ការប្រឈមនឹងភាពសាបរលាបនៃសិល្បៈល្ខោនបាសាក់

នៅក្នុងសម័យបច្ចុប្បន្ននេះ សិល្បៈល្ខោនបាសាក់កំពុងឈានឆ្ពោះទៅកាន់ភាពសាបរលាប ដោយមានការកាត់បន្ថយទាំងចំនួនអ្នកទស្សនា និងអ្នកសម្តែង ព្រោះតែកង្វះការអភិរក្ស ការផ្សព្វផ្សាយ និងការលើកទឹកចិត្ត។ នេះបើតាមការគូសបញ្ជាក់ពីសំណាក់សិល្បករផ្នែកល្ខោនបាសាក់។

សិល្បករដែលកំពុងប្រតិបត្តិលើវិស័យមួយនេះ បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចូលរួមជួយលើកស្ទួយ និងគាំទ្រសិល្បៈបុរាណមួយនេះឡើងវិញ។

ល្ខោនបាសាក់ គឺជាទម្រង់សិល្បៈវេទិកាមួយក្នុងចំណោមទម្រង់សិល្បៈល្ខោនទាំង ២៤ របស់ខ្មែរ។ សិល្បៈដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ ធ្លាប់មានប្រជាប្រិយភាពខ្លាំង និងជាទស្សនីយភាពបម្រើអារម្មណ៍មហាជនគ្រប់ស្រទាប់វណ្ណៈ ដែលតែងតែនិយមចូលទស្សនានៅតាមទីវត្តអារាមនានាក្នុងឱកាសបុណ្យទានផ្សេងៗ។

ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ននេះ ល្ខោនបាសាក់កំពុងឈានឆ្ពោះទៅកាន់ភាពសាបរលាប ខ្សោយទាំងចំនួនអ្នកទស្សនា និងអ្នកសម្តែង ដោយសារកង្វះការអភិរក្ស ការផ្សព្វផ្សាយ និងការលើកទឹកចិត្ត។

លោក អុល សំអាង ប្រធានក្រុមសិល្បៈល្ខោនបាសាក់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានបញ្ជាក់ថា៖

លោក អុល សំអាង ៖«មុននឹងមានការវិវត្តនៃបច្ចេកវិទ្យា សិល្បៈនេះមានការរីកចម្រើនខ្លាំងក្នុងសម័យកាលមួយ។ កាលពី ១០ ទៅ ២០ ឆ្នាំមុន កម្រិតជីវភាពប្រជាជននៅមានកម្រិត ហើយឱកាសការងារក៏មិនទាន់សម្បូរ ដូច្នេះក្រៅពីធ្វើស្រែចំការ ប្រជាជនចូលចិត្តមើលល្ខោនខ្លាំងណាស់។ នៅពេលច្រូតកាត់រួច រដូវធ្លាក់ខ្យល់រំហើយមកដល់ ខ្មែរយើងតែងតែធ្វើបុណ្យទាន ហើយអ្នកមើលល្ខោនក៏មានច្រើន។ ប៉ុន្តែនៅពេលបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបៗកើនឡើង ការទស្សនាទស្សនីយភាពបុរាណខ្មែរហាក់ត្រូវបានកាត់បន្ថយទៅវិញ»។

បើតាមឯកសារវប្បធម៌ខ្មែរ ល្ខោនបាសាក់មានប្រភពដើមមកពីកម្ពុជាក្រោម ដែលកាលដើមឡើយគេស្គាល់ថាជា «ល្ខោនទ្រឿងឃ្លោក» ហើយបានចាប់ផ្តើមល្បីល្បាញខ្លាំងនៅរាជធានីភ្នំពេញនៅក្នុងកំឡុងឆ្នាំ ១៩៣០។

បច្ចុប្បន្ននេះ មានស្ថានីយទូរទស្សន៍តិចតួចណាស់ដែលនៅតែបន្តចាក់ផ្សាយទស្សនីយភាពល្ខោនបាសាក់។ ចំណែកនៅលើបណ្តាញសង្គមវិញ ទោះបីជាមានការកើនឡើងនូវចំនួនអ្នកប្រើប្រាស់ក៏ដោយ ប៉ុន្តែការផ្សព្វផ្សាយអំពីទម្រង់នៃការសម្តែងល្ខោនបាសាក់នៅតែមានកម្រិតនៅឡើយ។

ទោះបីជាប្រជាប្រិយភាពនៃល្ខោនបាសាក់មានការធ្លាក់ចុះយ៉ាងណាក្តី ក៏សិល្បករមួយចំនួននៅតែជម្នះបន្តអាជីពក្នុងរង្វង់សិល្បៈបុរាណមួយនេះ។ ពួកគាត់បានសម្តែងនូវអារម្មណ៍ និងសំណូមពរផ្ទាល់ខ្លួន៖

លោក នាយខ្យង (សិល្បករនៃមន្ទីរវប្បធម៌រាជធានីភ្នំពេញ) ៖«ដោយសារតែចិត្តស្រឡាញ់វប្បធម៌ខ្មែរតាំងពីអាយុ ១៥ ឆ្នាំមក ខ្ញុំបានខិតខំ តស៊ូក្នុងឆាកជីវិត ដើម្បីលើកស្ទួយវប្បធម៌ខ្មែរឱ្យបានខ្ពង់ខ្ពស់ និងដើម្បីឱ្យក្មេងៗ ឬយុវជនជំនាន់ក្រោយបានយល់ដឹងពីគុណតម្លៃនៃវប្បធម៌របស់យើង»។

