មនុស្ស ជាច្រើន ចូលរួម យុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ចុះការអនុវត្ត?

ពីមួយថ្ងៃទៅមួយថ្ងៃពលរដ្ឋដែលចូលរួមនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គឺមានការកើនឡើងខ្លាំង ប៉ុន្តែអ្វីដែលយើងខ្ញុំបារម្ភគឺមានអ្នកចាប់ អារម្មណ៍ច្រើន ប៉ុន្តែអ្នកដែលអនុវត្តន៍អាចនៅមានកម្រិត ។

តាមការប្រកាសរបស់ក្រសួងបរិស្ថានបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ កញ្ញា រហូតដល់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ យុទ្ធនាការនេះមានអ្នកចូលរួមសរុបចំនួនជាង​៤លាន១សែននាក់ ហើយ ក្នុងនោះរួមមាន លោកគ្រូអ្នកគ្រូសរុបចំនួនជាង១៦ម៉ឺននាក់នាក់ សិស្សានុសិស្សសរុបចំនួន៣,៧ លាននាក់ កម្មករកម្មការនីសរុបចំនួនជាង២៤ម៉ឺននាក់ និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួនជាង ៤២ ម៉ឺននាក់ បន្ទាប់ពីមានការផ្សព្វផ្សាយសរុបបានចំនួន ១៣.៧៣១ លើក ក្នុងសាលារៀនសរុបចំនួន ៩.១៤៣ សាលា រោងចក្រចំនួន៣៦៥ វត្តអារាម៤៨ សហគមន៍ទីប្រជុំជនចំនួន១១៨កន្លែង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ចំនួននេះគឺជាតួរលេខដ៏គួរអោយមោទនៈភាព ហើយប្រសិនបើអ្នកទាំងអស់គ្នាពិតជាបានចូលរួមនិងធ្វើការប្តេជ្ញាចិត្តអនុវត្តនូវយុទ្ធនាការនេះមិនចាំបាច់ដល់ទៅ​១០០ ភាគរយទេ គឺឲ្យ តែបានត្រឹម ៥០ ទៅ ៦០ ភាគរយនៃការប្តេជ្ញាចិត្តនេះ នោះសំរាមក៏ដូចជាសំណល់ប្លាស្ទិននៅ កម្ពុជាគឺពិតជាអាចកាត់បន្ថយបានយ៉ាងក្រាស់ក្រែល ប៉ុន្តែអ្វីដែលយើងខ្ញុំបារម្ភនោះគឺពួកគេបាន ត្រឹមតែចូលរួមនិងមានចំណាប់អារម្មណ៍នឹងយុទ្ធនាការនេះ រីឯការអនុវត្តគឺបានតិចតួច ដូច្នេះកម្រិតនៃសំណល់សំរាមនិងសំណល់ប្លាស្ទិកប្រែប្រូលនៅទាប។​

បងប្អូនសូមកុំព្រលែងដៃណា នៅក្នុងករណីដែលបងប្អូនបានដាកចិត្តដាក់កាយចូលរួមនៅក្នុង យុទ្ធនាការនេះហើយគឺសូមខំប្រឹងប្រែងពីព្រោះសំណល់ប្លាស្ទីកនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ ។ នៅលើផ្ទៃដីវាប៉ះពាល់ដល់សោភ័ណ្ឌភាព កប់ដីវាអត់រលាយនិងរលួយអីទេ គឺវាងាយបង្កឲ្យដីហីល ។ បើវាហូរចូលទឹកវាអាចធ្វើអោយប៉ះពាល់ដល់ជីវិតនិងជីវសាស្រ្តចម្រុះនៅក្នុងទឹក ដូចជាពពួកត្រីនិងមច្ឆានានា ។

កាកសំណល់ទាំងនេះក៏អាចនឹងធ្វើឲ្យប៉ះពាល់និងបំពុលគុណភាពទឹក ហើយប្រសិនបើយើងដុតវានោះ វាកាន់តែធ្វើឲ្យបំពុលខ្យល់បំពុលបរិយាកាស ប៉ះពាល់ដល់សុខភាពមនុស្សសត្វ  និង អ្វីៗគ្រប់យ៉ាង ។​

សរុបសេចក្តីទៅសំរាមនិងសំណល់ប្លាស្ទិកគឺពិតជាមានផលអាក្រក់ខ្លាំងណាស់សម្រាប់សង្គម របស់មនុស្សជាតិយើងនៅពេលបច្ចុប្បន្ននិងពេលអនាគត ដូច្នេះទាំងអ្នកដែលចូលរួមនៅក្នុងយុទ្ធនាការនេះ និង​អ្នកដែលមិនចូលគឺក៏ត្រូវតែចូលរួមកាត់បន្ថយវាឲ្យខានតែបាន ដើម្បីសង្គម យើងអាចដោះស្រាយបញ្ហានេះ ។ សូមលើកកំពស់ការចូលរួមនិងអនុវត្តអោយបានគត់មត់ ហើយនៅពេលដែលយើងអនុវត្តបានល្អនោះ យើងក៏មានបញ្ហាសោភណ្ឌភាព ជីវចម្រុះយើង ក៏ប្រសើរ ហើយបរិយាកាសស្រុកយើងក៏នៅបន្តស្រស់ស្អាតជាទីមនោរម្យសម្រាប់យើងទាំងអស់គ្នា ។

 បញ្ជាក់ក្នុងថ្ងៃទី17 មករា ឆ្នាំ2024 មានអ្នកចូលរួមសរុបចំនួន 28,082 នាក់ ដោយបាន អនុវត្តក្នុងរាជធានី/ខេត្ត ចំនួន 13 គឺខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត ភ្នំពេញ ព្រះវិហារ ព្រៃវែង រតនគិរី ស្វាយរៀង ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ៕ 

 

Daily Program

Livesteam thumbnail