សូមប្រុងប្រយ័ត្ន! ដង្កូវហ្វូងកំពុងវាយលុកខ្លាំងនៅតាមស្រែចម្ការ
នៅលើបណ្តាញសង្គមនិងទំព័រសារព័ត៌មាននានាបានឲ្យដឹងថា ដង្កូវហ្វូងអាចជាគ្រោះមហន្តរាយដែលបំផ្លាញផលដំណាំកសិករកម្ពុជានៅក្នុងឆ្នាំ២០២៤ នេះ សូមលើកកំពស់ការប្រុងប្រយ័ត្ន ពីព្រោះវាកំពុងតែទន្រ្ទាននិងរីករាលដាល។
ទាក់ទងនឹងបាតុភូតកកើតដង្កូវហ្វូងនេះ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានជូនដំណឹងឲ្យប្រុងប្រយ័ត្នដែរនៅលើបណ្តាញសង្គមរបស់លោក ។
លោកបានលើកឡើងកាលពីចុងសប្តាហ៍កន្លងទៅថា ៖ «ប្រយ័ត្ន! ករណីផ្ទុះដង្កូវហ្វូង បានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ! តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់១%ទៅ២%នៃដំណាំកំពុងដាំដុះ ភាគច្រើនទៅលើដំណាំស្រូវ និងដំឡូងមី តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ»។
លោកបានបន្តថា ក្រសួងកសិកម្មកំពុងប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបនៅទូទាំងប្រទេស បញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតបភ្លាមៗដល់បងប្អូនកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។
តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្ន ស្ថានភាពនេះស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេ ដោយហេតុថាយើងបានប្រតិកម្មបានលឿន និងបងប្អូនប្រជាកសិករមានការចូលរួមបានយ៉ាងសកម្មនិងទូលំទូលាយ។
លោកបានបន្ថែមទៀតថា អ្នកជំនាញរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មក ដង្កូវហ្វូងទាំងនេះនឹងស្លាប់ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់ ប៉ុន្តែ ទោះជាយ៉ាងណា លោកបានជំរុញឲ្យបងប្អូនប្រជាកសិករបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន។
ដង្កូវឥឡូវអាចស៊ីបំផ្លាញតែដំឡូងមី និង ស្រូវ ទេ ប៉ុន្តែកុំភ្លេចថា វាគឺជាដង្កូវ ដូច្នេះស្លឹកផ្សេងៗក៏ជាគោលដៅរបសវាដែរ ដោយរួមទាំងបន្លែជាច្រើនប្រភេទ ដែលយើងកំពុងតែបង្កបង្កើនផល ។
បើតាមអ្នកជំនាញបានចែករំលែក កសិករគឺត្រូវតមាន វិធានការការពារ ពោលគឺ ត្រូវធ្វើការសម្អាតស្មៅនៅតាមភ្លឺស្រែ ឬគម្ពោធព្រៃនៅជុំវិញស្រែដែលជាជម្រករបស់ដង្កូវហ្វូង ឬសមាសភាពចង្រៃផ្សេងៗ ។ កសិករក៏ត្រូវតែ ជីកចង្អូរមាត់លើដែលមានមុខកាត់ ៣០សម និងជម្រៅ ២០សម រួចរោយផេះ ឬកន្ទក់នៅបាតរណ្តៅដើម្បី បង្អាក់ ការធ្វើដំណើររបស់ដង្កូវហ្វូង ។
ដោយឡែកសម្រាប់ វិធានការកម្ចាត់វិញគឺមាន ព្រលែងទារចូលទៅក្នុងស្រែដើម្បីឱ្យហ្វូងទារទាំងនោះស៊ីដង្កូវដែលនៅក្នុងស្រែ ហើយក៏ត្រូវបង្ហូរទឹកចូលទៅក្នុងស្រែឱ្យលិចសន្ទូង ឬសំណាបរួចបង្ហូរទឹកចេញវិញហើយយកស្បៃមុង ឬថ្នងដងត្រីត្រង យក ដង្កូវហ្វូងកំទេចចោល។
សម្រាប់ វិធានការគីមីក៏អាចប្រើបានដែរ តែសូមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនៅក្នុងស្លាកសញ្ញា និងប្រើប្រាស់តែថ្នាំកសិកម្មណាដែលបានចុះបញ្ជិកានៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាម ដំណាក់កាលរបស់ដង្កូវហ្វូង ថ្នាំសម្លាប់សត្វល្អិត បរិមាណថ្នាំ និងទឹក រយៈពេលឈប់បាញ់ថ្នាំមុនប្រមូលផលនិងពេលដែលគួរបាញ់ថ្នាំដើម ។
សរុបមកវិញ វាគឺជាបាតុភូតធម្មជាតិ ដែលពិបាកនឹងដឹង ដូច្នេះសូមកសិករទាំងអស់ប្រុងប្រយ័ត្ន ហើយក៏ត្រូវហត់នឿយជាងរាល់ឆ្នាំបន្តិចហើយ ដោយសារតែការលុយលុយរបស់ពពួកសត្វចង្រៃទាំងនេះ៕