អ្នកស្រី អ៊ុក ធារ៉ា (សិល្បការិនីនៃមន្ទីរវប្បធម៌រាជធានីភ្នំពេញ) ៖«ខ្ញុំសូមសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ មេត្តាជួយលើកស្ទួយក្រុមសិល្បៈយើងខ្ញុំទាំងអស់គ្នាឱ្យបានល្អប្រសើរទៅមុខទៀត ដើម្បីរួមគ្នារក្សាកេរដំណែលដូនតាខ្មែរតាំងពីបុរាណកាលមក»។

បច្ចុប្បន្ន សិល្បៈល្ខោនបាសាក់នៅក្នុងប្រទេសកម្ពុជាមានប្រហែល ១០០ ក្រុម ប៉ុន្តែសិល្បករសម្តែងភាគច្រើនមានជីវភាពខ្វះខាត បើតាមការបញ្ជាក់បន្ថែមពីលោក អុល សំអាង។

លោក អុល សំអាង ដែលជាប្រធានក្រុមសិល្បៈ និងជាម្ចាស់ជ័យលាភីលេខ ១ ប្រចាំថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ឆ្នាំ ២០១៣-២០១៤ បានឱ្យដឹងថា តម្លៃនៃការជួលសម្តែងក្នុងមួយក្រុមមានចន្លោះពី ១,៨០០ ដុល្លារ ទៅ ២,០០០ ដុល្លារ ដោយប្រែប្រួលទៅតាមថ្ងៃបុណ្យ និងចម្ងាយផ្លូវជិតឬឆ្ងាយ។ តម្លៃនេះធ្វើឱ្យសិល្បករទទួលបានប្រាក់កម្រៃតិចតួចបំផុត សឹងតែមិនអាចរ៉ាប់រងថ្លៃធ្វើដំណើរ និងការហូបចុកបានឡើយ ព្រោះរឿងនីមួយៗត្រូវការសមាជិកសម្តែងចាប់ពី ៤០ ទៅ ៧០ នាក់ឯណោះ។

ក្នុងនាមជាអ្នកទស្សនាម្នាក់ អ្នកស្រី តូច វ៉ែង មេផ្ទះវ័យជាង ៦០ ឆ្នាំ បានថ្លែងថា៖ «ល្ខោនបាសាក់ល្អមើលតើ! ជួនកាលយើងមើលទៅអាចរំភើបស្រក់ទឹកភ្នែកតាម ព្រោះសាច់រឿងមានភាពកម្សត់ខ្លាំង»។

ចំណែក កញ្ញា កឹម ហេង និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា កញ្ញាកម្របានឃើញការសម្តែងល្ខោនបាសាក់នៅក្នុងរាជធានីភ្នំពេញណាស់។ យុវតីវ័យ ២០ ឆ្នាំប្លាយរូបនេះ ចង់ឱ្យស្ថាប័នពាក់ព័ន្ធបង្កើតគោលនយោបាយអភិរក្ស និងផ្តល់លទ្ធភាពដល់សិល្បករ ដើម្បីថែរក្សានិងកែច្នៃសិល្បៈបុរាណមួយនេះឱ្យបានគង់វង្សសម្រាប់ក្មេងៗជំនាន់ក្រោយ។

កញ្ញា កឹម ហេង ៖«សិល្បៈល្ខោនបាសាក់ភាគច្រើនត្រូវគេយកទៅសម្តែងនៅតាមខេត្ត ដូច្នេះអ្នកនៅទីក្រុងដូចជាខ្ញុំមិនសូវបានមើលដូចអ្នកនៅតាមខេត្តឡើយ។ ខ្ញុំចង់ឱ្យកម្មវិធីមួយចំនួនអញ្ជើញក្រុមល្ខោនមកសម្តែង ព្រោះតម្លៃឈ្នួលសម្តែងក៏មិនសូវថ្លៃប៉ុន្មានដែរ។ ការធ្វើបែបនេះ មិនត្រឹមតែបានជួយដល់ប្រាក់ចំណូលពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យសិល្បៈមួយនេះមានជីវិតរស់រវើកឡើងវិញផងដែរ»។

ក្នុងនាមជាអ្នកប្រតិបត្តិលើសិល្បៈល្ខោនបាសាក់ លោក អុល សំអាង បានអំពាវនាវដល់មហាជន ជាពិសេសយុវវ័យ ឱ្យងាកមកចូលរួមគាំទ្រវិស័យសិល្បៈបុរាណខ្មែរ។ លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នារៀបចំសកម្មភាពផ្សេងៗ ដើម្បីបណ្តុះស្មារតីក្មេងៗជំនាន់ក្រោយឱ្យយល់ដឹងពីគុណតម្លៃនៃសិល្បៈបុរាណ និងចូលរួមថែរក្សាកេរមរតកដូនតាមួយនេះឱ្យគង់វង្សជារៀងរហូត៕

Daily Program

Livesteam thumbnail
khmer popup image