មិនដឹងថាពេលណាពលរដ្ឋខ្មែរទទួលបានយុត្តិធម៌ពីការរកស៊ីបង្កបញ្ហាសុខភាពខាងចំណីអាហារទេ?

នៅប្រទេសជិតខាងដូចជាករណីនៅវៀតណាម ឲ្យតែមានករណីមិនប្រក្រតីអ្នកបង្កមិនដែលរួចខ្លួនឡើយ គឺសមត្ថកិច្ចស្រុកគេតែងតែស្រាវជ្រាវវែកមុខរហូតដល់តែឃើញផ្តល់យុត្តិធម៌ដល់ពលរដ្ឋជាបន្តបន្ទាប់ ប៉ុន្តែនៅកម្ពុជាយើង​ ឃើញចាប់បានរបស់មិនប្រក្រតីជាបន្តបន្ទាប់ដែរ តែមិនដែលបង្ហាញជនបង្ករទាំងនោះឡើយ។

តាមសារព័ត៌មានវៀតណាម VN Express កាលពីពេលថ្មីៗនេះ សមត្ថកិច្ចវៀតណាមទើបតែបានប្រកាសកាត់ទោសមនុស្សមួយក្រុមតាំងពីប្រធានក្រុមហ៊ុនរហូតដល់អ្នកផ្សំគំនិត ក្រោយពេលដែលគេបានរកឃើញករណីផលិតផលទឹកដោះគោក្លែងក្លាយមួយ ដែលមានទឹកប្រាក់ប្រមានជា ៩១,៣៥លានដុល្លារ ដោយជនបង្កត្រូវផ្តន្ទាទោសមនុស្សជិត២០នាក់ដាក់ពន្ធនាគារ ពី ១៥ខែរហូតដល់៣០ឆ្នាំ។​

ក្រៅពីនោះ ករណីយកផលិតផលសាច់ជ្រូកនៅក្នុងស្រុកយកទៅស្តុកក្លែងបន្លំធ្វើសាច់ជ្រូកប្រណិតនាំចូលពីអូស្រ្តាលី ហើយករណីក្រុមជនខិលខូចលួចទៅកាយខ្មោចជ្រូកដែលគេកប់ចោលដោយសារតែជំងឺ យកមកកាប់ចែកចាយលក់ក៏ត្រូវសមត្ថកិច្ចប្រទេសគេវែកមុខយកទៅផ្តន្ទាទោសផងដែរ។

នេះគឺជារឿងនៅវៀតណាមទេ ហើយយើងក៏មិនចង់ប្រៀបធៀបដែរ ប៉ុន្តែយើងក៏ចង់ឃើញស្រុកយើងអ្នកខុសត្រូវមានទោស ហើយអ្នករងគ្រោះទទួលបានយុត្តិធម៌បែបនេះដែរ។​នៅក្នុងស្រុកយើងពលរដ្ឋដែលរងគ្រោះព្រោះផលិតផលក្លែងក្លាយឬខូចគុណភាព ឬមានសារធាតុគីមីនេះនេះមានជាបន្តបន្ទាប់ ប៉ុន្តែជាទូទៅយើងដូចជាមិនដែលរកឃើញអ្នកដែលទទួលខុសត្រូវ។

ជាក់ស្តែងតាមសារព័ត៌មាននៅក្នុងស្រុកចុះផ្សាយ កាលពីពេលថ្មីៗនេះ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បាន​ធ្វើការ​បង្ក្រាប​សាច់​ជ្រូក និង​សាច់​មាន់​បង្កក​ចំនួន​១១.៥​តោន ដែល​គ្មាន​គុណភាព និង​សុវត្ថិភាព​យក​ទៅ​ដុត​បំផ្លាញ​ចោល។

ចំណាត់ការនេះបានកើតសម្រេចឡើងក្រោយពេលដែលមន្ត្រី​ជំនាញ​បាន​តាមដាន​ស្រាវជ្រាវ​ថា វាត្រូវបានលួចនាំចូលដោយ គ្មាន​លិខិត​ស្នាម និង​ខូចគុណភាព តាមច្រកមកពីខេត្តស្វាយរៀង មក​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ។

នៅក្នុងករណីនេះសមត្ថកិច្ចបង្ហាញតែវត្ថុតាងដែលជាសាច់ដែលរឹបអូសនេះ ប៉ុន្តែមិនបានឲ្យដឹងថា វាជារបស់នរណាឡើយ ដូច្នេះមើលទៅករណីទាំងនេះទំនងជាដូចករណីមុនៗទៀតហើយ។​

សរុបទៅយើងជាប្រជាពលរដ្ឋដែលអាចជាអ្នកដែលទទួលទានផលិតផលដែលក្រុមនេះធ្លាប់នាំចូលពីមុនមក គឺពិតជារងផលប៉ះពាល់សុខភាពដោយប្រយោល ដូច្នេះយើងពិតជាចង់ដឹងថា នរណាជាអ្នកទទួលខុសត្រូវ ដើម្បីយើងបានយុត្តិធម៌​៕

 

Daily Program

Livesteam thumbnail