿង ​ហោរាចារ្យ​មក​ជួប​ព្រះយេស៊ូនេះគឺព្រះអង្គសម្តែងព្រះអង្គផ្ទាល់ឱ្យជនដទៃដែលអត់ស្គាល់ព្រះអង្គបានឃើញ ដោយសារ​ពួក​ហោរាចារ្យគឺជាតំណាងជនជាតិដទៃផ្សេងទៀត ដែលធ្វើដំណើរមកពីទិសផ្សេងៗមកដើម្បីបានស្គាល់​ព្រះយេស៊ូ។

នៅពេលដែលលោកពុករៀនទស្សនៈវិជ្ជា និងទេវិជ្ជានៅប្រទេសភីលីពីនមានម្តង​ដែលសាស្រ្តា​ចារ្យ​បា​ន​សួរ​យើង​នៅក្នុងថ្នាក់រៀន ​គាត់សួរថា យើងដែលឃើញព្រះជាម្ចាស់​ឬអត់? ថ្ងៃ​នេះ​លោក​ពុកចង់សួរ​ទៅ​កូន​ទាំងអស់គ្នា តើយើងដែលឃើញព្រះជាម្ចាស់ឬអត់? អ្នកខ្លះគាត់ឃើញ​ព្រះជា​ម្ចាស់​តាមរយៈការអធិដ្ឋាន នេះ​ត្រឹមត្រូវ! ដោយសារតាមរយៈការអធិដ្ឋានយើងចូលតាមរយៈ​ផ្លូវវិញ្ញាណ​របស់​យើងដើម្បីជួបព្រះអង្គ ប៉ុន្តែព្រះជាម្ចាស់ដែលមានសាច់មានឈាម យើងដែលជួប​ព្រះអង្គឬនៅ?

​ពេលដែលលោកពុករិះគិតអំពីសំណួរមួយនេះ អ្វីដែលលោកពុកនឹកឃើញបំផុតគឺអ្នកក្រីក្រ អ្ន​កក្រីក្រ​ដែល​លោកពុកជួបរាល់ថ្ងៃ អ្នកក្រីក្រដែលពួកគាត់ជួបបញ្ហានៅក្នុងជីវិតរបស់គាត់។ ដូច្នេះពាក្យក្រីក្រ​មួយម៉ា​ត់​មិនមែនសំដៅទៅលើអ្នកដែលក្សត់ទ្រព្យសម្បត្តិសូម្បីតែអ្នក្សត់សេចក្តីស្រឡាញ់ សូម្បីតែអ្នកដែលក្សត់​សេចក្តី​មេត្តាករុណា សូម្បីតែអ្នកដែលក្សត់នៅចិត្តដែលចេះដាក់​ខ្លួន បន្ទាប់ខ្លួន​ទាំងអស់នេះ​​គឺសុទ្ធ​តែ​ជា​អ្នក​ក្រីក្រ។ ដូច្នេះមានអ្នកក្រីក្រច្រើនប្រភេទមិនមែនតែអ្នកក្រីក្រអត់ទ្រព្យសម្បត្តិតែប៉ុណ្នឹង អ្នកខ្លះអត់​មាន​​សីលធម៌ អ្នកខ្លះអត់មានចិត្តស្រឡាញ់! ដូច្នេះទាំងអស់នេះបញ្ជាក់ពីភាពក្រីក្រ។

ប៉ុន្តែជាមួយអ្នកក្រីក្រ​នេះ​លោកពុកមើលឃើញព្រះជាម្ចាស់ ព្រះអង្គធ្វើដំណើរជាមួយពួក​គេនៅ​ក្នុង​ដំណើរ​ជីវិតរបស់គេផ្ទាល់។ ដំណើរជីវិតនេះនាំឱ្យលោកពុកយល់ថា ព្រះជាម្ចាស់បង្ហាញខ្លួន​ព្រះអង្គ​ឱ្យ​លោក​ពុក​ស្គាល់។ អ្នក​ក្រីក្រទាំងអស់ អ្នកជួបទុក្ខលំបាកទាំងអស់ អ្នកខ្វះអ្វីៗទាំងអស់ដែលលោកពុកបាន​រៀបរាប់​ខាង​លើ​គឺ​សុទ្ធ​តែជាព្រះភក្ត្ររបស់ព្រះជាម្ចាស់ដែលព្រះអង្គសម្តែងព្រះអង្គឱ្យលោកពុកស្គាល់។

