អាវុធនៅកម្ពុជានៅតែបន្តគ្រប់គ្រងមិនប្រសើរ សូម្បីតែនៅរាជធានី

ទោះបីជាការគ្រប់គ្រងអាវុធជាតិផ្ទុះត្រូវបានរិតបន្តឹងនូវទូទាំងប្រទេសក៏ពិតមែនប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយការផ្ទុះអាវុធបានត្រូវគេរាយការណ៍ថា បានកើតមានឡើងជាបន្តបន្ទាប់ សូម្បីតែនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

ជាក់ស្តែងដូចជាករណី ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច កាលពីវេលាម៉ោង ៣:៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២៣៨ កែងផ្លូវលេខ១០៥ ក្នុងមូលដ្ឋាននៃសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយមកនៅថ្ងៃទី៧ ខែឧសភា ក៏មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកទីតាំងកើតហេតុព្រោងព្រាត កាលពីម៉ោង០២:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងតំបន់ បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដោយគេដឹងថា អ្នកដែលបាញ់នេះ ជាបុរសម្នាក់បើករ ថយន្តមួយគ្រឿងម៉ាក TOYOTA VIGO ពណ៌ខ្មៅមួយគ្រឿងតែគេមិនចាំស្លាកលេខ ដែលបានបើករថយន្តសំដៅមកកាន់មនុស្សមួយក្រុមដែលកំពុងអង្គុយលេង ហើយបានស្រែកថា ពួកអ្ហែងវាយប្លន់អញ រួចដកកាំភ្លើងបាញ់៦គ្រាប់ផ្ទួនៗ បណ្តាលឱ្យត្រូវរបួសយុវជនម្នាក់មួយគ្រាប់ និងផ្អើលប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏គេចខ្លួនបាត់។

ពាក់ព័ន្ធនឹងការផ្ទុះអាវុធទាំងពីរករណីនេះយើងខ្ញុំគ្រាន់តែដាក់សំនួរលេងៗថា តើខ្មាន់កាំភ្លើង បានអាវុធទាំងនេះពីណាមក ដូច្នេះហើយវាគឺជាចំណុចមួយដែលពញក់ឲ្យកម្ពុជាលើកកំពស់ ការពង្រឹងលើការប្រើប្រាស់អាវុធឲ្យបានច្បាស់លាស់ និង ហ្មត់ចត់បន្ថែមទៀត ។

អាវុធមិនមែនជារបស់របស់ឫជាទំនិញដែលចេះតែស្រួលស្វែងរកនោះទេ ដូច្នេះសង្ឃឹមថា សមត្ថកិច្ចជំនាញគ្រប់កម្រិតនឹងលើកកំពស់ការគ្រប់គ្រងឲ្យបានតឹងរឹង ហើយជាពិសេសគឺ បង្រ្កាបនឹងបំបិទរាល់ទីផ្សារអាវុធខុសច្បាប់ ។

ប្រសិនបើយើងចេះតែបណ្តែតបណ្តោយនោះគឺជាហានិភ័យសង្គមខ្លាំងណាស់ ខណៈដែល ពេលនេះថ្នាក់ដឹកនាំកំពុងតែខិតខំប្រើគោលនយោបាយការទូតសេដ្ឋកិច្ច ដើម្បីធ្វើទីផ្សារឃោសនាប្រាប់ទេសចរ និង វិនិយោគិន មកក្នុងប្រទេស៕

 

Daily Program

Livesteam thumbnail