ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី វីរជនចូលរួមបង្រួបបង្រួមប្រទេសអ៊ីតាលី

ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី (Giuseppe Garibaldi) កើតនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨០៧ នៅ ទីក្រុងនីស ដែលជាចក្រភពបារាំងទី១ នៅសម័យនោះ។

ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី គឺជាវីរបុរសនៃចលនា រីស័រហ្ស៊ីម៉ង់តូ ដែល​ជាចលនា​ប្រវត្តិសាស្ត្រ​នៅសតវត្សទី១៩ ដែលនាំឲ្យប្រទេសអ៊ីតាលីត្រូវបានរួមបញ្ចូលជារដ្ឋឯកភាព ជារាជាណាចក្រអ៊ីតាលីនៅឆ្នាំ១៨៦១។ វាជាចលនាដែលរួមបញ្ចូលទាំងអត្តសញ្ញាណវប្បធម៌ សង្គម និងនយោបាយអ៊ីតាលី។

ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី ជាអ្នកបង្កើតកងកម្លាំង រ៉េដស្ហឺត ដែលជាទ័ពស្ម័គ្រចិត្ត ដែល​បាន​ចូលរួមក្នុងការប្រយុទ្ធដើម្បីឯកភាពអ៊ីតាលី។ ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី នៅឆ្នាំ​១៨៦០ បានដឹកនាំកងទ័ពប្រហែល ១០០០នាក់ ទៅកាន់កោះ ស៊ីស៊ីលី ដើម្បីដណ្តើមយក​រាជាណាចក្រ ណាប្ល៍ មករួមបញ្ចូលជា​អ៊ីតាលី។ លោកបានចូលរួម​ក្នុង​សង្រ្គាម​ឯករាជ្យអ៊ីតាលី​ពី​បារាំង ជាមួយនិងបទពិសោធន៍ពីការប្រយុទ្ធរបស់លោក​ជាច្រើន​នៅ​តំបន់អាម៉េរិកខាងត្បូង ដូចជានៅប្រេស៊ីល និងអ៊ុយរូហ្គាយ ដែលបានបង្រៀនលោក​អំពី​យុទ្ធសាស្រ្ត​ក្នុងការ​ប្រយុទ្ធជា​ក្រុមតូចៗ។

ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី គឺជាឧត្តមសេនីយ៍ អ្នកនយោបាយ និងជាអ្នកជាតិនិយម​អ៊ីតាលី។ លោកត្រូវបានចាត់ទុកជាបិតានៃប្រទេសអ៊ីតាលីសម័យទំនើប​ជាមួយនិង​អ្នក​ជាតិ​និយម​ផ្សេងៗ ទៀត ដូចជា កាមីឡូ កាវួ ស្តេច វីកទ័រ អេម៉ានូអែលទី២ និងលោក​ហ្ស៊ីយូសសេពប៉េ ម៉ាហ្ស៊ីនី។

ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី គឺជាបុគ្គលគ្រឹះនៃចលនា រីស័រហ្ស៊ីម៉ង់តូ ដែលខ្លួនលោកបាន​ផ្ទាល់​បានចូលរួមក្នុងការប្រយុទ្ធផ្ទាល់ និងដឹកនាំយុទ្ធនាការយោធា​ជាច្រើនដែល​អនុញ្ញាត​ឲ្យ​មាន​ការបង្កើតរដ្ឋអ៊ីតាលីមួយដែលឯកភាពដែលកាលនោះ​នៅជារាជាណាចក្រតូចៗ ជា​ច្រើន។ ​​លោកបានព្យាយាមជាញឹកញាប់ក្នុងការអនុវត្តក្រោមអំណាចស្របច្បាប់ ដូច្នេះវាមិន​អាច​និយាយ​ថា លោកជាជនបដិវត្តន៍ទាំងស្រុងដែរ។ លោកត្រូវបានតែងតាំងជាឧត្តមសេនីយ៍​ដោយ​រដ្ឋាភិបាលបណ្តោះអាសន្ននៃទីក្រុងមីឡង់ នៅឆ្នាំ១៨៤៨ ជាឧត្តមសេនីយ៍​នៃសាធារណ​រដ្ឋរ៉ូមឆ្នាំ១៨៤៩ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយលោកហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី ក៏បានចូលរួមក្នុងយុទ្ធនាការយោធាកងពាន់នាក់ ដោយក្នុងនាម និងក្រោមការយល់ព្រម​ពី​ស្តេច​​វីកទ័រ អេម៉ានូអេល ទី២ ដែលជាស្តេចដំបូងនៃរាជាណាចក្រអ៊ីតាលី។

ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី មានរហស្សនាមថា វីរបុរសនៃពិភពលោកពីរ ដោយសារ​ហេតុផល​​នៃបទពិសោធន៍ជ័យជម្នះយោធា ដែលលោកសម្រេចបាន​នៅទ្វីបអាម៉េរិក​ខាងត្បូង និងនៅ​អឺរ៉ុប ដែលធ្វើឲ្យលោកទទួលបានកិត្តិសព្ទដ៏ល្បីរន្ទឺ​នៅអ៊ីតាលី ក៏ដូចជានៅបរទេស។

ជាអ្នកមានគំនិតសាធារណរដ្ឋ ប្រកបដោយភាពជឿជាក់ លោកបានព្យួរគំនិតរបស់ខ្លួន ដោយ​ទទួល​ស្គាល់អំណាចរាជានិយមរបស់ ស្តេច វីកទ័រ អេម៉ានូអែល ទី២ ដែលតួអង្គជាបង្រួប​បង្រួម​ឯកភាពអ៊ីតាលី។ យុទ្ធនាការយោធាកងពាន់ គឺជាផ្នែកកំពូលនៃសកម្មភាព​របស់​ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី។ លោកបានដណ្តើមភាគខាងត្បូងនៃឧបទ្វីបអ៊ីតាលី ហើយ​បានប្រគល់វា​ទៅ​ឲ្យ​ស្តេចវីកទ័រ អេម៉ានូអែលទី២ ដើម្បីធ្វើឲ្យព្រះអង្គក្លាយជា​ស្តេចនៃ​អ៊ីតាលី។  

នៅសម័យនោះ ហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី គឺជាវីរជន ដែលក្លាយជាតំណាង​នៃ​រឿងព្រេង ប៉ុន្តែលោកក៏មានអ្នកប្រឆាំងជាច្រើនផងដែរ ជាពិសេសនៅក្នុងចំណោម​ក្រុម​អ្នក​អភិរក្ស និង​អ្នកសាសនា​ចក្រ ដែលប្រឆាំងនឹងគំនិតសាធារណរដ្ឋ និងសង្គមនិយម។

លោកហ្ស៊ីយូសសេពប៉េ ហ្គារីបាល់ឌី ទទួលមរណភាពនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៨៨២ នៅ​អាយុ ៧៤ឆ្នាំ នៅលើកោះកាប្រឺរា រាជាណាចក្រអ៊ីតាលី។

 

Daily Program

Livesteam thumbnail
khmer popup image