មូសឥឡូវដូចជាសំបូរណាស់

មួយរយៈមកនេះ ក្រោយពេលដែលមូសុងឥសាន្តហាក់ដូចជាសា្រកស្រាន្តទៅ អាកាសធាតុចាប់ផ្តើមប្រែទៅជាក្តៅ ខ្យល់ក៏បន្ថយល្បឿន មូសឃើញកើតមានច្រើន គ្រាន់តែមិនដឹងថា ជាមូសប្រភេទអ្វី ប៉ុន្តែពលរដ្ឋចេះតែព្រួយបារម្ភថាវាជាពពួក​មូសខ្លាដែលជាប្រភពចម្លងជំងឺគ្រុនឈាម និង ជំងឺឆ្លងតាមមូសផ្សេងៗទៀត ។​

កំណើនមូសនេះគឺច្រើន ជាពិសេសគឺនៅពេលដែលពន្លឺព្រះអាទិត្យចាប់ផ្តើមអស្តង្គត រង្វង់ម៉ោង ៥ និង ៣០ នាទីល្ងាចតទៅ រហូតដល់ភ្លឺ ។​ នៅតំបន់ខ្លះពលរដ្ឋបើកទ្វារបើកបង្អួចមិនបានទេ បើមិនអ៊ីចឹងទេវាហើរចូល ហើយខាំពេញផ្ទះ។ យើងខ្ញុំគិតថា សមត្ថកិច្ចមូលដ្ឋាននិងអ្នកជំនាញគួរតែចាត់វិធានការណ៍បាញ់ថ្នាំបង្ការនិងទប់ស្កាត់ពពួកសត្វមូសទាំងអស់នេះហើយ ។​

មូសវាពិតជាកើតច្រើនមែន កុំថាឡើយផ្ទះ កន្លែងធ្វើការ សូម្បីតែបើកទ្វារឡានក៏ពួកវាហើរត្បុលចូលខាំមនុស្សពេញតែក្នុងឡានថែមទៀតផង ។ មូសទាំងនោះចម្រុះខ្លះធំខ្លះតូច ខ្លះមានអុចៗដូចជាមូសខ្លាមែន ។ ពួកវា ខាំឈឺ ហើយរមាស់​ ក្មេងខ្លះឥឡូវនេះ ដោយសារតែវាខាំខ្លាំងពេកគឺកំពុងតែអេះឡើងកើតជាស្នាមពេញដៃពេញជើង ។

កុំប្រហែសអំពីរឿងនេះ ពីព្រោះមូសគឺជាប្រភពនៃជំងឺឆ្លងជាច្រើនប្រភេទ ដែលរួមមានតាំងពីគ្រុនឈាម គ្រុនចាញ់ ហ្ស៊ីការ និង គ្រុនឈីកជាដើម ។ ជំងឺទាំងនេះគឺពិតជាគ្រោះថ្នាក់ ហើយអាចសម្លាប់ជីវិតមនុស្ស ត្រូវ​​ព្យាបាលសម្រាកពេទ្យ​ ខាតពេលវេលា មិនបានធ្វើការនិង​រៀនសូត្រដែរ ។​

តំបន់ដែលសំបូរនៅពេលនេះ គឺនៅតាមតំបន់មានលូរ ក្បែរកន្លែងប្រភពទឹក ពោលគឺនៅតំបន់ជាយក្រុង ដូច្នេះយើងខ្ញុំសង្ឃឹមថា វិធានការកំចាត់មូសគួរតែដល់ពេលត្រូវធ្វើហើយក៏គួរតែធ្វើជាបន្តបន្ទាប់ ដើម្បីកុំអោយកំណើនសត្វមូសនេះបង្កើតជាបញ្ហាសុខភាពប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ ។​

ក្រៅពីសមត្ថកិច្ចហើយនោះ យើងជាប្រជាពលរដ្ឋក៏គួរតែប្រុងប្រយ័ត្នផ្ទាល់ខ្លួនដែរ​ហើយក៏មានតួនាទីជួយទប់ស្កាត់វាផងដែរ ដោយព្យាយាមលុបបំបាត់កន្លែងដែលដក់ទឹក ។ ផ្ទះសម្បែងបើកទ្វារចាំពេលដែលតំបន់មានពន្លឺគ្រប់គ្រាន់សិន ហើយគួរតែបិទទ្វារបង្អួចនៅពេលអស់ពន្លឺ ។​​ យើងទាំងអស់គ្នាមានតួនាទីរួមគ្នាជួយកំចាត់មូសនេះ​៕

Daily Program

Livesteam thumbnail