យុវជននិងយុវនារីកុំប្រឡង់ចប់ភ្លាមគិតជំនាញអីមិនគិតគិតឃើញតែជំនាញរកលុយតាមបណ្តាញសង្គម
យុវជននិងយុវនារីដែលចាប់អារម្មណ៍លើជំនាញបង្កើតមាតិកានៅលើបណ្តាញសង្គម ហើយរកលុយពីបណ្តាញនោះ មិនមែនជាជំនាញដែលជាជម្រើសដ៏ប្រសើរសម្រាប់រយៈពេលវែងឡើយ។ បើគ្រប់គ្នាគិតតែចង់បានជំនាញនេះ តើជំនាញផ្សេងៗទៀតបាននរណាធ្វើ?
សូមកុំធ្វើតាមគ្នាជាហ្វូង ហើយត្រូវដឹងថាសង្គមមួយដែលរីកចម្រើនមិនអាចមានធនធានមនុស្សត្រឹមតែជំនាញតែមួយនោះទេ គឺត្រូវការធនធានមនុស្សដែលមានជំនាញច្បាស់លាស់ និងមានសក្តានុពលពហុជំនាញ។ ដូច្នេះ សូមសម្លឹងឱ្យស៊ីជម្រៅ និងស្វែងយល់ឱ្យបានច្បាស់លាស់។
មកដល់ពេលនេះ គេដឹងថាការបង្កើតមាតិកានៅលើបណ្តាញសង្គមវាស្រួល មិនសូវអស់ដើមទុនច្រើន និងសប្បាយ ប៉ុន្តែវាអាចជារបរបណ្តោះអាសន្ន និងតាមពេលវេលាប៉ុណ្ណោះ។ និន្នាការសង្គមវានឹងប្រែប្រួល ដូច្នេះកុំគិតថាវាគឺជាជំនាញចម្បងក្នុងការសម្រេចយកធ្វើជាគោលដៅនៃអាជីពនៅពេលអនាគតដ៏វែងឆ្ងាយ។
នៅពេលនេះ អ្នកដែលស្រឡាញ់ជំនាញនេះមានកាន់តែច្រើន ហើយជាការពិតណាស់ ជំនាញនេះក៏មិនមែនចេះតែទទួលបានជោគជ័យទាំងអស់គ្នាដែរ។ កុំភ្លេចថា មកដល់ពេលនេះអ្នកដែលចាប់អារម្មណ៍នឹងជំនាញនេះមានច្រើនលើសលប់ ដូច្នេះចង់មិនចង់ វាកំពុងតែចែកផលប្រយោជន៍គ្នាាបន្តិចម្នាក់ៗ ហើយវានឹងសាបរលាបទៅវិញនៅពេលអនាគត នៅពេលដែលនិន្នាការ និងផ្នត់គំនិតរបស់មនុស្សជាតិប្រែប្រួល។
មុខជំនាញនៅក្នុងសង្គមមានរាប់សិបជំពូក និងរាប់សិបប្រភេទ ចូរសម្រេចចិត្តដោយផ្អែកលើសមត្ថភាព ទេពកោសល្យ និងតម្រូវការសម្រាប់សង្គម។ សង្គមមួយត្រូវការប្រជាពលរដ្ឋមានជំនាញគ្រប់ប្រភេទ មិនមែនសង្គមមានធនធានមនុស្សតែមួយជំនាញនោះទេ។
ពេលនេះ វិស័យកសិកម្មក៏ត្រូវតែមាន ឧស្សាហកម្មក៏ចាំបាច់ វេជ្ជសាស្ត្រក៏មានតម្រូវការ គ្រូបង្រៀនក៏សំខាន់ ហើយសេវាកម្មនានាក៏មិនអាចខ្វះបានដែរ។ សូម្បីតែកម្មករ ក៏ត្រូវការធនធានមនុស្ស និងកម្លាំងការងារដើម្បីបំពេញបន្ថែមផងដែរ ដូច្នេះសូមរិះគិតវិភាគរកជំនាញដែលសង្គមកំពុងត្រូវការ។
ក្រៅពីប្រជាពលរដ្ឋត្រូវពិចារណាដោយខ្លួនឯង ស្ថាប័នពាក់ព័ន្ធក៏គួរយកចិត្តទុកដាក់ក្នុងការតម្រែតម្រង់ទិសដៅជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេដឹងថាគួររៀបចំខ្លួនបែបណាដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។
ជារួមមក ការបង្កើតមាតិកានៅលើបណ្តាញសង្គម និងការរកចំណូលតាមប្រព័ន្ធឌីជីថល គឺជាឱកាសការងារថ្មីមួយដែលមិនគួរមើលរំលងឡើយ ប៉ុន្តែទោះជាយ៉ាងណា យុវវ័យមិនគួរយកនិន្នាការដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នមកកំណត់ជាគោលដៅអាជីពរយៈពេលវែង ដោយមិនបានពិចារណាពីការប្រែប្រួលនៃបច្ចេកវិទ្យា ទីផ្សារ និងតម្រូវការរបស់សង្គមនោះទេ។ អ្វីដែលកំពុងពេញនិយមនៅថ្ងៃនេះ អាចនឹងមិនមានតម្លៃដូចគ្នានៅថ្ងៃអនាគតឡើយ។
អ្វីដែលសំខាន់ជាងការដើរតាមនិន្នាការ គឺការស្គាល់សមត្ថភាព ទេពកោសល្យ និងចំណាប់អារម្មណ៍របស់ខ្លួន ព្រមទាំងសិក្សាពីតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ យុវវ័យអាចយកជំនាញបង្កើតមាតិកាជាជំនាញបន្ថែម ដើម្បីបង្កើនសមត្ថភាពទំនាក់ទំនង ការច្នៃប្រឌិត និងការប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែគួររួមបញ្ចូលវាជាមួយជំនាញវិជ្ជាជីវៈផ្សេងទៀតដែលមានតម្លៃស្ថិតស្ថេរសម្រាប់រយៈពេលវែង។