ដូច្នេះអ្វីដែលលោកពុក​រៀនអំពីយើងទាំងអស់គ្នាគួររៀនពីថ្ងៃបុណ្យ ជាពិសេសថ្ងៃបុណ្យ​ដែលព្រះយេស៊ូ​សម្តែង​ព្រះអង្គនៅថ្ងៃ​នេះ ទីមួយ​​គឺ​ចង់ឱ្យយើងទាំង​អស់គ្នាក្លាយទៅជា​ព្រះភក្រ្តរបស់​ព្រះជាម្ចាស់​សម្រាប់​អ្នក​ដទៃ អ្នកក្រីក្រ អ្នក​ដែលអត់ស្គាល់ព្រះអង្គ ប៉ុន្តែយើងធ្វើជាព្រះភក្ត្រយ៉ាងម៉េច?គឺជីវិតរបស់​យើងផ្ទា​ល់​ម្នាក់ៗ​ព្រះយេស៊ូ​យាង​មក​ព្រះអង្គដាក់ខ្លួនកើតនៅក្នុងក្រោលសត្វ នេះបញ្ជាក់អំពីការចេះដាក់ខ្លួន។

ទីពីរកំណើត​របស់​ព្រះយេស៊ូនាំឱ្យទេវទូតចម្រៀងកោតសរសើរបង្ហាញពីអំណរសប្បាយ តើយើងជា​ព្រះភក្រ្ត​របស់​ព្រះជាម្ចា​ស់​សម្រាប់អ្នកដែលអត់ស្គាល់ព្រះអង្គសោះ? ដូចព្រះយេស៊ូជាព្រះភក្រ្តរបស់ពួក​ហោរាចារ្យ​ដែល​អត់​ស្គាល់​ព្រះអង្គសោះ! យើងដូចគ្នា គួរក្លាយជាប្រភពនៃអំណរសប្បាយពេលយើងស្តាប់​ព្រះបន្ទូល ​យើង​រស់​នៅ​ក្នុងជីវិតរបស់យើង តើយើងអាចរស់ប្រកបដោយអំណរសប្បាយបានដែរឬអត់?

ទីបីដំណឹងដែល​ព្រះយេស៊ូចាប់​កំណើត​មិនមែនគ្រាន់តែជាដំណឹងមួយដែលនាំឱ្យយើងសប្បាយតែប៉ុណ្ណឹង ប៉ុន្តែជា​ដំណឹង​មួយដែលព្រះអង្គជ្រើសរើសបង្ហាញចិត្តមេត្តាករុណាចំ​ពោះអ្នកទន់​ខ្សោយ ជាពិសេស​អ្នកក្រីក្រ គង្វាល​ចៀម ពួកហោរាចារ្យដែលមកពីឆ្ងាយ។ តាមរយៈបទពិសោធន៍នេះគឺយើងក្លាយទៅ​ជាប្រភពនៃ​ចិត្ត​មេត្តា​ករុណាចំពោះអ្នកទន់ខ្សោយ។ ទាំងបីនេះសុំឱ្យយើងយកទៅសួរខ្លួនឯង តើខ្ញុំ ខ្ញុំខ្លួន​ឯង​​ផ្ទាល់​អាច​ធ្វើជាព្រះភក្ត្ររបស់ព្រះជាម្ចាស់ ដើម្បីសម្តែងព្រះភក្រ្តរបស់​ព្រះជាម្ចាស់​ទៅកាន់អ្ន​ក​ផ្សេង​​ទៀត​​ដូច​ព្រះ​យេស៊ូសម្តែងព្រះអង្គទៅកាន់ពួកហោរាចារ្យ ពួកគង្វាល? តើខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំបង្ហាញ ឬខ្ញុំ​យក​ព្រះភក្រ្ត​របស់​ព្រះជាម្ចាស់នេះទៅបង្ហាញចំពោះអ្នកដទៃយ៉ាងដូចម្តេច?

ដូច្នេះ តើយើងគួរធ្វើអ្វីដើម្បីកុំឱ្យព្រះភក្រ្ត​របស់​ព្រះជាម្ចាស់បាក់មុខចំពោះសាសន៍ដទៃ ចំពោះ​ជន​ជាតិ​ដទៃ ចំពោះអ្នកកាន់សាសនាដទៃ ​ដែលគេអត់ស្គាល់ព្រះអង្គ? សូមទូលអង្វរព្រះជា​ម្ចាស់នៅក្នុង​សប្តាហ៍​​នេះ​គឺឱ្យយើងក្លាយទៅជាប្រភពនៃភាពចេះដាក់ខ្លួន អំណរសប្បាយ ហើយនឹង​មាន​ចិត្ត​មេត្តា​ករុណា?

 

Daily Program

Livesteam thumbnail