សាំងឡើងថ្លៃជារឿងគេចមិនរួច ប៉ុន្តែរឿងអគ្គិសនីមិនអីទេ រដ្ឋមន្រ្តីធានាហើយ !

រឿងសង្រ្គាមរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ ហើយអ៊ីរ៉ង់សងសឹងឡើងកក្រើកមជ្ឈឹមបូព៌ាគឺនឹងធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ ប៉ុន្តែសម្រាប់តម្លៃអគ្គិសនីគឺមិនឡើងថ្លៃ ហើយក៏មិនខ្វះដែរ។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលបានអះអាងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ យ៉ាងច្បាស់ៗថា កុំភ័យ រឿងសង្រ្គាមនៅអ៊ីរ៉ង់មិនប៉ះពាល់ដល់តម្លៃអគ្គិសនីដែលពលរដ្ឋកំពុងតែបារម្ភនោះទេ។

លោករដ្ឋមន្រ្តីបានធានាយ៉ាងច្បាស់ៗថា ឥទ្ធិពលនៃសង្រ្គាមនៅមជ្ឈឹមបូព៌ា តម្លៃអគ្គិសនីនៅកម្ពុជាមិនឡើងទេ ហើយក៏នឹងមិនខ្វះដែរ ប៉ុន្តែរឿងសាំងគឺជារឿងមួយ។

លោករដ្ឋមន្រ្តីបានអះអាងថា ដោយសារតែកម្ពុជាមានវារីអគ្គិសនី មានពន្លឺព្រះអាទិត្យ ដូច្នេះសំពាធនៃតម្លៃប្រេងដែលឡើងថ្លៃនៅលើពិភពលោកដោយសារសង្រ្គាមនេះមិនប៉ះពាល់ដល់តម្លៃអគ្គិសនីឡើយ។

លោកបានលើកឡើងផងដែរថា បើនិយាយអំពីសន្តិសុខនៃថាមពលជាពិសេសគឺអគ្គិសនីយើងធានាថ្លៃមិនត្រូវតម្លើង ហើយថាមពលក៏មិនខ្វះដែរ។

វាគឺជាការពិតពីព្រោះប្រភពថាមពលនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ ជាងពាក់កណ្តាលទៅហើយគឺដំណើរការដោយថាមពលស្អាតដែលមានវារីអគ្គិសនីជាច្រើនកន្លែង។ ក្រៅពីនោះកម្ពុជាអាចនាមកសិដ្ឋានសូឡាដែលបានរួមចំណែកមួយភាគនៃតម្រូវការអគ្គិសនី ហើយនៅពេលអនាគតកម្ពុជាក៏នឹងមានរោងចក្រថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ដែលនៅពេលនេះបានកំពុងតែសាងសង់នៅមណ្ឌលគិរី។

ប្រភពថាមពលអគ្គិសនីនៅកម្ពុជាដែលប្រើប្រាស់ដោយម៉ាស៊ីនដើរដោយថាមពលប្រេងដែលជាក្តីកង្វល់របស់សាធារណជននោះគឺមិនមានច្រើនទេ គឺមានភាគរយតិចបំផុតនៅពេលបច្ចុប្បន្ននេះ។

រឿងថាមពលអគ្គិសនីមិនអីនោះទេ ប៉ុន្តែអ្វីដែលអីនោះគឺរឿងប្រេងឥន្ធនៈ ដែលមកដល់ពេលនេះ អត្រានៃការឡើងថ្លៃគឺចូលរង្វង់៣០ភាគរយ ហើយវាអាចនឹងឡើងបន្ថែមទៀតប្រសិនបើស្ថានភាពនៃសង្រ្គាមនៅទីនោះកាន់តែមានការរីករាលដាលនិងអូសបន្លាយពេលកាន់តែយូរ។

ការឡើងថ្លៃប្រេងនេះមិនមែនជាក្តីបារម្ភហើយក៏មិនមែនជាផលប៉ះពាល់ដែលកើតឡើងនៅកម្ពុជាតែមួយនោះដែរ គឺនៅលើពិភពលោក ពីព្រោះច្រកសមុទ្រហ័រម៉ូស គឺជាច្រកនាំចេញប្រេងចូលប្រមាណជា ២០ ភាគរយ នៃតម្រូវការប្រេងនៅលើពិភពលោកទៅហើយ ដូច្នេះវាគឺជារឿងដែលយើងត្រូវតែដឹង។

សរុបទៅនៅក្នុងស្ថានភាពបែបនេះ យើងពិតជាមិនមានដំណោះស្រាយអ្វីក្រៅពីអត់ធ្មត់និងសន្សំសំចៃ ឲ្យខ្ពស់ដើម្បីធានាប្រក្រតីភាពនៃសង្គម។ ការប្រើប្រាស់យានយន្តក៏គួរតែកាត់បន្ថយ ដើម្បីទប់ទល់នឹងការឡើងថ្លៃប្រេង។ យើងត្រូវដឹងថា បញ្ហានៅពេលនេះវាមិនមែនដូច​ជាភ្លៀងហើយមេឃស្រឡះនោះទេ វាគឺជាបញ្ហាដែលនឹងអាចអូសបន្លាយពេលរហូតដល់ពិបាកនៅក្នុងការបញ្ជាក់ច្បាស់លាស់៕  

Daily Program

Livesteam thumbnail