សង្គ្រាមនៅមជ្ឈិមបូព៌ាគឺនៅឆ្ងាយ ប៉ុន្តែឥទ្ធិពលរបស់វានឹងនៅជិត

ពេលពិភពលោកកំពុងតែរងការរញ្ជួយដោយជម្លោះប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ប្រជាពលរដ្ឋកម្ពុជាជាច្រើនប្រហែលជាគិតថា នេះជាបញ្ហាឆ្ងាយពីយើងរាប់ពាន់គីឡូម៉ែត្រ ហើយបើយើងជិះយន្តហោះត្រង់វិញគឺចូលរង្វង់៧ទៅ៨ម៉ោងដែរ ប៉ុន្តែក្នុងសម័យសកលភាវូបនីយកម្មដូចបច្ចុប្បន្ន សង្គ្រាមមួយកន្លែងអាចបង្ករលកឥទ្ធិពលទៅគ្រប់ទិសទី រួមទាំងប្រទេសតូចៗដូចកម្ពុជាផងដែរ។

ជាដំបូង ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចគឺអាចមើលឃើញបានភ្លាមៗ ហើយអ្វីដែលប្រត្យក្រនោះតម្លៃប្រេងនឹងឡើងថ្លៃ ហើយខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងរអាក់រអួល។ នៅក្នុងស្ថានភាពបែបនេះ  ប្រទេសដែលពឹងផ្អែកលើការនាំចូលប្រេង និងពាណិជ្ជកម្មអន្តរជាតិដូចកម្ពុជា នឹងទទួលរងផលប៉ះពាល់ដោយផ្ទាល់។ នៅពេលដែលជម្លោះនេះអូសបន្លាយតម្លៃទំនិញនៅតាមទីផ្សារអាចឡើងថ្លៃ ហើយការវិនិយោគអាចធ្លាក់ចុះ រីឯវិស័យទេសចរណ៍ក៏អាចរងឥទ្ធិពលបន្ថែមទៀតផងដែរ។

ទោះបីជាមេដឹកនំាកំពូលអ៊ីរ៉ង់និងបណ្តាមន្រ្តីយោធានិងស៊ីវិលមួយចំនួនត្រូវបានបញ្ជាក់ថា ស្លាប់ហើយនោះ ស្ថានការណ៍ទំនងជាមិនដូចជាការរំពឹងទុកនោះទេ។ ស្ថានការណ៍នៅអ៊ីរ៉ង់ វាអាចខុសពី ប្រទេសដទៃដោយសារតែស្លាប់មេដឹកនាំប្រទេសនិងកងកម្លាំងនឹងចលាចល​ ប៉ុន្តែសម្រាប់អ៊ីរ៉ងហាក់មានអង្គការចាត់តាំងនឹងរៀបចំរចនាសម្ព័ន្ធល្អ។ មកដល់ពេលនេះ អ្វីដែលគេដឹងថា កងកម្លាំងអ៊ីរ៉ង់ នៅតែបន្តមានលទ្ធភាពឆ្លើយតបប្រឆាំងនឹងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកផងដែរ។​

ទោះជារងនូវការវាយប្រហារយ៉ាងចាស់ដៃពីយោធាសហរដ្ឋអាមេរិក និង អ៊ីស្រាអែលចំៗគោលដៅល្អក៏ពិតមែន ប៉ុន្តែកងឆ្មាំបដិវត្តអ៊ីរ៉ង់នៅតែបន្តមានលទ្ធភាពវាយបកប្រឆាំងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបាននៅឡើយទេ ដូចនេះការវាយប្រហារនឹងអូសបន្លាយពេល។ នៅក្នុងស្ថានភាពនេះប្រសិនបើការវាយប្រហារបន្តអូសបន្លាយវានឹងធ្វើឲ្យតំបន់និងធ្លាក់នៅក្នុងស្ថានភាពអស្ថេរភាព កាន់តែយូរ ដូច្នេះកម្ពុជាយើងពិតជាពិបាកនឹងគេចផុតពីផលប៉ះពាល់ណាស់។​

នៅលើបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ពេលបើកឡើងពេលណាឃើញតែការចែករំលែក ផ្សព្វផ្សាយអំពីសង្រ្គាមនេះ ហើយវាក៏សំបូរទៅដោយព័ត៌មានក្លែងក្លាយពណ៌មានលាបពណ៌នេះនោះ ដែលនឹងធ្វើអោយកម្ពុជានឹងរងគ្រោះ ដោយមិនអាចប្រកែកបាន ។

នៅក្នុងស្ថានភាពបែបនេះ សម្រាប់យើងជាប្រជាពលរដ្ឋគឺគួរតែ ត្រូវតាមដានព័ត៌មានពីប្រភពផ្លូវការ និងគួរឲ្យទុកចិត្ត ហើយត្រូវរៀបចំផែនការផ្ទាល់ខ្លួនផ្នែកសេដ្ឋកិច្ច ដូចជាការគ្រប់គ្រងចំណាយ និងសន្សំប្រាក់ ក្នុងករណីមានការឡើងថ្លៃទំនិញ។ ក្រៅពីនោះយើងក៏ត្រូវតែ គាំទ្រយុទ្ធសាស្ត្រការទូត និងសន្តិភាព ជំនួសការគាំទ្រអំពើហិង្សា។

សរុបទៅសង្គ្រាមវាកើតឡើងនៅឆ្ងាយពីកម្ពុជាមែន ប៉ុន្តែផលប៉ះពាល់អាចមកដល់ផ្ទះយើងនៅក្នុងពេលឆាប់ៗនេះ ដូច្នេះ ក្នុងនាមជាពលរដ្ឋកម្ពុជា ការរក្សាស្មារតីស្ងប់ស្ងាត់ ប្រកបដោយវិចារណញាណ និងគាំទ្រសន្តិភាព គឺជាការឆ្លើយតបដ៏មានតម្លៃបំផុត។ នៅក្នុងស្ថានភាពដែលពិភពលោកកំពុងតែតាងតឹងបែបនេះ យើងក៏ត្រូវតែយកចិត្តទុកដាក់លើបញ្ហាននេះ៕

Daily Program

Livesteam thumbnail