លោកលី កេឈៀងជាមេដឹកនាំចិនដែលការពារ ទស្សនទាននៃសង្គមសុខ ដុមរមនីយកម្ម

លោកលី កេឈៀង កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៥៥ នៅទីក្រុងហេហ្វ៉េ ខេត្តអានហួយ ប្រទេសចិន។ លោកទទួលមរណភាពនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងសៀហៃ។ លោកគឺជារដ្ឋ បុរសចិន។
លោកលី កេឈៀង គឺជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិនពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៣ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។
នៅខែមីនា ឆ្នាំ១៩៧៤ នៅអំឡុងបដិវត្តវប្បធម៌ លោកលី កេឈៀង ត្រូវបានបញ្ជូនទៅនៅ ជនបទនៅក្នុងក្របខណ្ដនៃចលនាបញ្ជូនយុវជនដោយបង្ខំឲ្យទៅរៀនសូត្រនៅជនបទ។ លោកត្រូវបានទទួលឲ្យស្នាក់នៅក្នុងភូមិមួយក្បែរកន្លែងកំណើតរបស់ម្តាយលោក និងនៅក្នុងស្រុកដែលឪពុករបស់លោកបានដឹកនាំនៅក្នុងទសវត្សឆ្នាំ១៩៥០។
នៅសកលវិទ្យាល័យប៉េកាំង លោកចាប់អារម្មណ៍នឹងគំនិតសេរី និងប្រជាធិបតេយ្យ។ លោករៀនសូត្រទទួលបានសញ្ញាបត្រច្បាប់ និងបណ្ឌិតសេដ្ឋកិច្ច។
នៅឆ្នាំ១៩៨០ លោកលី កេឈៀង ត្រូវបានបោះឆ្នោតជាប់ជាអគ្គលេខានៃសម្ព័ន្ធយុវជនកុំមុយនីស្តនៃសកលវិទ្យាល័យប៉េកាំង។ នៅឆ្នាំ១៩៨២ លោកចូលទៅក្នុងអគ្គលេខាដ្ឋាននៃសម្ព័ន្ធយុវជនកុំមុយនីស្តដែលលោកដើរតាមលោកហ៊ូ ជីនតាវ។
នៅខែមិថុនា ឆ្នាំ១៩៨៨ លោកលី កេឈៀង គឺជាអភិបាលដែលមានវ័យក្មេងបំផុតនៃប្រទេស និងជាអភិបាលខេត្តហេណាន។ បន្ទាប់មកលោកត្រូវបានតែងតាំងជាលេខានៃគណៈកម្មាធិការនៃបក្សកុំមុយនីស្តនៃខេត្តលៀវនីង។
នៅខែតុលា ឆ្នាំ២០០៧ លោកត្រូវបានបោះឆ្នោតជាប់នៅគណៈកម្មាធិការអចិន្រ្តៃយ៍នៃការិយាល័យនយោបាយ មុននឹងត្រូវបានបោះឆ្នោតជាប់នៅខែមីនា ឆ្នាំ២០០៨ ជាឧបនាយករដ្ឋមន្រ្តីដោយសភាជាតិប្រជាជនចិន។ នៅឋានៈនេះ លោកស្នងតំណែងបន្តពីលោកវេន ជៀបាវ ជានាយករដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។
នៅអំឡុងដំណើរទស្សនកិច្ចដ៏កម្រនៅទីបេ នៅឆ្នាំ២០១៨ លោកសុំឲ្យមេដឹកនាំពុទ្ធសាសនាការពារភាពរួបរួមនៃជនជាតិភាគតិច។ នេះគឺជារបៀបនិយាយសម្រាលដើម្បីរំឭកឲ្យមានភាពស្មោះត្រង់ចំពោះគណបក្សកុំមុយនីស្តចិន។
ដោយរាប់បញ្ចូលក្នុងចំណោមមេដឹកនាំចិនដែលមានសញ្ញាបត្រខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៤៩ លោកលី កេឈៀង មានភាពបត់បែនតិចជាងក្នុងការសម្រេចចិត្តបើប្រៀបធៀបជាមួយលោកស៊ី ជីនពីង។ អ្នកជំនាញអំពីប្រទេសចិន លោកហ្ស៉ង់ ព្យែរ៍ កាបេស្តង់ បានប្រាប់ឲ្យដឹងថា ទោះបីជាលោកលី កេឈៀង គឺជាមនុស្សទី២ជាផ្លូវការនៃរបបនៅចិន អំណាចជាច្រើនត្រូវបានផ្ទេរទៅក្រុមមេដឹកនាំរបស់គណបក្សកុំមុយនីស្តចិនដែលដឹកនាំដោយលោកស៊ី ជីនពីង។
នៅមហាសន្និបាទបក្សកុំមុយនីស្តចិនលើកទី២០ នៅខែ តុលា ឆ្នាំ២០២២ លោកលី ឈៀង ដែលជាអ្នកសហការណ៍ស្និទ្ធនឹងលោកស៊ី ជីនពីង ត្រូវបានប្រកាសឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោកលី កេឈៀង។
នៅរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅអំឡុងវិស្សមកាលនៅទីក្រុងសៀងហៃ លោកលី កេឈៀង បានគ្រោះថ្នាក់ដោយរោគគាំងបេះដូង នៅអាងហែទឹកសណ្ឋាគារ។ ដោយត្រូវបញ្ជូនបន្ទាន់ទៅកាន់មន្ទីរពេទ្យ លោកបានស្លាប់នៅថ្ងៃទី២៧ ខែតុលា នៅអាយុ ៦៨ឆ្នាំ។
លោកលី កេឈៀង គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំជាច្រើនដែលការពារទស្សនទាននៃសង្គមសុខដុមរមនីយកម្មដែលត្រូវបានអភិវឌ្ឍដោយអតីតប្រធានាធិបតីមុន គឺលោកហ៊ូ ជីនតាវ។
Daily Program
