អាកាសធាតុក្តៅបែបនេះគ្រឿងស្រវឹង និង ភេសជ្ជៈប៉ូវកម្លាំង
នៅក្នុងអំឡុងពេលដែលអាកាសធាតុក្តៅខ្លាំងបែបនេះ សូមកុំនាំគ្នាពើតរឿងគ្រឿងស្រវឹងនិង ពពួកភេសជ្ជៈលើកកម្លាំងពេកវាអាចធ្វើឲ្យរាងកាយងាយរងនូវបញ្ហាសំពាធឈាមអាចមានគ្រោះថ្នាក់ដល់ជីវិត។
ធម្មតានៅពេលបុណ្យចូលឆ្នាំថ្មីពលរដ្ឋនិយមធ្វើដំណើរឆ្ងាយច្រើន ពិបាករកម្លប់ជ្រក ដោយសារតែមនុស្សវាច្រើនពេក ហើយក៏មានអារម្មណ៍ថាខ្សោះជាតិទឹក ប៉ុន្តែមិនបានបំពេញជាតិទឹកទេ គឺបែរជានាំគ្នាទៅទទួលទានគ្រឿងស្រវឹង ឬក៏ភេសជ្ជៈលើកកម្លាំងទៅវិញ។
សូមកុំយល់ច្រឡំការបំពេញជាតិទឹកនៅក្នុងខ្លួនគឺត្រូវទទួលទានទឹកធម្មតា ឬក៏ទឹកផ្លែឈើស្រស់ៗ ដូចជាពពួកទឹកដូង និងទឹកត្នោតដែលមានអនាម័យត្រឹមត្រូវ ឬក៏ទទួលទានផ្លែឈើ ឬក៏គៀបយកទឹកស្រស់ ដូចជាពពួកក្រូច ប៉មជាដើម ប៉ុន្តែការយល់ច្រឡំយកការទទួលទានគ្រឿង ស្រវឹងនិងភេសជ្ជៈគឺអាចគ្រោះថ្នាក់។
ពពួកគ្រឿងស្រវឹងនៅពេលដែលទទួលទានច្រើនគឺអាចនឹងធ្វើឲ្យរាងកាយខ្សោះ និងខ្វះជាតិទឹកទៅវិញទេ ទោះបីវាមានបរិមាណទឹកច្រើនក៏ដោយ។ ខណៈដែលពពួកភេសជ្ជៈលើកកម្លាំង គឺវាអាចនឹងធ្វើឲ្យរាងកាយប្រតិកម្ម ជាពិសេសគឺបេះដូង ដែលអាចបណ្តាលឲ្យគាំងក៏មានដែរ។
នៅពេលដែលអាកាសធាតុក្តៅដើម្បីរក្សាតុល្យភាពនិងលំនឹងនឹងសំពាធបរិយាកាសខាងក្រៅ ក្តៅខ្លាំង សរីរាង្គនៅក្នុងខ្លួន ជាពិសេសគឺបេះដូង តម្រង់នោម សួត ថ្លើម គឺត្រូវធ្វើការធ្វេរដង ដូច្នេះវាពិតជាងាយស្រូលនឹងគាំង ហើយតែគាំងនៅពេលដែលទៅរកពេទ្យសង្រ្គោះមិនទាន់អាចមានបញ្ហា។
គ្រោះថ្នាក់ដែលកើតមានកន្លងមកនៅក្នុងពេលអាកាសធាតុក្តៅគឺមានករណីគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ជាដើម ហើយអាការៈបែបនេះទោះជាមិនច្រើនប៉ុន្តែអត្រាគ្រោះថ្នាក់ ដល់ជីវិត និងពិការគឺមានច្រើន ករណីណាស់នៅលើពិភពលោក។
នៅក្នុងស្ថានភាពដែលយើងកំពុងតែប្រឈមមុខនឹងអាកាសធាតុក្តៅបែបនេះ ប្រសិនបើអាច គួរកុំពិសារគ្រឿងស្រវឹង ឬក៏កាត់បន្ថយ ពីព្រោះគ្រឿងស្រវឹងក៏អាចធ្វើយើងរង្វេងគ្រប់គ្រងខ្លួនមិនបាន បង្កគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលភេសជ្ជប៉ូវកម្លាំងអាចទទួលទានកុំច្រើនពេកគឺ តិចតួចបានហើយ ប៉ុន្តែយកល្អកុំល្អជាង។ យកល្អសូមពិសារទឹកធម្មតា ត្រជាក់បន្តិចៗ ទឹកដូង និងទឹកផ្លែឈើស្រស់ៗល្អបំផុត៕