ស៊ី វី រ៉ាម៉ាន អ្នកប្រាជ្ញឆ្នើមជនជាតិឥណ្ឌា ដែលបានចោះទម្លុះអាថ៌កំបាំងនៃពន្លឺ

លោកស៊ី វី រ៉ាម៉ាន (C. V. Raman) មានដំណើរជីវិត ការតស៊ូ និងរបកគំហើញ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក។ លោកគឺជាអ្នករូបវិទ្យាឥណ្ឌាដំបូងគេដែលទទួលបានបណ្តុះបណ្តាលក្នុងស្រុក និងទទួលបានពានរង្វាន់ណូបែលរូបវិទ្យាឆ្នាំ១៩៣០ តាមរយៈការរកឃើញ «បាតុភូតរ៉ាម៉ាន» ដែល​​បានផ្លាស់ប្តូរទស្សនវិស័យវិទ្យាសាស្រ្តសម័យទំនើបទាំងស្រុង។

ដំណើរជីវិត និងការតស៊ូក្នុងវិស័យវិទ្យាសាស្រ្ត

កើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៨៨៨ នៅទីក្រុងទីរូជីរ៉ាប៉ាលី រដ្ឋតាមីលណាឌូ ប្រទេសឥណ្ឌា លោកចន្រ្តាសេខារ៉ា វេនកាតា រ៉ាម៉ាន ឬហៅលោកថា ស៊ី វី រ៉ាម៉ាន (C. V. Raman) គឺជា​តួអង្គ​ប្រវត្តិសាស្ត្រ​ដ៏ល្បីល្បាញបំផុតមួយរូប ដែលបានបន្សល់ទុកនូវស្នាដៃដ៏ធំធេងសម្រាប់​វិទ្យាសាស្ត្រ​ពិភពលោក។ តាំងពីវ័យកុមារមក លោកមានចំណង់ចំណូលចិត្តយ៉ាងខ្លាំងក្លា​លើ​ការ​សិក្សា និងវិទ្យាសាស្រ្ត។ បន្ទាប់ពីបានផ្លាស់ប្តូរទីលំនៅជាមួយក្រុមគ្រួសារ មកកាន់ទីក្រុង វីសាខាប៉ាតណាម នៅក្នុងរដ្ឋអេនដ្រា ប្រាដេស លោកបានបន្តការសិក្សាជាន់ខ្ពស់ផ្នែករូបវិទ្យា និងភាសាអង់គ្លេស នៅ​សកល​វិទ្យាល័យ ប្រេស៊ីដេនសី ខលលែហ្គ នៃទីក្រុងម៉ាដ្រាស (Presidency College de Madras) ដែល​សព្វថ្ងៃប្តូរឈ្មោះមកជាទីក្រុងជេនណៃ។ ទន្ទឹមគ្នានេះ ជំនក់ចិត្តរបស់លោកសម្រាប់ការ​សិក្សា​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​គឺនៅតែខ្លាំង ដែលធ្វើឲ្យរូបលោក​បាញ់ឆ្ពោះអាជីបមករកនៅ​ក្នុង​វិស័យរូបវិទ្យា។

នៅអាយុត្រឹម ២៦ឆ្នាំ ពោលគឺឆ្នាំ ១៩១៥ លោកត្រូវបានតែងតាំងជាសាស្ត្រាចារ្យរូបវិទ្យា នៅសកល​វិទ្យាល័យកាល់គូតា។ លោកបានចំណាយពេល ១៥ឆ្នាំពេញ ក្នុងការបង្រៀន និងស្រាវជ្រាវ​​លើវិស័យអុបទិក (រូបវិទ្យាពន្លឺ) រហូតទទួលបានការទទួលស្គាល់ជាអន្តរជាតិ និងត្រូវ​បានបោះឆ្នោតជាប់ជាសមាជិកនៃសង្គមរាជាណាចក្រអង់គ្លេសក្នុងឆ្នាំ១៩១៤។

