លក់លៀសហាលអាចរកចំណូលបានជាមធ្យមរាប់រយដុល្លាក្នុងមួយខែ
លៀសហាល គឺជាអាហារសម្រន់ដ៏ពេញនិយមមួយ ដែលប្រជាជនខ្មែរភាគច្រើនចូលចិត្តទទួលទាន ព្រោះវាមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ និងមានច្រើនរសជាតិទៅតាមតម្រូវការរបស់អ្នកបរិភោគ។
ដោយសារតែលៀសហាលមានប្រជាប្រិយភាពខ្លាំង ទាំងនៅទីក្រុង និងតាមជនបទ ទើបគេសង្កេតឃើញថា អាជីវករលក់លៀសហាលនាពេលបច្ចុប្បន្ន បានចាប់ផ្តើមបង្កើតភាពច្នៃប្រឌិតប្លែកៗដើម្បីទាក់ទាញអតិថិជន។ អ្នកខ្លះដាក់លក់លើម៉ូតូ ខ្លះរៀបចំដាក់ក្នុងទូកញ្ចក់យ៉ាងមានអនាម័យ និងខ្លះទៀតថែមទាំងបង្កើតការផ្សព្វផ្សាយបែបប្លែកៗ ដូចជាការគូរមុខជាតួអង្គយក្សក្នុងល្ខោន ឬបង្កើតចំណាប់អារម្មណ៍ថ្មីៗ ដើម្បីឱ្យលក់ដាច់បានច្រើននៅគ្រប់ទីកន្លែង។
ថ្វីដ្បិតតែរបរលក់លៀសហាលនេះមិនហ៊ឺហា ឬឡូយឆាយ ហើយត្រូវធ្វើដំណើរហាលថ្ងៃក្តៅដើម្បីលក់ជូនអតិថិជននៅតាមផ្ទះ ឬតាមផ្សារនានាក៏ដោយ ប៉ុន្តែរបរនេះអាចរកចំណូលបានកាក់កបគួរសម មិនចាញ់ការបើកហាងលក់ម្ហូបអាហារនៅតាមផ្ទះប៉ុន្មានឡើយ។
លោក ចាន់ លាភ អាជីវករលក់លៀសហាលនៅភូមិព្រែកសំរោង៣ ក្រុងតាខ្មៅ បានប្រាប់ឱ្យដឹងថា លោកបានប្រកបរបរលក់លៀសហាលនេះអស់រយៈពេលជាង ១០ឆ្នាំមកហើយ គឺតាំងពីលោកនៅជាកំលោះម្ល៉េះ។ របរនេះបើទោះបីជាមិនហ៊ឺហា និងមិនបានចំណេញច្រើនហួសហេតុ ប៉ុន្តែអាចឱ្យលោកចិញ្ចឹមគ្រួសារបានយ៉ាងសមរម្យ ដោយមិនចាំបាច់ទៅស៊ីឈ្នួលគេ ឬធ្វើចំណាកស្រុកខុសច្បាប់នោះឡើយ។ ម្យ៉ាងវិញទៀត លោកអាចរស់នៅជួបជុំ និងមានពេលមើលថែទាំកូនៗបានយ៉ាងកក់ក្តៅ ដោយមិនមានការបារម្ភច្រើន។
លោក ចាន់ លាភ បានរៀបរាប់ថា៖ «ក្នុងមួយថ្ងៃ ខ្ញុំនិងភរិយាលក់លៀសបានចន្លោះពី ៨០ គីឡូក្រាម ទៅជិត ១០០ គីឡូក្រាម។ ប្រសិនបើលក់អស់ បន្ទាប់ពីផាត់ការចំណាយផ្សេងៗរួចរាល់ ពួកខ្ញុំអាចនៅសល់ប្រាក់ចំណេញចន្លោះពី ៦ម៉ឺនរៀល ទៅ ៨ម៉ឺនរៀលដែរក្នុងមួយថ្ងៃ» (ស្មើនឹងប្រមាណ ៧៥០ ទៅជិត ៨០០ដុល្លារក្នុងមួយខែ)។
អាជីវកររូបនេះបានបន្ថែមថា បើប្រៀបធៀបរបរលក់លៀសហាល ទៅនឹងការធ្វើការស៊ីឈ្នួលប្រើកម្លាំងបាយ គឺរបរនេះងាយស្រួលជាងឆ្ងាយណាស់។ ថ្វីដ្បិតតែត្រូវហាលថ្ងៃក្តៅបន្តិចមែន ប៉ុន្តែក៏មិនសូវនឿយហត់ខ្លាំងដែរ ព្រោះលៀសស្រស់មានម៉ូយដឹកមកជូនដល់ផ្ទះស្រាប់ ដោយលោកគ្រាន់តែយកមកស្ងោរ ប្រឡាក់គ្រឿងឱ្យស្អាត រួចដឹកហាលលក់តែម្តង។
បន្ថែមពីនេះ ការលក់លៀសហាលក៏មិនចំណាយពេលយូររហូតដល់យប់ជ្រៅទើបបានចូលផ្ទះដែរ ដោយលោកចាប់ផ្តើមចេញលក់នៅម៉ោងប្រហែល ៩:៣០ ព្រឹក និងអាចត្រឡប់មកដល់ផ្ទះវិញនៅម៉ោងប្រមាណ ៣:០០ រសៀល ដើម្បីសម្រាក និងជួបជុំគ្រួសារយ៉ាងរីករាយ៕
