ពេលទទួលទានសូមទទួលទានដោយពិចារណានិងប្រុងប្រយ័ត្ន! កុំទទួលទានដោយការស្រែកឃ្លាន
សម័យនេះមិនមែនជាសម័យដែលពលរដ្ឋយើងភាគច្រើនរស់នៅប្រឈមមុខនឹងបញ្ហាគ្រោះអត់ឃ្លាននោះទេ ពោលគឺយើងម្នាក់ៗមានហូបមានចុកគ្រប់គ្រាន់ ទោះជាស្ថានភាពសេដ្ឋកិច្ចគ្រួសារខ្លះនៅមានបញ្ហាការលំបាកដោយសារតែស្ថានភាពផ្សេងៗក៏ដោយ។
នៅក្នុងស្ថានភាពបច្ចុប្បន្ន អ្នកខ្លះពិតជាបានប្រឈមមុខនឹងការលំបាកជាប្រចាំផ្នែកជីវភាព ប៉ុន្តែជម្រើសនៅក្នុងការហូបចុកគឺពលរដ្ឋយើងភាគច្រើនគឺនៅតែមានលទ្ធភាពនៅក្នុងការជ្រើសរើសនិងការសម្រេចចិត្តនៅក្នុងសង្គមជីវភាពរបស់យើងទាំងអស់គ្នា ដូច្នេះសូមគិតគូរនិងជ្រើសរើសនូវអាហារណាដែលមានសុវត្ថិភាពសម្រាប់ខ្លួនយើងនិងសង្គមគ្រួសាររបស់យើងទាំងអស់គ្នា។
សូមយកចិត្តទុកដាក់លើអាហារដែលមានសុវត្ថិភាពចាប់ពីពេលនេះតទៅកុំដល់ពេលយើងចាប់ផ្តើមមានជំងឺបានយើងនាំគ្នាប្រុងប្រយ័ត្ន ។ ការប្រយ័ត្ននិងការបង្ការខ្លួនមុនពេលធ្លាក់ខ្លួនមានជំងឺគឺជារឿងដែលប្រសើរបំផុតហើយ ។ នៅក្នុងករណីដែលយើងប្រយ័ត្ននៅពេលដែលយើងខ្លួនឯងឫសង្គមគ្រួសាររបស់យើងមិនទាន់ធ្លាក់នៅក្នុងបញ្ហាវាមានប្រសិទ្ធភាព ហើយអាចរក្សាសុភមង្គលនិងសុវត្ថិភាពគ្រួសារ បានប្រសើរបំផុត ប៉ុន្តែបើយើងប្រយ័ត្ននៅពេលដែលយើងឈឺឫមានបញ្ហាសុខភាពហើយនោះ វាហាក់ដូចជាយឺតពេលទៅហើយ។
មកដល់ពេលនេះអាហារដែលយើងគួរតែប្រុងប្រយ័ត្ននិងលើកកំពស់ការយកចិត្តទុកដាក់ គឺពពួកអាហារនិងភេសជ្ជៈកំប៉ុង អាហារកែច្នៃ និង ទម្លាប់នៅក្នុងការហូបចុកមិនមានសុវត្ថិភាពដូចជា ប្រៃនិងផ្អែមខ្លាំងពេក ខណៈដែលអាហារដែលមានសុវត្ថិភាពជាប្រភេទអាហារដែលចំអិនតាមផ្ទះជាធម្មតា ដោយមានបន្លែ និង គ្រឿងទេសដែលមានកម្រិតរឿងប្រៃនិងផ្អែមមិនជ្រុល។
សូមកុំអោយមានការយឺតយ៉ាវយើងទាំងអស់គ្នាគួរតែយកចិត្តទុកដាក់នៅលើការហូបចុករបស់ខ្លួនយើងនិងគ្រួសារឲ្យហើយ កុំអោយយឺតយ៉ាវ ។ ក្រៅពីនោះយើងក៏គួរតែទម្លាប់ពិនិត្យសុខភាពឲ្យបានទៀងទាត់កុំចេះតែមិនអី ហើយអត់រវល់ដល់ធ្លាក់ខ្លួនទៅពេទ្យវាជ្រុលពេលទៅហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះមានការចែករំលែកច្រើន ហើយថ្មីៗនេះ មានការចែកចែកនៅលើបណ្តាញសង្គមថា ក្នុងនាមជាអ្នកជំងឺផ្ទាល់ ម្ចាស់គណនីចង់ដាស់តឿនសាធារណៈជន ថា ជីវិតពិតជាមិនទៀងទាត់។ កាលមុនខ្លួនមានរាងកាយមាំមួន ភ្នែកភ្លឺថ្លា តែឥឡូវត្រូវប្រែប្រួល ស្លេកស្លាំង និងហត់នឿយបំផុត ដោយត្រូវតស៊ូជាមួយការលាងឈាម និងម៉ាស៊ីនជួយដង្ហើមជារៀងរាល់ថ្ងៃ។
ម្ចាស់គណនីបានបន្តថា មេរៀនដ៏ឈឺចាប់នេះបង្រៀនខ្លួនថា លុយកាក់រកបានតែសុខភាពបាត់បង់ហើយពិបាករកមកវិញណាស់។ សូមបងប្អូនមេត្តាសម្រាកឱ្យគ្រប់គ្រាន់ ញ៉ាំអាហារល្អៗ និងពិនិត្យសុខភាពឱ្យទៀងទាត់។ កុំចាំទាល់តែហួសពេលដូចរូបខ្លួន ទើបដឹងថា «សុខភាពគឺជាទ្រព្យមហាសាលបំផុត»។
ជារួមមកសុខភាពគឺជាគន្លឹះសំខាន់បំផុតសម្រាប់ជីវិត និងសុភមង្គលគ្រួសារនីមួយៗដូចនេះយើងគួរធ្វើ ការជ្រើសរើសអាហារដែលមានសុវត្ថិភាព និងការថែរក្សាសុខភាពជាប្រចាំ ។ ការប្រុងប្រយ័ត្នមុនពេលឈឺ គឺមានតម្លៃលើសអ្វីៗទាំងអស់ ព្រោះពេលសុខភាពខូចហើយ ការស្តារឡើងវិញគឺពិបាក និងចំណាយច្រើន ។ ដូច្នេះយើងគ្រប់គ្នាគួរតែបង្កើនការយកចិត្តទុកដាក់លើអាហារ របៀបរស់នៅ និងការពិនិត្យសុខភាពជាប្រចាំ ដើម្បីរក្សាសុខភាពឱ្យបានល្អ និងជៀសវាងបញ្ហាដែលអាចកើតមាននៅពេលអនាគត៕