សង្ឃឹមថាព្រឹទ្ធសភាថ្មីនឹងនាំឲ្យកម្ពុជាកាន់តែរីកចម្រើន
ក្រោយពេលព្រឹទ្ធសភាដែលកើតពីការបោះឆ្នោតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤មានក្បាលម៉ាស៊ីន និងបានបើកកិច្ចប្រជុំជាលើកដំបូង ដោយបានបង្កើតក្បាលម៉ាស៊ីនដឹកនាំត្រឹមត្រូវ មានការរិះគន់ខ្លះជាពិសេសពីសំណាក់អ្នកនយោបាយនៅក្រៅស្រុក។
ការរិះគន់គឺជារឿងមួយ ហើយគឺជាសិទ្ធិរបស់ម្នាក់ៗ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសម្រាប់ពលរដ្ឋនៅក្នុងស្រុកភាគច្រើនដូចជាមិនមានអ្វីធំដុំទេ ហើយនៅតែបន្តប្រក្រតីភាពនៃសង្គម ទៅមុខ ខណៈដែលអ្នកខ្លះមិនត្រឹមតែមិនរិះគន់ទេ តែក៏បានលើកឡើងថា នេះគឺជាការធានានូវស្ថេរភាពនយោបាយ និងដំណើរប្រពឹត្តិទៅជាប្រក្រតីនៃសង្គមកម្ពុជា។
នរណារិះគន់គឺជារឿងអ្នកនោះ ដោយសារតែគេមានសក្ខីកម្ម និងមានផ្នត់គំនិតមួយផ្សេង ប៉ុន្តែសម្រាប់មជ្ឈដ្ឋានទូទៅដែលមានសក្ខីកម្មផ្ទាល់ក៏បានបង្ហាញនូវទស្សនៈផ្សេងៗគ្នា។
សម្រាប់យើងជាពលរដ្ឋចង់នរណាមានយោបល់យ៉ាងណាយើងគួរតែទទួលទាំងអស់ ហើយសំយោគវាជាគំនិតសម្រាប់ពិចារណា។ តែទោះបីជាយ៉ាងណា ប្រជាពលរដ្ឋក៏គួរតែឈ្វេងយល់បន្ថែមនូវតួនាទីនិងកាតព្វកិច្ចរបស់ព្រឹទ្ធសភាឲ្យបានច្រើនជាងមុន ដើម្បីដឹងថា តើដំណើរការនៃការអភិវឌ្ឍប្រទេសជាតិដើរដល់កម្រិតណា ព្រោះវាជាចំណេះដឹងមួយដែលជួយឲ្យយើងអាចវិភាគចំណុចមួយចំនួនបានត្រឹមត្រូវ ជាជាងដាក់គំនិតនិងយោបល់របស់អ្នកដទៃជាគំនិតនិងទស្សនៈរបស់ខ្លួន និងកុំឲ្យក្លាយជាមនុស្សជ្រុលនិយម ជឿដោយងងឹតងងុល។
ប្រទេសជាតិមួយ អាចរីកចម្រើននិងជឿនលឿនបានដោយសារតែពលរដ្ឋគ្រប់រូបចេះថ្លឹងថ្លែងពិចារណា និងមានចំណេះដឹងដើម្បីរិះគិតនិងវិភាគ និងចេះសាមគ្គីជាធ្លុងមួយ ដោយមានឆន្ទៈរួមគ្នា ហើយហ៊ានទទួលស្គាល់ចំណុចវិជ្ជមាន និងកែតម្រូវចំណុចអវិជ្ជមាន។
សព្វថ្ងៃនេះ យើងទទួលស្គាល់ថា ប្រទេសកម្ពុជាកំពុងរីកចម្រើនទៅមុខ ប៉ុន្តែក៏មានចំណុចខ្វះខាតមួយចំនួនត្រូវកែតម្រូវឲ្យទាន់ពេលវេលាផងដែរ។ ហើយក្នុងនាមជាពលរដ្ឋក៏សង្ឃឹមថា ព្រឹទ្ធសភាអាណត្តិថ្មីនេះ នឹងអាចជាពន្លឺថ្មីធ្វើតាមតួនាទីនិងការពារឆន្ទៈរបស់រាស្ត្រ មិនមែនផ្តោតលើក្រុមណាមួយក្នុងសង្គមដូចពាក្យដែលគេបានរិះគុណនោះឡើយ។
សរុបមកវិញនៅពេលដែលស្ថាប័នព្រឹទ្ធសភាប្តូរមេដឹកនាំលើកនេះរំពឹងថា ព្រឹទ្ធសភានឹងកាន់តែសកម្មថែមទៀតដើម្បីធានាអំណាចនៃស្ថាប័ននិតិបញ្ញតិ ដើម្បីជួយគ្នាជំរុញឲ្យស្ថាប័ននិតិប្រតិបត្តិកាន់តែដើរទៅមុខនៅក្នុងជំហានដ៏ត្រឹមត្រូវ ដើម្បីកាន់តែនាំសង្គមកម្ពុជារីកចម្រើនបន្ថែមទៀត៕