របកគំហើញដ៏កក្រើកពិភពលោក ៖ បាតុភូតរ៉ាម៉ាន

ចំណុចរបត់ដ៏អស្ចារ្យបំផុតក្នុងអាជីពរបស់លោក បានចាប់ផ្តើមពីការសង្កេតមើលពន្លឺដែលឆ្លងកាត់វត្ថុរាវផ្សេងៗចាប់តាំងពីឆ្នាំ១៩២១ មក។ ក្រោយពីការពិសោធន៍យ៉ាងម៉ត់ចត់ជាមួយសហការី រួមទាំងលោកខេ អេស គ្រីស្ហស្នាន់ ព្រមទាំងការសិក្សាអន្តរសកម្មរវាងហ្វូតុង និងរូបធាតុ លោក និងក្រុមការងារបានសម្រេចជោគជ័យជាប្រវត្តិសាស្ត្រនៅ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩២៨ ក្នុង​ការរកឃើញ «បាតុភូតរ៉ាម៉ាន» (Raman Effect)។

បាតុភូតនេះបានបង្ហាញថា ពន្លឺដែលខ្ចាត់ខ្ចាយកាត់សារធាតុមួយអាចមានការប្រែប្រួលប្រវែងរលក ដែលនេះផ្តល់ព័ត៌មានយ៉ាងសំខាន់ពីចរន្តរចនាសម្ព័ន្ធម៉ូលេគុលរបស់សារធាតុនោះ។ របក​គំហើញនេះបានក្លាយជាគ្រឹះដ៏សំខាន់នៃបច្ចេកទេស ស្ពិចត្រូស្កូពីរ៉ាម៉ាន់ (Spectroscopie Raman) ដែលត្រូវប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យស្រាវជ្រាវរហូតដល់សព្វថ្ងៃ។

ជាលទ្ធផល ក្នុងឆ្នាំ១៩៣០ លោករ៉ាម៉ាន បានពានរង្វាន់ណូបែលផ្នែករូបវិទ្យា និងធ្វើឲ្យលោកក្លាយ​ជាអ្នកវិទ្យាសាស្រ្ត ជនជាតិឥណ្ឌា ទី១ ដែលទទួលការបណ្តុះបណ្តាលទាំងស្រុងក្នុងប្រទេស និងអាចទទួលបានរង្វាន់ដ៏​ល្បីល្បាញ​នេះ។

មរតក និងកិត្តិនាមដ៏ក្រាស់ក្រែល

ក្រៅពីការស្រាវជ្រាវ លោករ៉ាម៉ាន បានបន្តអភិវឌ្ឍវិស័យអប់រំ និងវិទ្យាសាស្ត្រនៅឥណ្ឌា ដោយ​បានដឹកនាំវិទ្យាស្ថានវិទ្យាសាស្ត្រឥណ្ឌា និងបង្កើតវិទ្យាស្ថាន រ៉ាម៉ាន នៅឆ្នាំ១៩៤៩។ សម្រាប់​ការលះបង់ដ៏ធំធេងនេះ លោកទទួលបានគោរមងារជា «សឺរ» (Sir) ក្នុងឆ្នាំ១៩២៩ និងទទួល​បានគ្រឿងឥស្សរិយយសស៊ីវិលខ្ពស់បំផុតរបស់ឥណ្ឌាគឺ បារ៉ាត់ រ័ត្នា (Bharat Ratna) ក្នុងឆ្នាំ១៩៥៤។

លោក ចន្រ្តាសេខារ៉ា វេនកាតា រ៉ាម៉ាន បានទទួលមរណភាពនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៧០ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយបន្សល់ទុកនូវមរតកដ៏ត្រចះត្រចង់ ដែលសបញ្ជាក់ឱ្យឃើញថា ការតស៊ូ និងការស្រាវជ្រាវពីប្រទេសឥណ្ឌាក៏អាចបង្កើតរបកគំហើញដ៏ធំធេងកម្រិតពិភពលោកបានផងដែរ។

 

Daily Program

Livesteam thumbnail
khmer popup image