លោកប៉េត្រូ ប៉ូរ៉ូចិនកូ អតីតប្រធានាធិបតីអ៊ុយក្រែន និងការខិតខំបញ្ចប់សង្រ្គាមដុនបាស

លោកប៉េត្រូ អូឡិចស៊ីស្យូវីត ប៉ូរ៉ូចិនកូ កើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៦៥ នៅទីក្រុងបូលរ៉ាត ខេត្តអូដឺសា ប្រទេសអ៊ុយក្រែន។ លោកគឺជាធុរជន បុរសរដ្ឋ និងជាប្រធានាធិបតីប្រទេស អ៊ុយក្រែន ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៤ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។
នៅឆ្នាំ១៩៨២ បន្ទាប់ពីបញ្ចប់ការសិក្សានៅមធ្យមសិក្សា លោកបានចូលរៀននៅឧត្តមសិក្សា។ នៅឆ្នាំ១៩៨៩ លោកទទួលបានសញ្ញាបត្រសេដ្ឋកិច្ចនៅមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិ និងច្បាប់នៃសកលវិទ្យាល័យជាតិទីក្រុងគៀវ។
បន្ទាប់មកទៀត លោកប៉េត្រូ ប៉ូរ៉ូចិនកូ បានក្លាយជាអ្នកដឹកនាំសហគ្រាស លោករកបានទ្រព្យសម្បត្តិជាច្រើនជាមួយនឹងឧស្សាហកម្មជំនួញធ្វើសូកូឡា។ ទន្ទឹមពេលនឹងសកម្មភាពជំនួញ លោកបានចូលប្រឡូកក្នុងឆាកនយោបាយអ៊ុយក្រែននៅក្នុងទសវត្សឆ្នាំ១៩៩០។
ដំបូង លោកប៉េត្រូ ប៉ូរ៉ូចិនកូ គឺជាសមាជិកនៃគណបក្សសង្គមប្រជាធិបតេយ្យអ៊ុយក្រែន និងបានការគាំទ្រពីប្រធានាធិបតីលីអូនីដ គូដឆ្មា។ លោកចូលរួមបង្កើតគណបក្សតំបន់ មុននឹងក្លាយជាមនុស្សជំនិតរបស់លោកប្រធានាធិបតី វីកទ័រ លូចចិនកូ ហើយចូលរួមក្នុងប្លុកអ៊ុយក្រែនរបស់យើង។ លោកប៉េត្រូ ប៉ូរ៉ូចិនកូ គឺជារដ្ឋមន្រ្តីក្រសួងកិច្ចការបរទេសពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ បន្ទាប់មកជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចនៅឆ្នាំ២០១២ នៅក្រោមអណត្តិប្រធានាធិបតី វីកទ័រ ឡានូកូវីតច៍។ នៅក្នុងពេលជាមួយគ្នា លោកធ្វើជាប្រធានក្រុមប្រឹក្សានៃធនាគារជាតិអ៊ុយក្រែន។
នៅឆ្នាំ២០១៤ លោកប៉េត្រូ ប៉ូរ៉ូចិនកូ គាំទ្របដិវត្តមៃអ៊ីដាននៅអ៊ុយក្រែន ក្រោយក៏បានឈ្នះការបោះឆ្នោតប្រធានាធិបតីមុនអណត្តិដោយទទួលបានសម្លេង ៥៤,៧ %។
នៅអំឡុងពេលលោកធ្វើប្រធានាធិបតី លោកប៉េត្រូ ប៉ូរ៉ូចិនកូ ព្យាយាមបញ្ចប់សង្រ្គាមនៅតំបន់ដុនបាស ដែលពាក់ព័ន្ធនឹងរុស្ស៊ី និងខិតទៅជិតលោកខាងលិច។
ដោយជាអ្នកប្រឆាំងលោកហ្សេឡេនស្គី លោកស្វែងតំណែងប្រធានាធិបតីដោយបង្កើតគណបក្សខ្លួនលោក គឺគណបក្សសាមគ្គីភាពអឺរ៉ុប លោកចូលរួមការបោះឆ្នោតនីតិបញ្ញត្តិឆ្នាំ២០១៩ ប៉ុន្តែគណបក្សរបស់លោកទទួលបានសម្លេងក្នុងលំដាប់ទី៤។ បន្ទាប់ពីការឈ្លានពានអ៊ុយក្រែនដោយរុស្ស៊ីនៅឆ្នាំ២០២២ លោកដឹកនាំកងកម្លាំងការពារជាតិ ដោយលោកបំពាក់អាវុធជាមួយនិងទ្រព្យសម្បត្តិច្រើនរបស់លោក និងចូលរួមក្នុងសមរភូមិគៀវ ប្រឆាំងនឹងរុស្ស៊ី។
កាលពេលធ្វើជាប្រធានាធិបតី លោកប៉េត្រូ ប៉ូរ៉ូចិនកូ ហាមឃាត់រាល់កិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី និងប្រឆាំងរាល់ការស្តារទំនាក់ទំនងការទូតជាមួយរុស្ស៊ីបើមិនបានទទួលឧបទ្វីបគ្រីមៀមកក្នុងដែនដីអ៊ុយក្រែនវិញ។ លោកប៉េត្រូ ប៉ូរ៉ូចិនកូ អំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ការផ្គត់ផ្គង់អាវុធឲ្យក្រុមអ្នកបំបែកខ្លួនគាំទ្ររុស្ស៊ី។ ជាមួយនឹងការឧបត្ថម្ភពីសហរដ្ឋអាម៉េរិក លោកបានតម្លើងថវិកាវិស័យយោធា និងសន្តិសុខពី ១% នៃ GDP នៅឆ្នាំ២០១៤ ទៅ ៥% នៅឆ្នាំ២០១៨។
បន្ទាប់ពីបានអំពាវនាវឲ្យមានការស្រុះស្រួលគ្នានៅក្នុងក្របខណ្ឌដែលផលប្រយោជន៍អ្នកនិយាយភាសារុស្ស៊ីត្រូវបានការពារនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅថ្ងៃ៥ កញ្ញា ឆ្នាំ២០១៤ លោកប៉េត្រូ ប៉ូរ៉ូចិនកូ ចុះហត្ថលេខាលើពិធីសារទីក្រុងមីនស្ក៍ ជាមួយនឹងអ្នកតំណាងមកពីរុស្ស៊ី មកពីសាធារណរដ្ឋប្រជាមានិតដូណេត និងពីសាធារណរដ្ឋ្ប្រជាមានិតលូហ្គាន។ ប៉ុន្តែកិច្ចព្រមព្រៀងនេះនៅតែមិនគ្រប់គ្រាន់ ដើម្បីបញ្ឈប់សង្រ្គាមដែលធ្វើឲ្យមានមនុស្សស្លាប់ជាង ១០០០០នាក់ រវាងឆ្នាំ២០១៤ និង ២០១៨ និងនាំទៅដល់ការផ្លាស់ប្តូរទីលំនៅជាច្រើនរបស់ប្រជាជន។
Daily Program
