រឿងព្រំដែនជាមួយថៃ បិទក៏បានបើកក៏បាន​ តែរឿងសំខាន់គឺសន្តិភាព

រឿងបិទឬបើកច្រកព្រំដែនដែលមាននៅក្នុងខេត្ត៧ជាមួយនឹងប្រទេសថៃសណ្តូកតាមបណ្តោយព្រំដែនសរុបជាង​៨០០ គីឡូម៉ែត្រមិនមែនជារឿងសំខាន់ឡើយនៅពេលនេះ កិច្ចការសំខាន់គឺសន្តិភាព កុំយកលេសនេះលេសនោះ។ 

មកដល់ពេលនេះសារព័ត៌មានថៃ អ្នកដឹកនាំថៃ អ្នកនយោបាយថៃ អ្នកជាតិនិយមថៃ ជាច្រើនសុទ្ធតែលើកឡើងពីគម្រោងការបិទព្រំដែនជាមួយនឹងកម្ពុជា ខណៈដែលការពិតទៅ  វាមិនមែនជារឿងកម្ពុជាឡើយ ហើយក្រោយករណីទាហានថៃដើរជាន់មីនថ្មីៗនេះ ក៏ជារឿងភាគីថៃ ។ ភាគីថៃមិនគួរយកវាជាលេសបន្តចិញ្ចឹមចិត្តអូសបន្លាយទំនាស់បន្តទៀតឡើយ។

រឿងបិទព្រំដែននេះគឺជារឿងថៃ ហើយថៃក៏ជាអ្នកដែលបិទមុនដែរ ខណៈដែលកម្ពុជាគឺដើរតាមក្រោយថៃទេ ហើយនៅពេលនេះកម្ពុជាក៏មិនដែលបានបង្ហើបពីការទទូចអង្វរសុំថៃឲ្យបើកមាត់ច្រកឡើយ ពីព្រោះនៅពេលនេះច្រកព្រំដែនទាំងនោះមិនមែនជាច្រកដង្ហើមសេដ្ឋកិច្ចនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជាទៀតឡើយ ប៉ុន្តែរឿងសន្តិភាពជាកត្តាសំខាន់ ពីព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់ សុវត្ថិភាពប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន ។ រឿងនេះកម្ពុជាបានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមកិច្ចព្រមព្រៀងក៏ដូចជាសេចក្តីប្រកាសរួមផ្សេងៗពាក់ព័ន្ធនឹងសន្តិភាពតាមព្រំដែនរវាងប្រទេសទាំងពីរ ។​

កម្ពុជាមិនដែលអង្វឬទទូចឲ្យភាគីថៃបើកឡើយ ។​ អត់ទំនិញថៃ​នៅពេលនេះផលិតករនៅក្នុងស្រុកកំពុងតែផលិតផ្គត់ផ្គង់ខ្លួនឯង ហើយគុណភាព និង សោភ័ណ្ឌភាពគឺសុទ្ធតែទទួលយកបានទាំងអស់ ។

ក្រៅពីនោះសម្រាប់ទំនិញខ្លះដែលកម្ពុជាមិនទាន់ផលិតបាន គឺកម្ពុជាក៏អាចនឹងមានប្រភព ទីផ្សារផ្គត់ផ្គង់ផ្សេងៗដើម្បីដោះដូរសេដ្ឋកិច្ចនិងបម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាបានជាប្រក្រតី។

កម្ពុជាមិនឈឺក្បាលអ្វីទៅអង្វរភាគីថៃឲ្យបើកព្រំដែនឡើយ ហើយថ្មីៗនេះ សូម្បីតែថ្នាក់ដឹកនាំកម្ពុជាក៏បានលើកឡើងបញ្ហានេះខ្លះៗដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកនៅលើបណ្តាញសង្គមថ្មីៗនេះថា សម្រាប់ប្រជាជនកម្ពុជា តាំងពីថៃបិទច្រកទ្វារព្រំដែនជាឯកតោភាគីមក កម្ពុជាមិនដែលបានទៅសុំថៃឲ្យបើកច្រកឡើងវិញនោះទេ។

សម្តេចតេជោធ្លាប់បានលើកឡើងថា ថៃអាចបន្តបិទ១០០ឆ្នាំ ឬ៥០០ឆ្នាំទៀតក៏ជារឿងរបស់ថៃ ព្រោះកូនសោស្ថិតក្នុងដៃរបស់ថៃ។ ការបិទកន្លងមកនេះមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ តែផ្ទុយទៅវិញធ្វើឲ្យទំនិញក្នុងស្រុកចូលមកជំនួសទំនិញថៃ ដែលនោះគឺជាឱកាសជំរុញផលិតកម្មក្នុងស្រុកឲ្យកើនឡើង។

សម្តេចតេជោ បានលើកឡើងថា ការដែលសម្តេចបាននិយាយប្រាប់ប្រតិភូមិត្តភក្តិបរទេសថា ថៃបិទច្រកព្រំដែនជាមួយកម្ពុជាមិនមែនគ្រាន់កាត់ផ្តាច់ការតភ្ជាប់រវាងកម្ពុជា-ថៃប៉ុណ្ណោះទេ តែជាការកាត់ផ្តាច់ការតភ្ជាប់អាស៊ាន និងអាស៊ីផងដែរ។ កម្ពុជាមិនទៅសុំថៃបើកច្រកព្រំដែនវិញទេ និងសង្ឃឹមថាប្រជាជនកម្ពុជាមិនយល់ច្រឡំថា ថ្នាក់ដឹកនាំកម្ពុជាធ្វើថោកទៅសុំថៃឲ្យបើកច្រកព្រំដែនវិញនោះដែរ។

          សរុបទៅរឿងបិទព្រំដែនឬបើកមិនមែនជារឿងអាទិភាពរបស់កម្ពុជាឡើយ ចង់ថៃបិទឬបើកគឺស្រេចចិត្ត ។ ថៃមិនរកស៊ីជាមួយនឹងកម្ពុជា ក៏កម្ពុជាមានដៃគូមាន ផលិតផលដែលអាចនឹងផ្គត់ផ្គង់និងចិញ្ចឹមជីវិតជាប្រក្រតីមកដល់ពេលនេះ ។ រឿងដែលកម្ពុជាចង់បានគឺសន្តិភាពពីព្រោះបទពិសោធនៃសង្រ្គាមស៊ីវិលពីឆ្នាំ១៩៧០ មកដល់ឆ្នាំ១៩៩៨ កម្ពុជាបានហែលឆ្លងអស់ហើយ ដូច្នេះហើយបានជាកម្ពុជាបានអត់ធ្មត់ គ្រប់យ៉ាង៕

Daily Program

Livesteam thumbnail