ការចូលរួមទាំងអស់គ្នាដើម្បីគ្មានថ្នាំជក់
កន្លងមកឧស្សាហកម្មថ្នាំជក់មួយចំនួន បានធ្វើទីផ្សាររបស់ខ្លួន ក្រោមរូបភាពមួយចំនួនដូចជា ការវេចខ្ចប់ផលិតផលឱ្យមានភាពទាក់ទាញជាងមុន ការផ្សាយលក់ផលិតផលនៅកន្លែងដែលកុមារទៅញឹកញាប់ និងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ជាដើម។ ក្នុងឱកាសទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២៤ អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យប្រទេសនីមួយៗចូលរួមការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់។
ក្នុងឱកាសទិវាពិភពលោកគ្មានថ្នាំជក់ អង្គការសុខភាពពិភពលោកបានអំពាវនាវឱ្យប្រទេសនីមួយៗចូលរួម ការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់។ កន្លងមកឧស្សាហកម្មថ្នាំជក់មួយចំនួនបានធ្វើទីផ្សាររបស់ខ្លួន ក្រោមរូបភាពមួយចំនួនដូចជា ការវេចខ្ចប់ផលិតផលឱ្យមានភាពទាក់ទាញជាងមុន ការផ្សាយលក់ផលិតផលនៅកន្លែងដែលកុមារទៅញឹកញាប់ជាពិសេសនៅតាមសាលារៀន ការជ្រៀតជ្រែកក្នុងការបង្កើតគោលនយោបាយ និងការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ជាដើម។ ជាយូរមកហើយដែលឧស្សាហកម្មថ្នាំជក់បានធ្វើយុទ្ធសាស្ត្រទីផ្សារបែបនេះ ដើម្បីទាក់ទាញអតិថិជនថ្មីៗ ជាពិសេសកុមារ និងយុវជន សម្រាប់ជំនួសអតិថិជនចាស់ៗដែលបានឈប់ប្រើប្រាស់ និងបានស្លាប់ដោយជំងឺដែលបង្កឡើងដោយថ្នាំជក់។
តាមការបញ្ជាក់ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា កុមារ និងយុវជន ងាយនឹងទទួលរងផលប៉ះពាល់ដែលបណ្តាលមកពីការ ឃោសនា ផ្សាយពាណិជ្ជកម្មថ្នាំជក់ ដែលធ្វើឱ្យពួកគេមានអាកប្បកិរិយាទោរទន់ចង់ជក់បារីច្រើនឡើង ហើយគិតថាការប្រើប្រាស់ថ្នាំជក់ជារឿងធម្មតា មិនមានផលប៉ះពាល់អ្វីទាំងអស់។ ផ្ទុយទៅវិញ ការប្រើប្រាស់ថ្នាំជក់ដែលមានជាតិនីកូទីន បង្កឱ្យមានផលប៉ះពាល់ដល់សុខភាពកុមារដូចជា៖ បញ្ហាផ្លូវដង្ហើម បញ្ហាសួតធ្ងន់ធ្ងរ ធ្វើឱ្យខួរក្បាលរបស់ក្មេងៗដែលកំពុងអភិវឌ្ឍ ងាយនឹងទទួលរងការបំផ្លាញដោយជាតិនីកូទីន ញៀនក្នុងរយៈពេលវែង និងវិវត្តទៅជាញៀនពេញមួយជីវិត។ ហើយអ្នកដែលស្រូបផ្សែងបារីពីគេ ក៏មានផលប៉ះពាល់ដល់សុខភាពដែរ ដូចជា៖ ការឆ្លងមេរោគផ្លូវដង្ហើម មេរោគក្នុងច្រៀក និងជំងឺហឺតជាដើម។
ដើម្បីធានាការការពារកុមារពីការបំផ្លាញដោយឧស្សាហកម្មថ្នាំជក់ រដ្ឋាភិបាលគួរតែអនុវត្តតាមអនុសញ្ញារបស់អង្គការសុខភាពពិភពលោក ស្តីពីការគ្រប់គ្រងថ្នាំជក់ រួមមាន៖ បង្កើតគតិយុត្ត និងយន្តការច្បាស់លាស់ដើម្បីបង្ការការជ្រៀតជ្រេតរបស់ឧស្សាហកម្មថ្នាំជក់ ក្នុងការបង្កើត និងអនុវត្តគោលនយោបាយពាក់ព័ន្ធថ្នាំជក់តាមរយៈការចាប់ដៃគូ និងការឧបត្តម្ភផ្សេងៗ។ ដំឡើងពន្ធថ្នាំជក់ជាប្រចាំ និងទៀងទាត់ ដើម្បីការពារកុមារនិងយុវជនកុំឱ្យញៀននីកូទីន និង ដាក់ពិន័យចំពោះក្រុមហ៊ុនថ្នាំជក់ និងអ្នកដែលពាក់ព័ន្ធដែលបានអនុវត្តល្មើសច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតគតិយុត្តផ្សេងៗ ក៏ដូចជាបង្កើតក្របខណ្ខគតិយុត្តដែលមានប្រសិទ្ធភាពក្នុងការទប់ស្តាត់ការនាំចូល ការចែកចាយ និងការប្រើប្រាស់បារីអេឡិចត្រូនិក៕