ពលរដ្ឋត្រូវប្រយ័ត្ន ហើយកុំចេះតែចង់បាន
បន្ទាប់ពីករណីចាញ់បោកយកលុយទៅទិញដីថោកៗដោយដីនោះជាដីព្រៃគ្រប់គ្រងដោយរដ្ឋឬបុគ្គលខ្លះយកដីគេទៅពុះឡូតិ៍លក់ ឥឡូវនេះមានចេញករណីថ្មីដែលសមត្ថកិច្ចទើបតែចាត់ វិធានការគឺរឿងប្រកាសចែកដីជូនពលរដ្ឋ តែតម្រូវឲ្យពលរដ្ឋបង់លុយខ្លះជាមុនដើម្បីរត់ការចែកប្លង់។
ករណីនេះកើតឡើង ហើយត្រូវបានអាជ្ញាធរបកអាក្រាតទាន់ពេល ដោយជននោះត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បញ្ជានាំខ្លួនដើម្បីសាកសួរពាក់ព័ន្ធនឹងករណី ប៉ុនប៉ងឆបោក និងញុះញុងឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ករណីប្រកាសចែកដីជូនពលរដ្ឋក្រីក្រប្រមាណ ៦ ០០០ឡូតិ៍ ដែលជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណាអាចកាប់ឆ្ការ ទន្ទ្រាន រឺឈូសឆាយលើដីនោះបានឡើយ។
តាមការផ្សព្វផ្សាយជននេះបានផ្សាយផ្ទាល់ (Live)នៅលើបណ្តាញសង្គម ដោយតាំងខ្លួនមានឋានៈជាឯកឧត្តម ប្រកាសចែកដីនៅភូមិរោងម៉ាស៊ីន ឃុំតាមសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ប៉ុន្តែអ្នកដែលចង់បានដីនោះគឺត្រូវចំណាយទៅលើសេវារដ្ឋបាលដូចជា ការឈូសឆាយដី ធ្វើផ្លូវ ប្រព័ន្ធទឹកភ្លើង ក្នុងមួយឡូតិ៍៤៥០ ដុល្លារ។
ក្រោយការប្រកាសបែបនេះ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលសុ្រកឪរ៉ាល់ ក៏បានប្រកាសករណីនេះគឺជាករណីខុសច្បាប់ ហើយនៅថ្ងៃទី២៣ ខែមេសា តំណាងអយ្យការអបសាលាដំបូងខេត្តកំពង់ស្ពឺក៏បានចេញដីការបញ្ជាឲ្យជននេះចូលខ្លួនតែម្តង។
ក្រោយពីជននេះបានប្រកាសមក មិនដឹងថាពលរដ្ឋប៉ុន្មាននាក់ហើយដែលចាញ់បោកជននេះ ហើយក៏អរគុណដែរចំពោះចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសគឺរដ្ឋបាលស្រុកដែលចេញបំភ្លឺ កុំអីបើបន្ត នោះបញ្ហានឹងកើតមានឡើងបន្ថែមទៀតហើយកាន់តែជាបន្ទុកមួយកម្រិតទៀត សម្រាប់រដ្ឋាភិបាល។
មួយប្លង់៤៥០ ដុល្លារហើយពួកគេប្រកាសចែកដល់ទៅ៦០០០ឡូតិ៍ដូច្នេះ បើក្រុមជននេះបោកបានសម្រេចពួកគេអាចរកលុយបានរហូតដល់ទី២លាន៧សែនដុល្លារយ៉ាងងាយ។
ផ្អែកលើករណីនេះប្រជាពលរដ្ឋយើងសូមប្រុងប្រយ័ត្នបើមិនដូច្នេះទេ ត្រូវជនខិលខូចបោកប្រាស់បានយ៉ាងងាយស្រួលបំផុត ។ អាជ្ញាធរដែនដីក៏ត្រូវតែតាមដាននឹងចាត់វិធានការ ឲ្យទាន់ពេលនឹងមានប្រសិទ្ធភាពដូចជាករណីនេះ ឲ្យបានកាន់តែលឿនកាន់តែប្រសើរពីព្រោះបើទុកពេលមួយថ្ងៃពួកគេមិនដឹងជាបោកពលរដ្ឋបានប៉ុន្មានពាន់ដុល្លារទេ៕