អគ្គីភ័យ កើតមានសឹងតែរាល់ថ្ងៃ សូមប្រុងប្រយ័ត្ន
គ្រោះអគ្គីភ័យនៅក្នុងរយៈពេលចុងក្រោយនេះ បានកើតមានឡើងសឹងតែរាល់ថ្ងៃដោយឆេះតាំងពីលំនៅស្ថាន ឃ្លាំង រហូតដល់សាលារៀន ដែលយើងទាំងអស់គ្នាគប្បីយកចិត្តទុកដាក់និង លើកកំពស់ការប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីធ្វើយ៉ាងណាអាចជួយកាត់បន្ថយហានិភ័យនេះបានមួយភាគដែរ។
គិតតាំងពីដើមខែមករា រហូតដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦កន្លងទៅស្ថិតិពីនាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលសារព័ត៌មាននានាបានដកស្រង់គឺមាន ២៤៧ ករណី។
នេះគឺជាស្ថិតិមូលដ្ឋានគិតត្រឹមពេលនោះ ប៉ុន្តែបើបូកទាំងករណីដែលកើតមានមកដល់ពេលនេះ គឺវាទំនងជាកាន់តែច្រើន។ នាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចែករំលែកថា គ្រោះមហន្តរាយនេះ វាកើតមានសឹងតែរាល់ថ្ងៃ។
ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ មានសេចក្តីរាយការណ៍ថា ឆេះសាលារៀនមួយកន្លែងដែលស្ថិតនៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ ក៏ដូចជាឆេះរថយន្តក្នុងឃ្លាំងមួយកន្លែងដែលស្ថិតនៅ សង្កាត់ ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ។ ហើយនៅថ្ងៃទី ២៣ ខែដដែល គឺមានសេចក្តីរាយការណ៍ឆេះលំនៅដ្ឋានមួយកន្លែងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាដើម។
ជាការពិតរឿងគ្រោះអគ្គីភ័យនេះគ្មានពីណាចង់ជួបនោះទេ ប៉ុន្តែវាកើតមានឡើងហើយ មួយផ្នែកនៃគ្រោះថ្នាក់នេះវាកើតពីការធ្វេសប្រហែស ឬ មើលស្រាល លើបញ្ហាផ្សេងៗ។
តាមការកត់ត្រារបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គីភ័យនេះកើតមានឡើងមាន២ធំៗ គឺការឆ្លងចរន្តអគ្គិសនី៤២.១៣% ប្រើប្រាស់ភ្លើង៣៩.៥៨% ហើយបញ្ហាដែលមិនដឹងពីមូលហេតុមាន១៨.២៩%។
រាជធានីភ្នំពេញកើតមានករណីគ្រោះថ្នាក់អគ្គីភ័យសរុប៥៣កើន១១លើក ខេត្តកណ្តាលកើតឡើងចំនួន ២៧និងថយចុះ១១លើក។
សរុបទៅ គ្រោះអគ្គីភ័យដែលកំពុងកើតមានជាបន្តបន្ទាប់នៅពេលនេះ មិនមែនជាបញ្ហាធម្មតាដែលអាចមើលរំលងបានទៀតទេ ប៉ុន្តែវាបានក្លាយជាសញ្ញាព្រមានដ៏ច្បាស់លាស់មួយអំពីភាពខ្វះការប្រុងប្រយ័ត្ន និងការគ្រប់គ្រងសុវត្ថិភាពនៅក្នុងជីវិតប្រចាំថ្ងៃ។ ទិន្នន័យបានបង្ហាញយ៉ាងច្បាស់ថា មូលហេតុភាគច្រើនកើតចេញពីមនុស្ស ជាពិសេសការប្រើប្រាស់អគ្គិសនីដោយគ្មានស្តង់ដារ ឬការមិនយកចិត្តទុកដាក់លើហានិភ័យតូចៗដែលអាចនាំទៅកាន់គ្រោះធំបាន។ ដូច្នេះ ការកាត់បន្ថយគ្រោះអគ្គីភ័យ មិនអាចផ្អែកលើសមត្ថកិច្ចតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវការចូលរួមពីគ្រប់ភាគី ចាប់ពីគ្រួសារ សហគមន៍ រហូតដល់ស្ថាប័នពាក់ព័ន្ធ។ ការពង្រឹងការយល់ដឹងសាធារណៈ ការត្រួតពិនិត្យប្រព័ន្ធអគ្គិសនីជាប្រចាំ ការរៀបចំឧបករណ៍ពន្លត់អគ្គីភ័យ និងការអនុវត្តវិធានការសុវត្ថិភាពឲ្យបានតឹងរឹង គឺជាចំណុចសំខាន់ដែលមិនអាចខ្វះបាន៕