អ្នកដើរលុកព្រៃអាចសប្បាយចិត្ត ប៉ុន្តែកុំភ្លេចប្រុងប្រយ័ត្ន

កម្ពុជាអាចទទួលដំណឹងល្អមួយទៀតពាក់ព័ន្ធនឹងជំងឺឆ្លង គឺជំងឺគ្រុនចាញ់ ដោយស្ថិតិកាលពីឆ្នាំ២០២៥បានបង្ហាញពីការធ្លាក់ចុះដល់ទៅ​៨៤ភាគរយ ដូច្នេះអ្នកដើរលុកព្រៃនិងអ្នកធ្លាប់រស់នៅតំបន់ដែលជំងឺនេះតែងរាតត្បាតអាចសប្បាយចិត្តប៉ុន្តែកុំធ្វេសប្រហែស។​

សារព័ត៌មានបានរាយការណ៍ថា ក្រសួងសុខាភិបាលកម្ពុជាបានរាយការណ៍ពីការថយចុះ ៨៤ ភាគរយនៃករណីគ្រុនចាញ់ក្នុងឆ្នាំ ២០២៥ ដែលជាការកត់សម្គាល់នូវវឌ្ឍនភាពមួយដ៏វិជ្ជមាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

តាមស្ថិតិជំងឺនេះបានថយចុះពី៣២២ករណីនៅក្នុងឆ្នាំ២០២៤ មកនៅត្រឹមតែ៥២ ករណីប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៥។

ជាមួយនឹងការធ្លាក់ចុះនេះអ្នកជំនាញបានអះអាងថា សមិទ្ធផលនេះអាចត្រូវបានសន្មតថាជាការកែលម្អការឆ្លើយតបនៃការឃ្លាំមើល ការកើនឡើងនៃការយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋ និងភាពអាចរកបាននៃឧបករណ៍គ្រប់គ្រាន់ ដូចជាឧបករណ៍ធ្វើតេស្តគ្រុនចាញ់ មុងជ្រលក់​ថ្នាំសម្លាប់សត្វល្អិត និងថ្នាំប្រឆាំងនឹងគ្រុនចាញ់។

វឌ្ឍនភាពនេះបានធ្វើឱ្យប្រទេសកម្ពុជាស្ថិតនៅក្នុងប្រភេទប្រទេសដែលទទួលបានជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ហើយបើស្ថានភាពនៅតែបន្តជាវិជ្ជមាន កម្ពុជាអាចនឹងត្រូវទទួលស្គាល់ថា ជាប្រទេសដែលគ្មានជំងឺនេះនៅក្នុងឆ្នាំ២០២៩ខាងមុខ។​

នៅពេលទទួលព័ត៌មាននេះកុំសប្បាយហើយភ្លេចខ្លួនជាពិសេសបងប្អូនដែលចូលចិត្តដើរលុកព្រៃ នៅតំបន់ដែលមានមូសដែកគោលរស់នៅ ពីព្រោះមូសនេះគឺជាភ្នាក់ងារចម្លងដ៏សំខាន់នៃជំងឺនេះ។

បងប្អូនកុំប្រហែសឲ្យសោះតែបងប្អូនប្រហែសហើយមូសវាខាំវានឹងចម្លងតគ្នាពេញសហគមន៍បន្តទៀតនោះគោលដៅយើងអាចពិបាកសម្រេចបាន។

នៅក្នុងបំណងដើម្បីឲ្យប្រទេសយើងគ្មានជំងឺគ្រុនចាញ់នេះ យើងចាំបាច់ត្រូវប្រុងប្រយ័ត្នខ្លួន​នៅពេលចូលតំបន់ដែលជំងឺនេះធ្លាប់រាលដាល ដោយសម្រាកនៅក្នុងមុង ហើយនៅក្នុងករណីសង្ស័យគឺត្រូវតែចូលខ្លួនមកពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតជំនាញដើម្បីព្យាបាលជំងឺនេះឲ្យដាច់កុំអោយបន្តឆ្លងរីករាលដាលបន្តទៀត។

សរុបទៅយើងទាំងអស់គ្នាមានតួនាទីរួមគ្នានៅក្នុងការពារកុំឲ្យឆ្លងជំងឺគុ្រនចាញ់និងជំងឺគ្រប់ប្រភេទ​ដើម្បីបញ្ជាក់ថា ប្រទេសយើងជាប្រទេសដែលមានសុវត្ថិភាព និងមានការទទួលខុសត្រូវខ្ពសនៅក្នុងការយកចិត្តទុកដាក់ចូលរួមកំចាត់និងលុបបំបាត់ជំងឺកាចសាហាវនានា៕

Daily Program

Livesteam thumbnail